ចិន ថា គោលជំហរ​ខ្លួន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង មានការ​គាំទ្រ​ច្រើន​ពី​អន្តរជាតិ​

​នៅ​ចន្លោះ​ខែឧសភា ឬ​មិថុនា​នេះ ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ នឹង​ប្រកា​សម​ជ្ឈ​ត្ត​វិនិច្ឆ័យ​លើ​សំណុំ រឿង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ប្តឹង​ដោយ​ហ្វីលីពីន​ប្រឆាំងនឹង​ចិន​ហើយ​។ ស្រប​ជាមួយគ្នានេះ រដ្ឋាភិបាល ក្រុង​ប៉េកាំង បាន​អះអាងថា ចិន​មាន​គាំទ្រ​ជាច្រើន​ពី​សហគមន៍​អន្តរជាតិ​លើ​គោលជំហរ​របស់ខ្លួន​ក្នុងការ មិន​ខ្វាយខ្វល់​ពី​ចំណាត់ការ​ផ្នែក​ច្បាប់​មួយ​នេះ​។​

​មន្ត្រី​ការជាន់​ខ្ពស់​នៃ​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃទី​១២ ខែឧសភា​នេះ បាន​បញ្ជាក់ថា ចិន​មានការ​គាំ ទ្រ​ជាច្រើន​នៅក្នុង​សហគមន៍​អន្តរជាតិ​លើ​ការសម្រេច​របស់ខ្លួន​ដែល​មិន​ចាត់ការ​អ្វី​ទាំងអស់​ជាមួយ សំណុំរឿង​ផ្នែក​ច្បាប់​ដែល​ប្តឹង​ដោយ​ហ្វីលីពីន​ប្រឆាំង​ចិន​លើ​ការទាមទារ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ មន្ត្រីជាន់ខ្ពស់​រូបនោះ ថា ចិន មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការមិន​ចូលរួម​ក្នុង​ម​ជ្ឈ​ត្ត​ការដែល​ហ្វីលីពីន កំពុងតែ​ប្រើប្រាស់​ដើម្បី​បំផ្លាញ​អធិបតេយ្យ​របស់​ចិន​នោះ​។

​លោក Xu Hong ប្រធាន​នាយកដ្ឋាន​សន្ធិសញ្ញា និង​ច្បាប់​នៃ​ក្រសួងការបរទេស​ចិន អះអាង​ដែរ​ថា បញ្ហា (​សមុទ្រ​ចិន​ខាងត្បូង​) ត្រូវបាន​បំប៉ោង​ដោយ​មនុស្ស​មួយក្រុម​ដែល​ខ្វះ​ការយល់ដឹង​ផ្នែក​ច្បាប់​។ នេះ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​បន្ថែម​ដែរ​ថា លោក  Xu Hong ថា បើ​ទៅ​មើល​អ្នក ដែល​និយាយ​ពី​ច្បាប់​អន្តរជាតិ នោះ​គឺ​អ្នកនយោបាយ និង​អ្នក​ដែល​គ្មាន​ជំនាញ​។ មន្ត្រីការទូត​រូបនោះ សង្កត់ធ្ងន់ថា «​គឺជា​អ្នក​ទាំងនោះ​ហើយ​ដែល​ចាំបាច់​ត្រូវ​រៀនសូត្រ​ពី​ច្បាប់​អន្តរជាតិ​នោះ​»​។

​សូម​រម្លឹក​ផងដែរ​ថា​នៅ​ឆ្នាំ​២០១៣ ហ្វីលីពីន បាន​ប្តឹង​ចិន​ទៅកាន់​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ដោយបាន​ចោទ​ចិន​ថា បាន​រំលោភ​លើ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​(EEZ)​របស់ខ្លួន​ដែល​បាន​កំណត់ដោយ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២(UNCLOS)​។ តែ​ចិន បាន​បដិសេធ​មិន​ចូលរួម​ក្នុង​ដំណើរការ​នៃ​ការជំនុំជម្រះ​នោះ​។

