មន្ត្រី: បញ្ហាប្រឈម និងការលំបាករបស់ម្ចាស់ និងកម្មករ ក្នុងរោងចក្រមានដូចគ្នា ,សុំយល់គ្នា

បន្ទាយមានជ័យ:

ម្ចាស់ឬនិយោជកត្អូញត្អែរថា រោងចក្រនិងតំបន់សេដ្ឋកិច្ចពិសេស នៅបន្ទាយមានជ័យមានតិច តែប្រឈមខ្វះកម្មករ និងលំបាករកកម្មករ ដែលមានជំនាញពិតប្រាកដផង។ រីឯកម្មករនិយាយថា ការងារនៅតាមរោងចក្រ សហគ្រាស តំបន់សេដ្ឋកិច្ចរបស់បរទេសនិងខ្មែរនៅក្នុងខេត្តមានប្រាក់ខែ ប្រាក់ឈ្នួលទាបជាងឆ្ងាយបើធៀបនឹងនៅប្រទេសថៃ។
   នេះជាការលើកឡើងរបស់ការសិក្សាស្រាវជ្រាវ និងការពិភាក្សាលើកដំបូងមួយ របស់អង្គការដៃគូអភិវឌ្ឍន៍ ,មន្ត្រីអាជ្ញាធរដែនដី មន្ទីរជំនាញនិងផ្នែកឯកជនជាតំណាងរោងចក្រ តំបន់សេដ្ឋកិច្ចពិសេសនានាកាលពីថ្ងៃទី១១ឧសភាឆ្នាំ២០១៦ នាសណ្ឋាគារលី ហេងឆាយក្រុងប៉ោយប៉ែត។
    លោកសេវ៉ាន វីត (Mr SevanVith)ជំនួយការគម្រោងសេដ្ឋកិច្ច និងរោងចក្រនៃគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច តំបន់របស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍អាល្លឺម៉ង់-ស្វីស(GIZ) អោយដឹងថា :បំណងនៃជំនួបពិភាក្សាគ្នាលើកដំបូងនេះ គឺទី១-គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់រ៉េត៣(RED 3) សម្រាប់វិស័យឯកជនក្នុងក្រុមហ៊ុនរោងចក្រនិងតំបន់សេដ្ឋកិច្ចពិសេសគឺរួមចំណែកជម្រុញទាញសក្តានុពលសេដ្ឋកិច្ចនិងជីវភាពដូចជាជួយអោយនិយោជកនិងនិយោជិកបានភាពឈ្នះឈ្នះ ហើយរស់នៅ ធ្វើការជាមួយគ្នាដោយសុខស្រួល។នេះជាការជួយកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ។
 និងទី២-ជួយផ្តល់ទំនាក់ទំនងនិងកិច្ចសហការរវាងម្ចាស់រោងចក្រ ក្រុមហ៊ុននិងតំបន់សេដ្ឋកិច្ចពិសេស។ពោលគឺជាគន្លឹះក្នុងការដោះស្រាយបញ្ហានានារបស់ពួកគេ។
     លោកទទួលស្គាល់ថា ក្រោយការសិក្សាមួយជាលើកដំបូងរបស់ខ្លួន ជាមួយផ្នែកសាធារណ:និងផ្នែកឯកជន នៅខេត្តបន្ទាយមានជ័យថា ពេលនេះបណ្តារោងចក្រនិងតំបន់សេដ្ឋកិច្ចពិសេស មានតិចនៅឡើយនោះត្រូវការនិយោជិក កម្មករជាង៤.០០០នាក់ តែខ្វះខាតផង។ចុះទៅមុខទៀត បើកការវិនិយោគកើនឡើងត្រូវ កម្លាំងពលកម្មដល់ជាង៤០.០០០នាក់នោះ តើនឹងត្រូវជួបបញ្ហាប្រឈមយ៉ាងណា?
   តំណាងរោងចក្រ ៦និងតំបន់សេដ្ឋកិច្ចពិសេស២ក្នុងខេត្តត្អូញត្អែរថា :និយោជក កម្មករដែលចូលមករកការងារធ្វើក្នុងរោងចក្រ និងតំបន់មានសភាពចេញ-ចូលដូចទឺកឡើងទឺកស្រក។អ្នកខ្លះចូលបានមួយរយ:ខ្លី ក៏រត់ចោល ក៏ចំណាកស្រុក។
  ក្នុងនោះភាគច្រើននិយោជិក កម្មករមិនសូវខិតខំពង្រីក អភិវឌ្ឍន៍ចំណេះជំនាញខ្លួនអោយទាន់ការវិវត្តិន៍បច្ចប្បន្នភាពការងារ។ល។
    ប៉ុន្តែកម្មករ និយោជិកមួយចំនួននិយាយថា:ការងារក្នុងរោងចក្រ សហគ្រាស តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេតហតបន្ទាយមានជ័យឬក្នុងកម្ពុជា មានប្រាក់ខែនិងប្រាក់ឈ្នួលទាបជាងឆ្ងាយបើធៀបនឹងនៅប្រទេសថៃ។ដូច្នេះ បូករួមនឹងមេការនិងថៅកែមានឥរិយាបទមិនល្អផង ទើបពួកគេនាំគ្នាចំណាក់ស្រុកទៅធ្វើការនៅថៃល្អជាង។
    លោកបណ្ឌិតភីតធឺ កូពីងហ្គើ (Dr Perter Koeppinger)ទឺប្រឹក្សាអភិវឌ្ឍន៍និងអភិបាលកិច្ចនៃGIZនិយាយដែរថា:កិច្ចពិភាក្សានេះ បានលទ្ធផល:ទី១-ផ្នែកទាំង២គឺផ្នែកសាធារណ:និងផ្នែកឯកជនអាចទំនាក់ទំនងគ្នាដោយផ្ទាល់ ហើយបង្កើនកិច្ចសហការការល្អឡើងនឹងគ្នា។ទី២-ពួកគេអាចបង្កើតជាក្រុមនិយាយគ្នា ហើយជួយអោយនិយោជកនិងនិយោជិក កម្មករធ្វើការជាមួយគ្នា គោរពនិងបែងចែកផលប្រយោជន៍គ្នា។
  លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិយាយថា:គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់(រ៉េត៣)នៃGIZ និងអាជ្ញាធរនិងសមត្ថកិច្ច ក៏ដូចផ្នែកឯកជននៅកម្ពុជាមានបំនង និងសកម្មភាពល្អក្នុងជួយរកវិធីសាស្ត្រ កាត់បន្ថយភាពក្រីក្រតាមរយ:ការរកកម្លាំងពលកម្ម កម្មករមប្រើការងារក្នុងរោងចក្រ ក្រុមហ៊ុន តំបន់សេដ្ឋកិច្ចពិសេសអោយបានគ្រប់គ្រាន់និងមានគុណភាព។
  លោកលី សារី និយាយបន្តថា: ឱកាសនេះក៏ជួយពន្យល់អោយប្រជាជនកម្ពុជា ងាកមករកការងារធ្វើក្នុងស្រុក ហើយកាត់បន្ថយការធ្វើចំណាកស្រុកដែលមិនស្របច្បាប់។និងប្រសើរជាងនេះ កិច្ចពិភាក្សានេះនឹងជួយអោយម្ចាស់ក្រុមហ៊ុន រោងចក្រ តំបន់សេដ្ឋកិច្ចពិសេសនិងកម្មករ និយោជិកធ្វើការជាមួយគ្នាដោយសុខសប្បាយ ហើយចេះដោះស្រាយបញ្ហាប្រឈមនិងការលំបាកជាមួយគ្នា៕