លោក ឡុង ឌី​ម៉​ង់ ចេញទៅ​ធ្វើ​ទូត​នៅ​កូរ៉េខាងត្បូង នា​សប្តាហ៍​ក្រោយ​

​ភ្នំពេញ​៖ លោក ឡុង ឌី​ម៉​ង់ អតីត​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ នឹង​ចាក​ចេញពី​ប្រទេស កម្ពុជា​ទៅ​ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១៩ ខែឧសភា​នេះ ដើម្បី​បំពេញបេសកកម្ម​ការទូត រវាង​ប្រទេស​ទាំងពីរ​។​

​លោក ឡុង ឌី​ម៉​ង់ ត្រូវបាន​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី តែងតាំង ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ សាធារណរដ្ឋ​កូរ៉េ កាល​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៦​។ ព្រះមហាក្សត្រ​បានចេញ​ព្រះរាជក្រឹត្យ តែងតាំង​លោក ឡុង ឌី​ម៉​ង់ ជំនួស​លោក ស៊ុត ឌី​ណា ដែល​កំពុង​ស្ថិតក្នុង​ពន្ធនាគារ​ព្រៃ​ស តាម​សំណើ​របស់​ប្រមុខ​រដ្ឋាភិបាល​សម្តេច ហ៊ុន សែន​។​

​លោក ស៊ុត ឌី​ណា ត្រូវបាន​តុលាការ​ចោទប្រកាន់​បទ​ល្មើស​កេងចំណេញ​ផលប្រយោជន៍​ដោយ​ខុសច្បាប់ និង​បទ​រំលោភ​អំណាច​ដោយមាន​ប្រសិទ្ធភាព តាម​មាត្រា ៥៩៧ និង ៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​អាច​ជាប់ទោស​ពី ២ ទៅ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤ ទៅ ១០ លាន​រៀល​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​រកឃើញថា លោក ស៊ុត ឌី​ណា បាន​ប្រព្រឹត្ត​អំពើពុករលួយ ក្រោយពី​លោក​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅធ្វើជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ ប្រទេស​កូរ៉េខាងត្បូង រយៈពេល ២ ឆ្នាំ ១​ខែ ចាប់ពី​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ ២០១៤ រហូតដល់​ថ្ងៃ ដែល​លោក​ត្រូវបាន​ចាប់ខ្លួន​។​

​អង្គភាព ACU បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៧ ខែមេសា កន្លងមក ថា លោក ស៊ុត ឌី​ណា មាន​លុយ​ក្រៅ​ធនាគារ​ចំនួន ៧,២ លាន​ដុល្លារ និង​មាស​ចំនួន ៣៣៩ តម្លឹង ស្មើនឹង ១២,៧៤ គីឡូក្រាម​។ សេចក្តីប្រកាស​ព័ត៌មាន​របស​អង្គភាព​នេះ ដើម្បី​ឆ្លើយតប​នឹង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​ដែល​ផ្សព្វផ្សាយ​ថា​លោក ស៊ុត ឌី​ណា ក្រីក្រ​ណាស់​។​

លោក ឡុង ឌី​ម៉​ង់ ចេញទៅ​ធ្វើ​ទូត​នៅ​កូរ៉េខាងត្បូង នា​សប្តាហ៍​ក្រោយ​
​ត្រឡប់មក​ឯកអគ្គរាជទូត​ខ្មែរ​ថ្មី​ប្រចាំ​កូរ៉េខាងត្បូង​វិញ លោក ឡុង ឌី​ម៉​ង់ ដែល​ត្រូវជា​កូនប្រុស លោក ឡុង វិ​សា​លោ រដ្ឋលេខាធិការ​ក្រសួងការបរទេស បាន​ប្តេជ្ញា​មុនពេល​ចេញពី​មាតុភូមិ ខ្មែរ​ទៅ​កូរ៉េ​ថា លោក​នឹង​ខិតខំ​ការងារ​ទូត តប​នឹង​ព្រះរាជ​ហ​ប្ញ​ទ័យ​ព្រះមហាក្សត្រ និង​ទំនុកចិត្ត​ប្រមុខ​រដ្ឋាភិបាល​។

​លោក​បាន​សរសេ​រលើប​ណ្តា​ញ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​នឹង​ចាក​ចេញពី​មាតុប្រទេស​ដើម្បី​ទៅ​បំពេញបេសកកម្ម​នៅ​សាធារណរដ្ឋ​កូរ៉េ ដែលជា​កិច្ចការ​តំបូង​របស់ខ្ញុំ​ក្នុង​វិស័យ​ការទូត នា​យប់​ថ្ងៃទី​១៩ ឧសភា ខាងមុខ​នេះហើយ​។ កិច្ចការងារ​ជាច្រើន​កំពុង​រង់ចាំ​ស្វា​គម​ន៏​ខ្ញុំ ទាំង​រឿង​ល្អ​និង​រឿង​មិនទាន់​ល្អ ដែល​នៅ​ទីនោះ​ហើយ​ខ្ញុំ​នឹង​ខឹ​ត​ខំព្យាយាម​បំពេញភារកិច្ច​ដែល​ព្រះមហា​ក្ស័​ត្រ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ប្រគល់​សេចក្តីទុកចិត្ត​មកលើ​រូបខ្ញុំ ធ្វើយ៉ាងណា​ដើម្បី​ការពារ​ផល​ប្រ​យោ​ជ​ន៏​ជាតិ និង​ប្រជាជន​យើង​ឲ្យ​បាន​»​។​

​បើទោះបីជា​លោក ឡុង ឌី​ម៉​ង់ នៅ​ឆ្លៀត​ឆ្ងាញ​ពី​ស្រុក​ក្តី លោក​នឹង​ផ្តាច់ទំនាក់ទំនង​ជាមួយ​បង ប្អូន មិត្តភក្តិ តាម​បណ្តាញ​សង្គម​ឡើយ​។ «​ខ្ញុំ​សូម​លា​បងប្អូន មិត្តភក្តិ​ក្នុងស្រុក​មួយរយៈ ហើយ​សម្រាប់​បងប្អូន​ព​ល​រដ្ឋ​យើង​នៅ​កូរ៉េ យើង​នឹង​ជួបគ្នា​ឆាប់ៗ​។ យើង​នឹង​នៅតែ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជាប់​ជានិច្ច​តាម​បណ្តាញ​សង្គម​នេះ​»​។ នេះ​ការសរសេរ​របស់លោក ឡុង ឌី​ម៉​ង់​៕