Microsoft៖ គ្មានអ្វី​ដែល​អាច​រារាំង​ភេរវជន​ប្រើ​អ៊ី​ន​ធឺ​ណែ​ត​ទេ

​នាយក​ជាន់ខ្ពស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​Microsoft លោក Steven A. Crown និយាយថា គ្មានអ្វី​ដែល​អាច​ហាមឃាត់​ក្រុម​ភេរវជន​ប្រើ​អ៊ី​ន​ធឺ​ណែ​ត​នោះទេ​។ លោក​និយាយ​ដូចនេះ ទៅកាន់​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ស្ដីពី​ការប្រឆាំង​ភេរវកម្ម ហើយ​លោក​ក៏​អំពាវនាវ​ឲ្យ​គ្រប់ភាគី​ទាំងអស់ រួមគ្នា​ប្រឆាំងនឹង​ភេរវកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ​។​

​ថ្លែង​ទៅកាន់​កិច្ចប្រជុំ​ពិសេស​ប្រឆាំង​ភេរវកម្ម នៅ​ថ្ងៃទី​១១ ខែឧសភា លោក​Steven A. Crown អនុប្រធាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​Microsoft ព្រមាន​ថា គ្មាន​វិធីសាស្ត្រ​ដែល​ឆាប់រហ័ស​ណាមួយ អាច​រារាំង​ពួក​ភេរវជន​ប្រើ​អ៊ី​ន​ធឺ​ណែ​ត​ទេ​។ នេះ​មានន័យថា ក្រុម​ភេរ​ជន​អាច​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​អន​ឡាញ​ដោយ​សេរី​។

​វត្តមាន​លោក Steven A. Crown នៅ​ក្រុមប្រឹក្សាសន្តិសុខ គឺជា​លើកដំបូង​ហើយ​ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​ស្ថាប័ន​ពិភពលោក​ដ៏​មានអំណាច​មួយ​នេះ​។ ជាមួយនឹង​ការបញ្ជា​ក់ថា គ្មាន​ដំណោះស្រាយ​សម្រាប់​ហាមឃាត់​ក្រុម​ភេរវជន មន្ត្រីជាន់ខ្ពស់​របស់​Microsoft រូបនេះ​ក៏​ស្នើ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា រដ្ឋាភិបាល និង​អង្គការ​ផ្សេងៗ រួមដៃគ្នា​ដោះស្រាយ​បញ្ហា​ទាក់ទិន​នឹង​ការប្រើប្រាស់​អ៊ី​ន​ធឺ​ណែ​តរបស់​ភេរវជន តែ​ត្រូវគោរព​ឯកជន​ភាព និង​សេរីភាព​បញ្ចេញមតិ​ផងដែរ​។​

«​សម្រាប់​ឧស្សាហកម្ម​អ៊ី​ន​ធឺ​ណែ​ត ការប្រឈមមុខ​នឹង​ក្រុម​ភេរវជន ជាការ​គំរាម​មួយ​។ យើង​ដឹងថា ក្រុម​ភេរ​ជន​មាន​គណនី​រាប់ពាន់​លើ​អ៊ី​ន​ធឺ​ណែ​ត​។ នៅពេលដែល​គណនី​មួយ​ត្រូវបាន​កម្ទេច គណនី​មួយទៀត​នឹង​លេចឡើង​មិន​ខាន​»​។ នេះ​ជា​គឺ​លើកឡើង​របស់លោក Crown ទៅកាន់​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ ដែល​ត្រូវបាន​ដកស្រង់​ដោយសារ​ព័ត៌មាន The New York Times​។

​ការលើកឡើង​នេះ ស្របគ្នា​នឹង​ពេលដែល​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កំពុងតែ​បង្កើត​ក្រម​ខណ្ឌ​អន្តរជាតិ​រួមមួយ នៅត្រឹម​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៧ ដើម្បី​ប្រឆាំងនឹង​ការផ្សព្វផ្សាយ​មនោគមន៍ ពី​សំណាក់​ក្រុម​រដ្ឋ​ឥស្លាម ក្រុម​អាល់​កៃ​ដា និង​ក្រុម​ផ្សេងៗ​ទៀត ដែល​ប្រើ​អ៊ី​ន​ធឺ​ណែ​ត​សម្រាប់​រើស​សមាជិក​ថ្មី​។​

​សូមបញ្ជាក់ថា ក្រុម​ភេរវជន​ជាច្រើន​ក្រុម​បាន​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​អឺ​ណែ​ត ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន រើស​សមាជិក​ថ្មីៗ និង​គំរាមកំហែង​បង្ក​អសន្តិសុខ​។ ជាក់ស្ដែង​នោះ ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ប្រើ​អ៊ី​ន​ធឺ​ណែ​ត​និង​ប្រព័ន្ធ​បណ្ដាញ​សង្គម ដើម្បី​ទាក់ទាញ​អ្នក​ប្រយុទ្ធ​បរទេស ដែល​មកពី​ជុំវិញ​ពិភពលោក​។

​មកទល់ពេលនេះ អ្នក​ប្រយុទ្ធ​បរទេស​ច្រើនជាង​បី​ម៉ឺន​នាក់ កំពុងតែ​ចួ​ល​រួមជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​នៅក្នុង​ស៊ី​រី​និង​អ៊ីរ៉ាក់​។ ពួក​អ្នក​ប្រយុទ្ធ​ទាំងនោះ​មាន អ្នក​កាន់សាសនា​ឥស្លាម និង​ក្រុម​ឧទ្ទាម​មកពី​អាស៊ី ក៏ដូចជា​ពលរដ្ឋ​លោកខាងលិច​ផងដែរ​៕