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ថា ការបង្កើត​ម​ជ្ឈ​ត្ត​ការ​ដោយ​ឯកតោភាគី​របស់​ហ្វីលីពីន បាន​បំពាន​នឹង​«​សិទ្ធិ​អធិបតេយ្យ​របស់​ចិន​»​ដែល​បាន​បញ្ញត្តិ​ក្នុង​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២​។ នោះ​គឺ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​លើក​ភស្តុតាង​នៃ​អវត្តមាន​ខ្លួន​ក្នុង ម​ជ្ឈ​ត្ត​ការ​នោះ ថា បើ​យោងតាម​មាត្រា​២៩៨ នៃ UNCLOS ចិន បានធ្វើ​សេចក្តីប្រកាស​មួយ​ដោយ​ដកចេញ ជម្លោះ​ទាក់ទង​នឹង​ការកំណត់​ដែនសមុទ្រ​, ទាក់ទង​តំបន់ឆ្នេរ​ប្រវត្តិសាស្ត្រ​, សកម្មភាព​យោធា​និង សកម្មភាព​នៃ​ការអនុវត្ត​ច្បាប់ ដែលជា​ការអនុវត្ត​សិទ្ធិ​អធិបតេយ្យ ឬ​យុត្តាធិការ​ពី​ការដោះស្រាយ​ម​ជ្ឈ​ត្ត​ការ​ដែលមាន​លក្ខណៈ​ចាំបាច់ (Compulsory Arbitration) និង​នីតិវិធី​នៃ​ការដោះស្រាយ​ជម្លោះ​នានា ដែលមាន​លក្ខណៈ​ចាប់បង្ខំ​ផងដែរ​។ ជារួម​ចិន​បានប្រកាស​មិន​ទទួលយក​ម​ជ្ឈ​ត្ត​ការ​ដើម្បី​ដោះស្រាយ​បញ្ហា​អធិបតេយ្យ​នោះទេ​។​

​បើទោះបីជា​គ្មាន​វត្តមាន​ចិន​ចូលរួម​ក៏ដោយ នៅ​ចុងឆ្នាំ​២០១៥ ម​ជ្ឈ​ត្ត​ករ​នៃ​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ បានប្រកាស​ពី​យុត្តាធិការ​ក្នុងការ​ជំនុំជម្រះ​បញ្ហា​នេះ​តាម​បណ្តឹង​របស់​ហ្វីលីពីន​ហើយ​។  ការសួរដេញដោល​ឬ​ជំនុំជម្រះ​ចុងក្រោយ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ហើយ ការប្រកាស​ម​ជ្ឈ​ត្ត​វិនិច្ឆ័យ​នៃ​សំណុំ​រឿងនេះ ត្រូវបាន​រំពឹងថា នឹងត្រូវ​បានប្រកាស​នៅ​ខែឧសភា និង​មិថុនា​ខាងមុខ ពោលគឺ​នៅពេល​តុលាការ​បាន​ពិនិត្យ​ចប់សព្វគ្រប់​ចំពោះ​ភស្តុតាង​របស់​ហ្វីលីពីន​ទាំង​ផ្ទាល់មាត់ និង​ជា​អត្ថបទ​។​

​យោងតាម​អនុ​ញ្ញា​ស្តីពី​ច្បាប់​សមុទ្រ សេចក្តីសម្រេច​របស់​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ គឺមាន​លក្ខណៈ​ចាប់ បង្ខំ បើទោះជា​ចិន អវត្តមាន​ក៏ដោយ​។ នេះ មានន័យថា នៅពេល​ម​ជ្ឈ​ត្ត​ការប្រកាស​សេចក្តីសម្រេច​នោះ ភាគី​ទាំង​ហ្វីលីពីន និង​ចិន ត្រូវតែ​អនុវត្ត​ជាដាច់ខាត​។​

​បើទោះបីជា​តុលាការ​អះអាងថា​មាន​យុត្តាធិការ ឬ រកឃើញថា ចិន បាន​រំលោភបំពាន​ដែន​អធិបតេយ្យ​ហ្វីលីពីន​ក៏ដោយ សេចក្តីសម្រេច​នោះ មិនមាន​ន័យ​អ្វី​ឡើយ​សម្រាប់​ចិន ដ្បិត​ចិន មិនដែល​ទទួលស្គាល់​ស​វនា​ការ​នៃ​ការជំនុំជម្រះ​នោះ​ម្តងណា​នោះទេ​។ មួយវិញទៀត​នោះ ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ ក៏​មិនមាន​វិធានការ​ក្នុងការ​ចាប់បង្ខំ​ឲ្យ​ចិន​អនុវត្ត​ផងដែរ​។ ក៏ប៉ុន្តែ​អ្វីដែល​ហ្វីលីពីន អាច​ចំណេញ​ក្នុង​នីតិវិធី​មួយ​នេះ នោះ​គឺ​បើ​ចិន ពិតជា​បាន​បំពាន​មែន​នោះ ចិន នឹងត្រូវ​បាត់បង់​កេរ្តិ៍ឈ្មោះ ក្នុង​ឆាក​អន្តរជាតិ ជាពិសេស​លើ​ការអនុវត្ត​ច្បាប់ ហើយ​ចិន អាច​នឹងរង​សម្ពាធ​ការទូត​ប៉ុណ្ណោះ​។

​ថ្មីៗ​នេះ ប្រមុខ​ការទូត​ចិន លោក វ៉ាង យី ក៏​ទើបតែ​ប្រកាស​កិច្ចព្រមព្រៀង​ឯក​ច្ឆ័​ន​បួន​ចំនួន​ទាក់ទង នឹង​គោលជំហរ​លើ​ការដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ជាមួយនឹង​រដ្ឋ​អាស៊ាន​មួយចំនួន​រួមមាន កម្ពុជា ព្រុយ​ណេ និង​ឡាវ​៕