លោក អ៊ូ វីរៈ ៖«​ខ្ញុំ​គ្មាន​ឆន្ទៈ ក្នុងការ​បង់លុយ​នូវ​អ្វីមួយ​ដែល​មិន​ត្រឹមត្រូវ​ទេ​»

​ប្រធាន​វេទិកា​អនាគត និង​ជា​អ្នកវិភាគ​នយោបាយ លោក អ៊ូ វីរៈ បាន​ចូលខ្លួន​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦​នេះ ចំពោះ​ពាក្យបណ្តឹង​របស់លោក សុខ ឥសាន ដែល​តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​។ 

​ឆ្លើយ​ចំពោះមុខ​អ្នកកាសែត លោក អ៊ូ វីរៈ បានបង្ហាញ​ជំហ​ថា ការបកស្រាយ​របស់លោក​កន្លងមក គឺ​គ្រាន់តែ​ជាការ​បញ្ចេញមតិ ដើម្បី​ស្ថាបនា​ការវិវត្ត​ដំណើរការ​នយោបាយ​ប៉ុណ្ណោះ ដោយ​វា​មិន​ត្រូវជា​ប្រធានបទ​ដែល​អ្នកនយោបាយ​លើក​យកមក​ជជែក​គ្នា​នោះឡើយ​។

​ជុំវិញ​បណ្ដឹង​ទារ​សំណង​ជំងឺ​ចិត្ត​៤០០​លាន​រៀល​នេះ អ្នកវិភាគ​នយោបាយ​រូបនេះ ទំនងជា​មិនអាច​បង់ប្រាក់​តាម​ការ​ទាមទារ​នោះទេ ដោយ​លោក​អះអាងថា «​ខ្ញុំ​គ្មាន​ឆន្ទៈ ក្នុងការ​បង់លុយ​នូវ​អ្វីមួយ​ដែល​មិន​ត្រឹមត្រូវ​ទេ​»​។​

​កាលពី​ថ្ងៃទី​២៥ ខែមេសា លោក សុខ ឥសាន តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បានដាក់​ពាក្យ​ប្តឹង លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ដោយបាន​ទាមទារ​សំណង​ពី​លោក អ៊ូ វីរៈ ចំនួន​៤០០​លាន​រៀល​។ គណបក្ស​ប្រជាជន​កម្ពុជា​ប្តឹង​លោក អ៊ូ វីរៈ ដោយសារ​គណបក្ស​នេះ​យល់ថា អ្នកវិភាគ​នយោបាយ​ខាងលើ​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា នៅ​ពីក្រោយ​រឿង​ស្នេហា​លោក កឹម សុខា​៕