រន្ទះ​គ្មាន​ត្រាប្រណី​បាញ់​ប្តី​ប្រពន្ធ​មួយ​គូ​ ​ស្លាប់ប្តី​ និង​កូន​ក្នុង​ពោះ​ប្រពន្ធ​៥ខែ​យ៉ាង​អាសូរ

រន្ទះ​គ្មាន​ត្រាប្រណី​បាញ់​ប្តី​ប្រពន្ធ​មួយ​គូ​ ​ស្លាប់ប្តី​ និង​កូន​ក្នុង​ពោះ​ប្រពន្ធ​៥ខែ​យ៉ាង​អាសូរ



ពោធិ៍សាត់ ៖ ប្តីប្រពន្ធ​មួយ​គូ​មក​ពី​ជីក​ត្រពាំង​វិញ​ត្រូវ​រន្ទះបាញ់​បណ្ដាល​ឲ្យប្តី​ស្លាប់ភ្លាម ចំណែក​ប្រពន្ធ​សន្លប់ឈឹង​ទាំងកូន​នៅ​ក្នុង​ផ្ទៃ៥ខែ ​ពេល​ងើប​ពី​សន្លប់​វិញ​ដឹង​ថា​ប្តី​ស្លាប់ ស្រែក​ទ្រហោ​យំ ដូច​អក​ព្រាត់​គូ គួរ​ឲ្យ​អាសូរ​បំផុត។

ហេតុ​ការណ៍​នេះ​បាន​កើតឡើង​ កាលពី​ម៉ោង​៣​និង​០០​នាទី​រសៀល​ ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅ​ចំណុច​ការដ្ឋាន​ទី​០៧ ក្នុង​ភូមិ​ព្រៃ​ឱម៉ាល់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់។

លោក អ៊ុន ហូ នាយ​ប៉ុ​ស្តិ៍​នគរបាល​រដ្ឋបាល​មូលដ្ឋាន​សង្កាត់​រលាប បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​ប្ដី​ដែល​ស្លាប់​នោះ​ឈ្មោះ មឿ​ន សុភ​ក្ក្រ អាយុ​២៦​ឆ្នាំ និង​ប្រពន្ធ​រង​របួស​ធ្ងន់​ឈ្មោះ មូល​ ស្រី​តូច អាយុ​២២​ឆ្នាំ​ មាន​ផ្ទៃពោះ​០៥​ខែ ដោយ​អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ​ ទើប​រៀបការ​ប្រហែល​មួយ​ឆ្នាំ​ប៉ុណ្ណោះ។

លោក ហូ បន្ត​ថា ដោយ​នៅ​ពេល​កើតហេតុ​ពួកគេ​បាន​បណ្តើរ​គ្នា​ជា​មួយ​និង​ក្មេង​ប្រុស​ម្នាក់ទៀត​មកពី​រក​ជីក​ត្រពាំង ដោយ​បាន​ត្រពាំង​នោះ​មួយ​សម្ល​ដែរ នៅ​ពេល​ពួកគេ​ទាំង​បី​ដើរ​ជាប់ៗ​គ្នា ផ្ទៃមេឃ​មាន​ធ្លាក់​ភ្លៀងរលឹម​ផ្សែង​ក្រូច ស្រាប់តែ​ដើរមក​ដល់​ចំណុច​ស្រែ​ការដ្ឋាន​ទី​០៧​ភូមិ​កើតហេតុ​ខាងលើ រន្ទះ​ក៏​បាន​បាញ់​ឆក់​យក​ជីវិត បុរស​ជា​ប្ដី​នោះ​ស្លាប់​ភ្លាម​មួយ​រំពេច​នៅ​កណ្ដាល​វាលស្រែ ហើយ​ស្ត្រី​ជា​ប្រពន្ធ​ដែល​មាន​ផ្ទៃពោះ​០៥​ខែ​នោះ បាន​រង​របួស​សន្លប់​ស្ដូកស្ដឹង​មួយសន្ទុះ ក៏​ដឹងខ្លួន​ងើបឡើង​វិញ ចុក​ដើមទ្រូង ពេល​ក្រឡេក​ឃើញ​ប្ដី​ដេក​ស្លាប់​ក្បែរ​ខ្លួន​នោះ​ក៏​បាន​ស្រែក​ទ្រហោ​យំ​ដូច​អក​ព្រាត​គូ ហើយ​ត្រូវ​បាន​គេ​លើក​ដាក់​លើ​រថយន្ត​សង្គ្រោះ​បញ្ជូន​ភ្លាមៗ​ទៅ​កាន់​មន្ទីរ​ពេទ្យ ឯ​ក្មេង​ដើរ​ជាមួយ​នោះ​ពុំ​មាន​គ្រោះថ្នាក់​អ្វី​ដែរ។

