តុលាការ​ព្យាយាម​សម្របសម្រួល​ប៉ែន​ ចំ​រ៉ុង​ និង​ភិន​សុ​ដា​លី​ស

តុលាការ​ព្យាយាម​សម្របសម្រួល​ប៉ែន​ ចំ​រ៉ុង​ និង​ភិន​សុ​ដា​លី​ស



ភ្នំពេញ ​៖​ ដោយសារតែ​ម្នាក់ៗ​មាន​ជំហរ​ដាច់ខាត​ថា​មិន​អាច​វិល​ទៅ​រក​ភាព​ផ្អែមល្ហែម​ដូចដើម​វិញ​បាន​នោះ​ បានធ្វើ​ឲ្យ​មានការ​លំបាក​ក្នុង​ការ​សម្របសម្រួល​ពី​មន្ត្រី​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​បើ​តាម​ប្រភព​ពី​មន្ត្រី​តុលាការ​បាន​បង្ហើប​ថា ការ​កោះហៅ​ភាគី​ដើម​បណ្តឹង​ ពិធីករ​ប៉ែន ចំ​រ៉ុង ​និង​ចុង​បណ្តឹង ​នាង​ភិន សុ​ដា​លី​ស​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១២​ ខែឧសភា​នេះ​គឺ​មិន​ទទួលបាន​លទ្ធផល​នោះ​ទេ បន្ទាប់ពី​តុលាការ​ព្យាយាម​ឲ្យ​ពួកគេ​ទាំងពី​ជានា​នឹង​គ្នា​វិញ។


ប្រភពពី​សាលាដំបូង​រាជធានី​បាន​បញ្ជាក់​ថា នេះ​គឺជា​ការសម្រុះសម្រួល​ជំហាន​ទីមួយ​ដោយ​មិនអាច​ធ្វើ​ឲ្យ​ពួកគេ​ទាំងពីរ​ត្រូវរ៉ូវ​គ្នា​វិញ​បាន​ឡើយ ហើយ​ដំណើរការ​កាត់ក្តី​ជា​បន្ត​ តុលាការ​នឹង​ជ្រើស​រើស​យក​ពេលវេលា​សមស្រប​ណាមួយ​ដើម្បី​បើកសវនាការ​កាត់ក្តី​ឲ្យ​ពួកគេ​លែងលះគ្នា​តែម្តង។ មន្ត្រី​តុលាការ​បញ្ជាក់ទៀតថា លោក​ប៉ែន ចំ​រ៉ុង​ ដែលជា​តារា​សិល្បៈ​ល្បីឈ្មោះ​មួយរូប​នោះ​បាន​សម្រេចចិត្ត​ដាក់ពាក្យ​ប្តឹង​លែងលះ​ជាមួយ​ភរិយា​អត់​ខាន់ស្លា​នាង​ភិន សុ​ដា​លី​ស​ កូនស្រី​របស់​អគ្គនាយក​ផលិតកម្ម​មហាហង្ស​កាលពី​ថ្ងៃ​ទី​២៩​ ខែមេសា ​ទាក់ទង​នឹង​មូល​ហេតុថា​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា ​ដោយ​ពាក្យបណ្តឹង​នេះ​បាននិងកំពុង​ស្ថិតក្រោម​ចំណាត់ការ​របស់លោក​ចៅក្រម​ពេជ្រ វិជ្ជាធរ​ជា​អ្នក​សម្របសម្រួល​និង​កាត់ក្តី។

បើតាម​ការ​ឆ្លើយតប​ទៅដល់​អ្នក​សារព័ត៌មាន ​ពិធីការ​លោក​ប៉ែន ចំ​រ៉ុង​លើកឡើងថា ការចូល​បំភ្លឺ​នៅ​តុលាការ​ថ្ងៃនេះ​គឺ​អ្វីៗ​មិនទាន់​ដាច់ស្រេច​នោះទេ ហើយ​ខាង​តុលាការ​នឹង​កោះហៅ​ពួកគេ​ម្តងទៀត​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​។ ប៉ែន ចំ​រ៉ុង​បញ្ជាក់ថា លោក​សង្ឃឹមថា​សាលាដំបូង​រាជធានី​នឹង​ចាត់ការ​បណ្តឹង​លែងលះ​របស់​ពួកគេ​ទាំងពីរ​ឲ្យ​បាន​ឆាប់​ស្របទៅនឹង​អ្វីដែល​លោក​ចង់បាន​គឺ​ដាច់ខាត​មិនអាច​វិល​ទៅរក​សភាព​ជានា​នឹង​គ្នា​វិញ​នោះទេ។

ដោយឡែក​ភាគី​ខាង​នាង​ភិន សុ​ដា​លី​ស​វិញ​«​កម្ពុ​ជាថ្មី​»​មិនអាច​សុំ​ផ្តល់​បទសម្ភាសន៍​បាន​នោះទេ​ ស្រប​ពេលដែល​នាង​បាន​ចូល​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ​កាលពី​ថ្ងៃទី​១២​ ខែឧ​សភា​នេះ​។ ចំណែក​ឯ​មេធាវី​របស់​នាង​ក៏​​​​​មិន​បាន​​ធ្វើការ​អធិប្បាយ​អ្វី​ដែរ​ទាក់ទង​នឹង​បណ្តឹង​លែងលះ​ដែល​កំពុងតែ​មាន​​កម្ដៅ​ដ៏​ក្តៅគគុក​នេះ៕

តុលាការ​ព្យាយាម​សម្របសម្រួល​ប៉ែន​ ចំ​រ៉ុង​ និង​ភិន​សុ​ដា​លី​ស

តុលាការ​ព្យាយាម​សម្របសម្រួល​ប៉ែន​ ចំ​រ៉ុង​ និង​ភិន​សុ​ដា​លី​ស