គណៈ​ពង្រឹង​ការងារ​ចុះ​ជួយ​ខេត្ត​កែប អំពាវនាវ​ដល់​ប្រជាពលរដ្ឋ បន្ត​ផ្តល់​អំណោយ​សប្បុរសធម៌​ដើម្បី​ជំរុញ​ផ្គត់ផ្គង់​ទឹក​ជូន​ពលរដ្ឋ

គណៈ​ពង្រឹង​ការងារ​ចុះ​ជួយ​ខេត្ត​កែប អំពាវនាវ​ដល់​ប្រជាពលរដ្ឋ បន្ត​ផ្តល់​អំណោយ​សប្បុរសធម៌​ដើម្បី​ជំរុញ​ផ្គត់ផ្គង់​ទឹក​ជូន​ពលរដ្ឋ



ភ្នំពេញ ៖ ប្រធាន​គណៈ​ពង្រឹង​របស់​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​កែប បាន​អំពាវនាវ​ដល់​បណ្តា​ក្រុមហ៊ុន​វិស័យ ឯកជន ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត និង​នៅ​ទូទាំង​ប្រទេស បន្ត​ផ្តល់​ជា​ថវិកា​ឬ​អំណោយ​សប្បុរស ធម៌​ផ្សេងៗ ដើម្បី​ជំរុញ​ដល់​ការអភិវឌ្ឍន៍​ផ្គត់ផ្គង់​ទឹក ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​នេះ។

លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្ត​កែប បាន​លើក​ឡើង នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្តារ​ស្រះ ក្នុង​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក​ស្រុក​ដំណាក់​ចង្អើរ នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ២០១៦​ថា ដើម្បី​ជំរុញ​បង្កើន​ភាព​ងាយស្រួល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ទទួល​បាន​ទឹក​សម្រាប់​ប្រើប្រាស់​គ្រប់គ្រាន់ តាមរយៈ​ការ​ជីក​ជា​អណ្តូង និង​ស្រះ​ទឹក រាជ​រដ្ឋាភិ​បាល​កម្ពុជា​តែងតែ​យកចិត្តទុកដាក់ ជាក់​ស្តែង​សមិទ្ធផល​ដែល​បើក​ការដ្ឋាន​ស្តារ​ស្រះ​នៅ​ពេល​នេះ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ផ្តល់​ជូន​តាមរយៈ​ក្រុមការងារ​ចុះជួយ​ខេត្ត ជីក ​ឬ ​ស្តារ​ស្រះ​ឡើងវិញ ដើម្បី​ឲ្យ ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ដែល​កំពុង​ជួប​បញ្ហា​កង្វះ​ទឹក​នៅ​ពេល​នេះ ធ្វើ​យ៉ាង​ណា​ជំរុញ ការអភិវឌ្ឍន៍​ឲ្យ​ពួកគាត់ មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​ទៅ​ពេលអនាគត។

ដើម្បី​ជំរុញ​ឲ្យ​មាន​ទឹក​ប្រើប្រាស់​គ្រប់​រដូវ​គ្រប់​ពេល លោក​ប្រធាន​ក្រុមការងារ ក៏បាន​អំពាវនាវ ដល់​បណ្តា​ក្រុមហ៊ុន ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត និង​នៅ​ទូទាំង​ប្រទេស​ក្តី មេត្តា​ជួយ​ផ្តល់​ជា​ថវិកា ឬ​ជា​អំណោយ​សប្បុរសធម៌​ផ្សេងៗ ដើម្បី​យក​មក​អភិវឌ្ឍន៍​ជា​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក ដូចជា​ស្រះ អណ្តូង ដើម្បី​យក​ទៅ​ចែក​ជូន ស្របតាម​យុទ្ធនាការ​សម្តេច​តេ​ជោ ចុះ​ចែក​ទឹក​ជូន​ប្រជាជន នៅ​ពេល​ដែល ពួកគាត់​កំពុង​ខ្វះខាត​នេះ។

ដោយឡែក​នៅ​ក្នុង​ពិធី​បើកការ​ដ្ឋាន​សាងសង់​សាលារៀន នៅ​ក្នុង​ភូមិ​ចម្ការ​៣ ឃុំ​ពងទឹក នៅក្នុង ថ្ងៃ​ដដែល​នេះ​ដែរ លោក​ទេសរដ្ឋមន្ត្រី បានស្នើ​ឲ្យ​អាជ្ញាធរ​នៅ​មូលដ្ឋាន ត្រូវ​ចុះ​ពិនិត្យមើល​សកម្ម ភាព​ការ​កង្វះ​ទឹក​នៅ​តាម​មូលដ្ឋាន​នីមួយៗ បើ​មាន​ករណី​កើតឡើង ត្រូវ​រួមគ្នា​ដោះស្រាយ​ឲ្យ​បាន ល្អ​ប្រសើរ និង​ទាន់​ពេលវេលា ហើយ​នៅ​ក្នុងនេះ ក៏បាន​ចែក​ទឹក​សុទ្ធ​ជូន​ប្រជាពលរដ្ឋ​ដោយ​ក្នុង​ម្នាក់ៗ ទទួល​បាន​ទឹក​សុទ្ធ​១​កេះ ក្រ​ម៉ា​១ ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ទាំង​២​កន្លែង។

ទាក់ទិន​នឹង​ការ​ផ្គត់ផ្គង់​ទឹក​នេះ បើ​យោង​តាម​របាយការណ៍​លោកស្រី ទឹម ចា​ន្នី អភិបាលស្រុក​ដំណាក់​ចង្អើរ បាន​បង្ហាញ​ឲ្យ​ដឹង​ថា នៅ​ក្នុង​មូលដ្ឋាន​ស្រុក​ដំណាក់​ចង្អើរ មាន​អណ្តូង​ទឹក​ចំនួន​២ កន្លែង ជីក​បាន​ស្រះ​បាន​ចំនួន​២៨​កន្លែង និង​មាន​គម្រោង​ជីក​បន្ត​ចំនួន​១៨​គម្រោង ក្នុងនោះ សម្រាប់​យុទ្ធនាការ​សម្តេច​តេ​ជោ បាន​ស្តារ​ស្រះ​ចំនួន​៧​កន្លែង និង​គ្រោង​ស្តារ​ចំនួន​២​កន្លែង​ទៀត ក្នុង យុទ្ធនាការ​នេះ៕

គណៈ​ពង្រឹង​ការងារ​ចុះ​ជួយ​ខេត្ត​កែប អំពាវនាវ​ដល់​ប្រជាពលរដ្ឋ បន្ត​ផ្តល់​អំណោយ​សប្បុរសធម៌​ដើម្បី​ជំរុញ​ផ្គត់ផ្គង់​ទឹក​ជូន​ពលរដ្ឋ