សព​បុរស​រងគ្រោះ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ត្រូវ​បាន​ខាង​អាជ្ញាធរ​មូលដ្ឋាន​រួម​នឹង​សមត្ថកិច្ច​បាន​ខ្នះខ្នែង​ជាមួយ​ក្រុម​គ្រួសារ ដឹក​យក​មក​តម្កល់​នៅ​លំនៅដ្ឋាន​ជនរងគ្រោះ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ។

ដោយ​ស្របគ្នា​នឹង​ហេតុការណ៍​ភ្លាមៗ​ គេ​បាន​ឃើញ លោក ម៉ៅ ធ​និ​ន្ទ អភិបាល​នៃ​គណ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​យក​អំណោយ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ ដោយ​ក្នុង​នោះ​មាន​អង្ករ​០៤ ​ការុង​រួម​នឹង​សម្ភារៈ​គ្រឿង​បរិភោគ​មួយ​ចំនួន​ព្រម​ទាំង​ថវិកា​ជួយ​ដល់​គ្រួសារ​សព​ផង​ដែរ។

ជាមួយគ្នា​នោះ​ដែរ​កម្ពុ​ជាថ្មី ប្រចាំ​ខេត្ត​ពោធិ៍សាត់​បាន​ជួប​សម្ភាសន៍​ជាមួយ​លោក ម៉ៅ ធ​និ​ន្ទ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី ក្បាល​ព្រលប់​នេះ បាន​មានប្រសាសន៍​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា លោក​បាន​ប្រាប់​ក្រុម​គ្រួសារ​ជនរងគ្រោះ​អស់ហើយ ដោយ​រូបលោក​ផ្ទាល់​នឹង​ឲ្យ​ខាង​គ្រូពេទ្យ​មើលថែ​ព្យាបាល​ជនរងគ្រោះ​ផុត​ពី​សេចក្ដី​ស្លាប់​ឲ្យ​ខាន​តែ​បាន ព្រោះ​ទារក​ក្នុង​ផ្ទៃ​នោះ​គេ​បាន​បាត់បង់​ជីវិត​ទៅ​ហើយ សល់​តែ​ម្ដាយ ដែល​ជួប​ឧប្បត្តិហេតុ​នេះ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​ការពារ​អាយុជីវិត ហើយ​មិន​ឲ្យ​មាន​បង់​សេវា​លុយកាក់​ក្នុង​ការ​ព្យាបាល​ឡើយ ដោយ​កិច្ចការ​នេះ​ខាង​រូបលោក​ផ្ទាល់​ជា​អ្នកទទួល​រ៉ាប់រង​ទាំងអស់​ក្នុង​ការ​ព្យាបាល​នេះ៕

រន្ទះ​គ្មាន​ត្រាប្រណី​បាញ់​ប្តី​ប្រពន្ធ​មួយ​គូ​ ​ស្លាប់ប្តី​ និង​កូន​ក្នុង​ពោះ​ប្រពន្ធ​៥ខែ​យ៉ាង​អាសូរ រន្ទះ​គ្មាន​ត្រាប្រណី​បាញ់​ប្តី​ប្រពន្ធ​មួយ​គូ​ ​ស្លាប់ប្តី​ និង​កូន​ក្នុង​ពោះ​ប្រពន្ធ​៥ខែ​យ៉ាង​អាសូរ