ប្រធាន​១​រូប និង អនុប្រធាន​២​រូប​ របស់​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​សៀមរាប ត្រូវ​បាន​បញ្ចប់​មុខតំណែង

ប្រធាន​១​រូប និង អនុប្រធាន​២​រូប​ របស់​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​សៀមរាប ត្រូវ​បាន​បញ្ចប់​មុខតំណែង



សៀមរាប ៖ ប្រកាស​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ នៅ​សាលា​ខេត្ត​សៀមរាប ត្រូវ​បាន​បញ្ចប់​ភារកិច្ច​ប្រធាន​មួយរូប និង​បញ្ចប់​មុខតំណែង​មន្ត្រីរាជការ​ចំនួន​២​រូប​ទៀត​ជា​អនុប្រធាន នៅ​ក្នុង​រចនាសម្ព័ន្ធ មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង សុរិយោដី​ខេត្តសៀមរាប។

ដីកា​របស់​សាលាខេត្ត​សៀមរាប លេខ ០១៦/១៦ ដក​.​ត​ត ចុះ​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៦ ស្តី​ពី​ការ​បញ្ចប់​មុខតំណែង​មន្ត្រីរាជការ​នោះ លោក ម៉ៅ ចំរើន និង លោក ខៀវ សេរី ដែល​ជា​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី ត្រូវ​បាន​បញ្ចប់​មុខតំណែង​ជា​ស្ថាពរ ដោយឡែក នៅ​មាន​ប្រកាស​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ លេខ​១២៦ ដន​ស​/​ប្រក​.​បុ ចុះ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៦ ស្តីពី​ការ​បញ្ចប់​ភារកិច្ច និង តែងតាំង​មន្ត្រីរាជការ ត្រូវ​បាន​បញ្ចប់​ភារកិច្ច​របស់ លោក សែ សាមុត ដែល​ជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង សុរិយោដី​ខេត្តសៀមរាប ដោយ​ចាត់​ឲ្យ​លោក សែ សាមុត ទៅ​បំរើ​ការងារ​នៅ​អង្គភាព​ដើម​វិញ ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សំណង់ ហើយ​ប្រកាស​ដដែល​នេះ ត្រូវ​បាន​តែងតាំង លោក ហ៊ី សាយ ជា​ប្រធាន​ថ្មី នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី​ខេត្តសៀមរាប ជំនួស​លោក សែ សាមុត។

គួរ​បញ្ជាក់​ដែរ​ថា លោក ហ៊ី សាយ ជា​អតីត​អនុប្រធាននាយកដ្ឋាន​ផ្លូវលំ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ។

មាន​មតិ​ស្វាគមន៍​នៅ​ក្នុង​ឱកាស​នោះ​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​ថ្លែង​ឡើង​ផ្តោត​ជា​សំខាន់ ក្រោយពី​មាន​វត្តមាន​ប្រធាន​ថ្មី សូម​ឲ្យ​អង្គភាព​មួយ​នេះ រួម​ទាំង​អង្គភាព​ដទៃ​ទៀត​ផង​ដែរ ដែល​មាន​ភារកិច្ច​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ត្រូវ​បន្ត​ការ​យកចិត្តទុកដាក់ កែលំអ​ឡើងវិញ​រាល់​ចំណុច​អវិជ្ជមាន​ទាំងឡាយ ដែល​ធ្លាប់​មាន​កន្លងមក។

លោក​អភិបាលខេត្ត បាន​បន្ត​លើកឡើង​ផង​ដែរ អំពី​ការ​កើតឡើង​នៃ​សំណង់​ខុសច្បាប់​ក្នុង​ខេត្តសៀមរាប ការ​ផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​មានការ​យឺតយ៉ាវ ស៊ីសំណូក​បង្កើត​កង្វះ​តម្លាភាព​ការ​ជំរិត​ទារ​ប្រាក់​ដើម្បី​អនុញ្ញាត​ការសាងសង់ វា​គឺជា​កត្តា​បង្ក​ឲ្យ​កើតឡើង​នៃ​សំណង់​អានាធិបតេយ្យ បង្កើត​ឲ្យ​មាន​បញ្ហា​ប្រឈម បន្សល់​ការ​លំបាក​ក្នុង​ដំណោះស្រាយ​រហូតមកដល់​បច្ចុប្បន្ន​នេះ។ លោក​ថា វា​ជិត​ហួសពេល​នៃ​ការ​ឆ្លុះ​កញ្ចក់​ហើយ សូម​ឲ្យ​មន្ត្រី​អសកម្ម​ទាំងឡាយ ប្រញាប់ប្រញាល់ ងូត ទឹក ដុសក្អែល ឲ្យ​បាន​រួសរាន់​បំផុត ព្រោះថា វា​ដល់ពេល​វេលា​ដែល​ត្រូវ វះកាត់ ព្យាបាល​ជំងឺ​រាំងស្ទះ​ការអភិវឌ្ឍន៍​សង្គម​ជា​បណ្តើរៗ​នោះ​ហើយ រាជរដ្ឋាភិបាល​កម្ពុជា មិន​បណ្តែត​បណ្តោយ​ឲ្យ​របួស ក្លាយ​ជា​ដំបៅ​មហារីក​នោះ​ឡើយ៕