លោក ឃឹម ប៊ុន​សុង បន្ទោស​មន្ត្រី​ខ្លួន​រឿង​សម្បូរ​សំណង់​ខុសច្បាប់​ច្រើន​

​សៀមរាប​៖ អភិបាលខេត្ត​សៀមរាប លោក ឃឹម ប៊ុន​សុង បាន​ស្តីបន្ទោស​ចំៗ​លើ​មន្ត្រី​សូ​រិ​យោ​ដី និង​សំណង់​។ ការស្តីបន្ទោស​នេះ ក្រោយពេល​លោក​អភិបាលខេត្ត​បាន​ពិនិត្យឃើញថា មាន​សំណង់​ខុសច្បាប់​ជាច្រើន​បាន​សង់​ជា​ហូរហែរ និង​មិន​ត្រូវបាន​មន្ត្រី​ជំនាញ​ណា ចុះ​ហាមឃាត់​។

​ក្នុង​ពិធី​ផ្ទេរតំណែង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង​សុរិយោដី​ថ្មី​នៅ​ព្រឹក​មិញ​នេះ អភិបាលខេត្ត​សៀមរាប​លើកយក​ករណី​ការឃុបឃិត លើ​ការ​ឲ្យ​មាន​សំណង់​ខុសច្បាប់ ក្នុង​ទឹកដី​ខេត្តសៀមរាប​។ លោក ឃឹម ប៊ុន​សុង បាន​និយាយ​ក្នុង​អង្គប្រជុំ​ថា នឹងមាន​សំណង់​ខុសច្បាប់​ណាមួយ​ត្រូវបាន​សង់​ឡើយ លើកលែង​តែមាន​ការបើក​ដៃ​ឲ្យ​សង់​ពី​មន្ត្រី​។ លោក​អភិបាល​បន្ថែមថា​៖ «​យើង​ត្រូវ​ទទួលស្គាល់ថា​ខ្លួន​យើង​។ វា​ជា​ការពិត​។  

​ប្រជាជន​ធម្មតា មិនអាច​សង់​សំណង់​ទាំងនោះ​បានទេ ប៉ុន្តែ​អ្នក​ដែល​ធ្វើបាន គឺជា​មនុស្ស​មិនធម្មតា​»​។ ត្រង់ចំណុច​នេះ​លោក​ពន្យល់ថា​៖« កំហុស​មិនមែន​កើតឡើង​ដោយ​អ្នក​សង់​ទេ គឺ​កើតឡើង​ដោ​មួយចំណែក​បូក (​បើក​ឲ្យ​ធ្វើ​)​។ យើង​បូក​ដើម្បី​ផង​ប្រយោជន៍​។​

​ក្រៅពី​និយាយ​រឿង​សំណង់​ខុសច្បាប់​នេះហើយ លោក ឃឹម ប៊ុន​សុង ក៏បាន​និយាយ​រឿង​ភាពយឺតយ៉ាវ​លើ​សេវា​ដល់​ប្រជាពលរដ្ឋ​ផងដែរ​។ តាម​ការបញ្ជាក់​របស់​លោក​អភិបាលខេត្ត មាន​ឯកសារ​ជាច្រើន ដែល​មន្ត្រី​សុរិយោដី បាន​ផ្អឹប​មិន​ព្រម​ចេញ​ឲ្យ​ប្រជាពលរដ្ឋ​។ លោក ឃឹម ប៊ុន​សុង ស្នើ​ឲ្យ​មន្ត្រី​សុរិយោដី កែប្រែ និង​ត្រូវធ្វើ​ការងារ​អោយមាន​តម្លាភាព​។ លោក​ឲ្យ​មន្ត្រី​គួរ​ឆ្លុះកញ្ចក់ ដុះក្អែល​ដោយ​ខ្លួនឯង កុំ​ឲ្យ​អ្នកដទៃ​មក​ដុះ​ឲ្យ​។​

​គួរ​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​១២ ឧសភា​នេះ មានការ​តែងតាំង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តសៀមរាប​ថ្មី ដោយ​លោក ហ៊ី សាយ ត្រូវ​មក​ជំនួស​លោក សែ សាមុត ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី​៕

​សូម​ស្តាប់​សំឡេង​លោក ឃឹម ប៊ុន​សុង​