សុំអាជ្ញាធរកម្ពុជា ជួយករណីអាជ្ញាធរថៃ ចុះត្រួតពិនិត្យនិងទប់ស្កាត់ ទំនិញក្លែងម៉ាកយីហោ: សម្លេងចុះខ្សោយ

បន្ទាយមានជ័យ:

 អាជ្ញាធរខេត្តស្រះកែវ និងសមត្ថកិច្ចចម្រុះរួមមាន គយ មន្ត្រីDSI(ក្រុមទប់ស្កាត់ទំនិញរំលោភកម្មសិទ្ធិ បញ្ញា) និងមន្ត្រីមន្ទីរពាណិជ្ជកម្មជាដើម បានចុះត្រួតពិនិត្យតាមតូបលក់ដូររបស់អាជីវករខ្មែរ និង ដាក់ចេញនូវវិធានការទប់ស្កាត់ ឲ្យខានតែបានរាល់ទំនិញដែលក្លាយម៉ាកយីហោ អោយអស់ពីផ្សាររោងគ្លឿ ។
    ការត្រូតពិនិត្យនិងបង្ក្រាបនោះធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ។
    ប្រតិបត្តិការបែបនេះ មិនត្រឹមតែធ្វើនៅផ្សាររោងក្លឿនៅឈមនឹងច្រកទ្វារអន្តរជាតិប៉ុណ្ណោះទេ តែថៃក៏ត្រូវធ្វើនៅតាមផ្សារថៃទាំងអស់នៅជាយដែនខ្លួនជាមួយកម្ពុជានិងប្រទេសអាស៊ានដទៃទៀត។
   នេះជាការសម្អាតដើម្បីត្រៀមខ្លួនចូលសហគមសេដ្ឋកិច្ចអាស៊ាននាពេលខាងមុខ។
     យោងប្រភពពីអាជីវករខ្មែរនៅផ្សាររោងក្លឿអោយដឹងល្ងាចថ្ងៃទី១១ឧសភាថា:​ប្រតិបត្តិការចុះត្រួតពិនិត្យនេះគឺដឹកនាំដោយលោក ផាការ៉ាកថន ធៀនឆៃ(Dr.Phakarathorn Theanchai )អភិបាលខេត្តស្រះកែវតែម្តង។
    មន្ត្រីសមត្ថកិច្ចថៃ បានធ្វើការត្រួតពិនិត្យនៅប្លុកដែលអាជីវករថៃ និងកម្ពុជាធ្លាប់លក់ដូរទំនិញក្លែងក្លាយ (ទំនិញក្លែងម៉ាកយីហោឬរំលោកម្មសិទ្ធិបញ្ញា) គឺនៅចំនុចផ្សារអគារដំបូលខៀវ ដើម្បីរកទំនិញដែលល្មើសច្បាប់ទាំងនោះ និងដាក់វិធានការទប់ស្កាត់តាមឱសានវាទរបស់គេ។
​ គួររំលឹកថា កាលពីថ្ងៃទី៦ខែឧសភា ឆ្នាំ២០១៦កន្លងមកមន្ត្រីជំនាញគយនិងរដ្ឋាករថៃប្រចាំច្រកទ្វារអន្តរជាតិក្លងលឹកក៏បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ ណែនាំ និងផ្សព្វផ្សាយដល់អាជីវករខ្មែរ-ថៃដែលកំពុងលក់ដូរ ក្នុងផ្សាររោងគ្លឿត្រូវបញ្ឈប់ការលួចចរាចរណ៍លក់ដូរទំនិញដែលរំលោភកម្មសិទ្ធិបញ្ញាបន្តទៀត។
     ទន្ទឹមគ្នានោះក៏បានរកឃើញតូបដែលលក់ទំនិញក្លែងម៉ាកយីហោយ៉ាងតិច១.២០០កន្លែង ដែលលក់ទំនិញទាំងនេះ ។
