កសិករ​ខេត្ត​បាត់ដំបង​ស្នើ​ឲ្យ​អាជ្ញាធរ​បើក​ទំនប់​អាង​កំពីងពួយ​យក​ទឹក​បញ្ចូល​ស្រែ​រាប់​ពាន់​ហិកតារ

ស្រូវ​ប្រាំង​រាប់​ពាន់​ហិកតារ​របស់​ប្រជា​កសិករ​នៅ​ស្រុក​បាណន់ និង​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង កំពុង​ក្រៀម​ស្វិត និង​រក​ងាប់​បណ្ដើរៗ ដោយសារ​គ្មាន​ទឹក​បញ្ចូល​ស្រែ។ អ្នក​ភូមិ​ស្នើ​ឲ្យ​អាជ្ញាធរ​ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ បើក​ទំនប់​ទឹក​អាង​កំពីងពួយ​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​យក​ទឹក​បញ្ចូល​ស្រែ​ជួយ​សង្គ្រោះ​ដើម​ស្រូវ​ទាន់​ពេលវេលា។ មេ​ឃុំ​តាគ្រាម មាន​ប្រសាសន៍​ថា មន្ត្រី​ធនធាន​ទឹក មិន​អាច​បើក​ទ្វារ​បង្ហូរ​ទឹក​ជូន​ពលរដ្ឋ​បាន​ឡើយ។

ប្រជា​កសិករ​នៅ​ស្រុក​បាណន់ កំពុង​ព្រួយ​បារម្ភ​ក្រែង​ដើម​ស្រូវ​របស់​ពួក​គាត់​ងាប់​អស់ ហើយ​ធ្វើ​ឲ្យ​គ្មាន​ប្រាក់​សង​បំណុល​ដែល​បាន​ខ្ចី​គេ​យក​មក​ធ្វើ​ស្រែ។

ពលរដ្ឋ​មួយ​ចំនួន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​កន្លែង​ដី​ស្រែ ភូមិ​ប៉ោយស្វាយ ឃុំ​តាគ្រាម ស្រុក​បាណន់ នៅ​ថ្ងៃ​ទី​១២ ឧសភា ថា ពួក​គាត់​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ដំណាំ​ស្រូវ ជាពិសេស​គឺ​ស្រូវ​ប្រាំង ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។ អ្នក​ភូមិ​អះអាង​ថា កន្លង​មក​ពួក​គាត់​បាន​ផ្ដិត​មេដៃ​ដាក់​ទៅ​អាជ្ញាធរ​ស្រុក និង​ខេត្ត​បាត់ដំបង ដើម្បី​ឲ្យ​បើក​ទ្វារ​បង្ហូរ​ទឹក​ចេញ​ពី​អាង​កំពីងពួយ ដាក់​បញ្ចូល​ស្រែ​របស់​ពួក​គាត់ តែ​ពុំ​ទទួល​បាន​លទ្ធផល។

អ្នក​ស្រុក​លើក​ឡើង​ថា ប្រសិន​បើ​អាជ្ញាធរ​បើក​ទំនប់​ទឹក​អាង​កំពីងពួយ ជួយ​ពួក​គាត់​បាន​ទឹក​ប្រើប្រាស់ នោះ​ដំណាំ​ស្រូវ​នឹង​មិន​ងាប់​ឡើយ៖ «ខ្ញុំ​សូម​ឲ្យ​ថ្នាក់​លើ​ទាំងអស់ មេត្តា​ជួយ​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​ខ្ចី​ប្រាក់​គេ​យក​មក​ធ្វើ​ស្រែ ដូចជា​ទិញ​ជី និង​ពូជ ជាដើម។ ម្យ៉ាង​ទៀត ប្រជាពលរដ្ឋ​នៅ​ឃុំ​តាគ្រាម រាប់​ពាន់​គ្រួសារ គឺ​ធ្វើ​ស្រែ​អត់​ទឹក​ដូច​គ្នា»

