ព័ត៌មានបឋមស្តីអំពីការប្រទះឃើញថ្មនិងបំណែកទូកឈើក្នុងបឹងទន្លេសាប

ភ្នំពេញ:

ថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញ ទំនាក់ទំនងសង្គមយ៉ាងច្រើនអំពីការប្រទះឃើញថ្ម និងបំណែកទូកធ្វើពីឈើនៅក្នុងបឹងទន្លេសាប ស្ថិតនៅទីតាំងភូមិមាត់ខ្លា ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានចម្ងាយប្រហែល៣៥គីឡូម៉ែត្រ ខាងត្បូងឆៀងខាងកើត ឃុំកំពង់ឃ្លាំង។
បន្ទាប់ពីបានទទួលព័ត៌មាននេះ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ក្រុមជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាបានចុះទៅពិនិត្យដល់ទីតាំងផ្ទាល់ ដោយមានការជូនដំណើរពីអាជ្ញាធរមូលដ្ឋាននិងប្រជាជនដែលបានដឹងព័ត៌មាននេះ។ ក្រោយពីបានចុះពិនិត្យនិងវាស់វែងជាក់ស្តែង អ្នកជំនាញបានឃើញមានថ្ម៣ដុំនោះមានទំហំដូចខាងក្រោម៖ ដុំទី១មានបណ្តោយប្រវែង៣.៤៥ម ទទឹង១.២ម និងកម្ពស់ប្រហែល០.៨០ម។ ដុំទី២មានប្រវែងបណ្តោយប្រហែល១ម ទទឹង០.៧០ម។ ដុំទី៣មានបណ្តោយប្រវែង១.៣០ម ទទឹង១.២០ម។ ចំពោះទូកឈើមានច្រើនបំណែក ដែលត្រូវបានប្រជាពលរដ្ឋប្រមូលមកផ្តុំលើគ្នា។ ចំណែកទីតាំងថ្មនិងទូកដែលបានប្រទះឃើញនេះស្ថិតនៅក្នុងទឹក មានទីតាំងផ្សេងពីគ្នាចម្ងាយប្រហែល៤០ម៉ែត្រ ដូចមានក្នុងប្លង់គំនូសព្រៀង។
អ្នកជំនាញអាជ្ញាធរជាតិអប្សរា បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋមូលដ្ឋានក្នុងបំណងអភិរក្ស និងថែរក្សាវត្ថុទាំងនោះនៅទីតាំងដើម ឱ្យបានគង់វង្សសម្រាប់ការគោរពបូជារបស់ប្រជាពលរដ្ឋ ក៏ដូចអភិរក្សទុកជាមរតកបេតិកភណ្ឌ ដ៏មានតម្លៃរបស់ប្រទេសជាតិ៕
ព័ត៌មានបឋមស្តីអំពីការប្រទះឃើញថ្មនិងបំណែកទូកឈើក្នុងបឹងទន្លេសាប

ព័ត៌មានបឋមស្តីអំពីការប្រទះឃើញថ្មនិងបំណែកទូកឈើក្នុងបឹងទន្លេសាប

ព័ត៌មានបឋមស្តីអំពីការប្រទះឃើញថ្មនិងបំណែកទូកឈើក្នុងបឹងទន្លេសាប