រឿងប្តឹងពីបទបរិហាកេរ្តិ៍ៈ លោកអ៊ូ វិរៈ ចង់ជួបចរចា ជាមួយគណបក្សប្រជាជនកម្ពុជា ហួសពេលហើយ

ភ្នំពេញ:

លោកអ៊ូ វិរៈ អតីតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាប្រធានអង្គការវេទិកាអនាគត បានស្វែងរកការជួបចរចាជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីពន្យល់ឲ្យបានដឹងច្បាស់ទាក់ទងបណ្តឹងដែលបានប្តឹងរូបលោកពីបរិហាកេរ្តិ៍ជាសាធារណៈ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ហួសពេលហើយ គឺទុកឲ្យតុលាការជាអ្នកសម្រេចសេចក្តីចុះ។
លោកអ៊ូ វិរៈ បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា បើសិនជាអាចមានឱកាសជជែកគ្នាជាមួយគណបក្សប្រជាជនកម្ពុជា ដោយផ្ទាល់ គឺជារឿងល្អ។ ហើយអ្វីដែលគណបក្សប្រជាជនកម្ពុជា បានប្តឹងរូបលោក គឺជាការយល់ច្រឡំ។
លោកអ៊ូ វិរៈ អតីតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាប្រធានអង្គការវេទិកាអនាគតបានចូលទៅបង្ហាញខ្លួនឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ពាក់ព័ន្ធបណ្តឹងបរិហាកេរ្តិ៍ជាសាធារណៈ ដែលមានលោកសុខ ឥសាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាដើមបណ្តឹង។
មុនចូលឆ្លើយបំភ្លឺ លោកអ៊ូ វិរៈ បានអះអាងថា លោកមិនមានការព្រួយបារម្ភពីការចាប់ខ្លួននោះទេ ហើយការឃាត់ខ្លួន ឬមិនឃាត់ខ្លួនអាស្រ័យលើតុលាការ។
បន្ទាប់ពីឆ្លើយបំភ្លឺជូនព្រះរាជអាជ្ញារួច លោកអ៊ូ វិរៈ ត្រូវបានអនុញ្ញាតឲ្យចេញមុខខាងក្រៅតុលាការវិញ ដោយមិនមានការចាប់ខ្លួននោះទេ។
ចំណែកលោកសុខ ឥសាន សមាជិកគណៈកម្មាធិការកណ្តាល និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ កាលពីរសៀលថ្ងៃទី១២ ខែឧសភា ថា រឿងនេះ រឿងដំណើរការវាទៅហើយ ធ្លាក់ដល់ដៃតុលាការហើយ លោកអត់មានការជួបអីទេ ហើយអាស្រ័យលើតុលាការកាត់សេចក្តីយ៉ាងម៉េច។
សូមជម្រាបថា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ លោកសុខ ឥសាន្ត ដែលជាដើមបណ្តឹង បានចូលទៅបំភ្លឺនៅតុលាការពាក់ព័ន្ធបណ្តឹងប្តឹងលោកអ៊ូ វិរៈ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ដែលបានបរិហាកេរ្តិ៍ជាសាធារណៈតាមវិទ្យុអាស៊ីសេរីធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាព របស់គណបក្សប្រជាជនកម្ពុជា។
លោក សុខ ឥសាន្ត បញ្ជាក់ថថា ការដែលលោកអ៊ូ វិរៈ និយាយគឺវាពាក់ព័ន្ធ និងការបរិហាកេរ្តិ៍គណបក្សប្រជាជនកម្ពុជា ដែលគណបក្សប្រជាជនកម្ពុជា មិនមានផែនការ ឬមួយឈរពីក្រោយបញ្ហាអ្វីផ្សេងៗ ដែលពាក់ព័ន្ធដល់រឿងឯកជនគេនោះទេ។ ហើយសំណូមពរដល់តុលាការឲ្យរកយុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជា ដែលរងគ្រោះដោយការនិយាយស្តីរបស់លោកអ៊ូ វិរៈ ពាក់ព័ន្ធដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជា។ ហើយលោកទាមទារជាសំណងជំងឺចិត្ត ចំនួន៤០០លានរៀល ហើយការសម្រេចចាត់វិធានការយ៉ាងណា វាអាស្រ័យលើតុលាការ៕