ដើម​ស្រូវ​របស់​ប្រជា​កសិករ​នៅ​ទីកន្លែង​ខ្លះ កំពុង​ធ្វើ​ខ្លួន និង​ត្រៀម​ចេញ​ផ្លែ​បណ្ដើរៗ ក្នុង​នោះ​ស្រែ​មួយ​ចំនួន ស្លឹក​ឡើង​ក្រហម និង​ក្រៀម​ស្វិត ហើយ​អាច​នឹង​ងាប់​ក្នុង​រយៈពេល​ប្រមាណ ៣​សប្ដាហ៍​ទៀត ប្រសិន​បើ​ពុំ​មាន​ទឹក​បញ្ចូល​ស្រែ​ទាន់​ពេល។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មេ​ឃុំ​តាគ្រាម លោក អឹម ប៊ុនយូ មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ដំណាំ​ស្រូវ​របស់​ប្រជា​កសិករ​នៅ​ឃុំ​តាគ្រាម ពិត​ជា​ខ្វះ​ទឹក​បញ្ចូល​ស្រែ​ប្រាកដ​មែន។ លោក​អះអាង​ថា អាជ្ញាធរ​ឃុំ និង​ស្រុក បាន​ស្នើសុំ​ទៅ​ខាង​មន្ទីរ​ធនធាន​ទឹក ដើម្បី​បើក​ទឹក​បញ្ចូល​ស្រែ​របស់​អ្នក​ភូមិ​ដែរ តែ​ផ្ដល់​ទឹក​បាន​រយៈពេល ៤៨​ម៉ោង មិន​គ្រប់គ្រាន់​សម្រាប់​ស្រោចស្រព។ លោក​បន្ថែម​ថា ខាង​មន្ទីរ​ធនធាន​ទឹក​ខេត្ត​បាត់ដំបង មិន​អាច​បើក​ទ្វារ​ទឹក​ឲ្យ​អ្នក​ភូមិ​បាន​ទៀត​ទេ៖ «ខាង​មន្ទីរ​ធនធាន​ទឹក លោក​គិត​ថា​យើង​ជួប​បញ្ហា​មួយ ដោយសារ​ជួប​គ្រោះ​ធម្មជាតិ បាន​ប៉ះពាល់​គ្រប់​ខេត្ត ដូចជា​ខេត្ត​បន្ទាយមានជ័យ ជាដើម។ ហើយ​ខេត្ត​បន្ទាយមានជ័យ ក៏​យក​ទឹក​ពី​អាង​កំពីងពួយ សម្រាប់​ប្រើប្រាស់​ដែរ»

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ស្ថានភាព​បែប​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​គប្បី​បើក​ទ្វារ​ទឹក​ជួយ​ដល់​ប្រជា​កសិករ​ជា​មុន​សិន ដើម្បី​សម្រួល​កុំ​ឲ្យ​ដំណាំ​ស្រូវ​របស់​ពួក​គាត់​ងាប់ ហើយ​ធ្វើ​ឲ្យ​អ្នក​ស្រុក​ជំពាក់​បំណុល​គេ​ទៅ​ថ្ងៃ​ខាង​មុខ៖ «ព្រោះ​គាត់​ចំណាយ​លុយ​អស់​រាប់​ពាន់​ដុល្លារ​ហើយ។ ដូច្នេះ អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​តែ​ជួប​ពិភាក្សា​គ្នា​ជាមួយ​ប្រជាពលរដ្ឋ ថា​តើ​យើង​អាច​ផ្ដល់​ទឹក​ឲ្យ​គាត់​បាន​ខ្លះ​ទេ? ព្រោះ​មាន​ភ្លៀង​ធ្លាក់​ខ្លះ​ហើយ អ៊ីចឹង​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ខាតបង់​ថែម​ទៀត»

មេ​ឃុំ​តាគ្រាម ឲ្យ​ដឹង​ថា ដំណាំ​ស្រូវ​របស់​ប្រជា​កសិករ​ដែល​កំពុង​ត្រូវ​ការ​ទឹក​ស្រោចស្រព​នោះ មាន​ផ្ទៃ​ដី​ជាង ៦​ពាន់​ហិកតារ ស្ថិត​នៅ​ក្នុង ៥​ឃុំ គឺ​ឃុំ​អូរតាគី ឃុំ​ជ្រៃ ឃុំ​ឪម៉ាល់ នៃ​ស្រុក​ថ្មគោល ឃុំ​ភ្នំសំពៅ និង​ឃុំ​តាគ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង។ ក្នុង​ចំណោម​ឃុំ​ទាំង​នោះ ឃុំ​តាគ្រាម មាន​ដំណាំ​ស្រូវ​ច្រើន​ជាង​គេ គឺ​មាន​ផ្ទៃដី​ជាង ៣.៣០០​ហិកតារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។