    ប៉ុន្តែមកដល់ពេលនេះមានតូច ជាច្រើនបានបិទទ្វារនិងឈប់លក់។ ប៉ុន្តែក៏នៅមានតូប ស្តង់ប្រមាណ៣៦០ទៀតនៅលក់បន្ត ។មានន័យថា មានការថយចុះ៧០% គឺអាជីវករបានបញ្ឈប់ទៅជាបន្តបន្ទាប់។
​ ការថយចុះនៃការលក់ទំនិញ រំលោភកម្មសិទ្ធិបញ្ញនេះ គឺបន្ទាប់ពីត្រូវបានសមត្ថិកិច្ចថៃ បានបង្ក្រាបបាន៣៩ករណី កន្លងមកដោយដកហូតបានទំនិញ៣៩.៤៩០ប្រភេទ សរុបជាទឹកប្រាក់៩.១២៨.៤៥០បាត(ជាង៩លានបាត)កាលពីខែមីនា។ 
   សម្រាប់ខែមេសាកន្លងទៅថ្មីៗនេះសមត្ថកិច្ចថៃបានបង្ក្រាបទំនិញរបស់អាជីវករខ្មែរ៤០ករណី ដកហូតបានទំនិញ៦៨៩ប្រភេទ​ សរុបជាទឹកប្រាក់៨៥.១៩០បាត(ជាង៨ម៉ឺនបាត)។
​ លោក ផាការ៉ាកថន ធៀនឆៃ អភិបាលខេត្តស្រះកែវបានថ្លែងប្រាប់អាជីវករខ្មែរ ថៃនិងអ្នកសារព៍ត័មានថា: ការចុះត្រួតពិនិត្យនេះ គឺដើម្បីទប់ស្កាត់រាល់ទំនិញ ដែលល្មើសច្បាប់ គឺទំនិញរំលោភកម្មសិទ្ធិបញ្ញា ប៉ុន្តែលើកនេះពុំបានរកឃើញទំនិញអ្វីខុសឆ្គងទេ។
     លោកសំណូមពរដល់អាជីវករខ្មែរ សូមឈប់លក់ទំនិញក្លែងម៉ាកយីហោបន្តទៀត គួរងាកទៅលក់ផលិតផលស្របច្បាប់វិញ ទើបមិនធ្វើឲ្យខាតបង់លុយកាក់។
     ​ ប្រតិកម្មនឹងប្រតិបត្តិការនេះ ក្រុមអាជីវករខ្មែរនិងថៃមួយចំនួនបានសម្តែងការតវ៉ានិងមិនចិត្តសោះ ព្រោះពួកគេបានបោះទុនជាច្រើនដើម្បីរកស៊ីលើទឹកដីថៃ ហើយទំនិញទាំងនេះគឺនាំចូលសុទ្ធតែបានបង់ពន្ធត្រឹមត្រូវ ពេលដាក់លក់បែរជាថាទំនិញខុសច្បាប់ទៅវិញ។
     អាជីវករខ្មែរសុំអាជ្ញាធរកម្ពុជា ជួយអន្តរាគន៍ម្តងទៀត ដូចដែលធ្លាប់ជួយកន្លងមក។
      ប៉ុន្តែមន្ត្រីអាជ្ញាធរដែនដីនៅប៉ោយប៉ែតនិយាយថា :លទ្ធភាពជួយពលរដ្ឋកម្ពុជា បានដូចមុននៅស្តួចស្តើងណាស់ ព្រោះបុគ្គលអាជីវករខ្លះខិលខូច ហើយប្រព្រឹត្តខុសម្តងហើយម្តងទៀត។រឿងគាត់ដដែលៗ ដោះមិនចេះចប់។
      ទោះយ៉ាងណាអាជីវករខ្មែរទទូចថា :ក្នុងការតាំងលក់ទំនិញនៅផ្សារថៃ ពួកខ្លួនត្រូវបង់ចំណាយយ៉ាងច្រើន ដូចជា:តូបក៏ឡើងថ្លៃ ភ្លើងក៏ឡើងថ្លៃ ថ្លៃពន្ធ ថ្លៃជួលតូប /ស្តង់ក្រៅពីនេះក៏ត្រូវបង់ថ្លៃការពារទៀត៕