វៀតណាម សាទរ បើ​អាមេរិក ពិតជា​លុបចោល​ការហាមឃាត់​ជំនួញ​អាវុធ​

​ក្រសួងការបរទេស​វៀ​ត​ណា​ម​និយាយថា ខ្លួន​ស្វាគមន៍​អាមេរិក ចំពោះ​កា​រព​ន្លឿ​ន​ការលុបចោល​ការហាមឃាត់​ពាណិជ្ជកម្ម​អាវុធ ដែល​ដាក់​មកលើ​ខ្លួន​អស់​រយៈពេល​ជា​យូរ​មកហើយ​នោះ​។ ប្រសិនបើ​ពិតជា​មានការ​លុបចោល​មែន ទំនាក់ទំនង​រវាង​វៀតណាម​និង​អាមេរិក នឹង​កាន់តែ​ប្រសើរឡើង ខណៈ​លោក អូ​បា​ម៉ា នឹង​មកដល់​វៀតណាម​នៅ​ចុងខែ​ឧសភា​នេះ​។

​នៅ​ថ្ងៃទី​១២ ខែឧសភា ក្រសួងការបរទេស​វៀ​ត​ណា​ម​លើកឡើងថា ការលុបចោល​ការហាម​ឃាត់​ការលក់​អាវុធ​ឲ្យ​ខ្លូន នឹង​ជួយ​សម្រួល​ដល់​ទំនាក់ទំនង​វៀតណាម​និង​អាមេរិក ក៏ដូចជា​ពង្រឹង​ដល់​វិស័យ​ការពារជាតិ​របស់​វៀត​ណា​ម​ផងដែរ​។ វៀតណាម ពិតជា​ស្វាគមន៍ ប្រសិនបើ​អាមេរិក ពិតជា​លុប​ការហាម​ប្រាម​នេះ​ចោល​មែន​នោះ​។

​ឆ្លើយតប​នឹង​សំណួរ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​Reuters ក្រសួងការបរទេស​វៀ​ត​ណា​ម​បញ្ជាក់ថា វៀតណាម​ស្វាគមន៍​ការ​ព​ន្លឿ​ន​របស់​អាមេរិក​ក្នុងការ​លុបចោល​ការហាម​ឃាត់​។ នេះ​ក៏​ដោយសារតែ​ការលុបចោល​នេះ គឺ​ស្រប​នឹង​ការអភិវឌ្ឍ​នៃ​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ និង​បង្ហាញ​ពី​ការទុកចិត្ត​រវាង​ប្រទេស​ទាំងពីរ​។​

​ការអធិប្បាយ​លើ​ការសម្រេចចិត្ត​ថា​គួរ​ដក​ឬ​មិន​ដក​នោះ ត្រូវធ្វើ​ឲ្យ​បាន​មុន​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ទៅកាន់​ប្រទេស​វៀតណាម ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៨ ខែឧសភា​ខាងមុខនេះ​។ ប៉ុន្តែ​ក្រុង​វ៉ាស៊ីនតោន​កំពុង​ប្រឈម​សម្ពាធ​ច្រើន​ទាំងពី​អ្នកនយោបាយ​និង​អង្គការ​ការពារ​សិទ្ធិមនុស្ស ដែល​ចង់ឃើញ​ដំណើរការ​ទៅមុខ​នៃ​ប្រជាធិបតេយ្យ​ជាមុនសិន​។

​តាមពិតទៅ អាមេរិក​ក៏មាន​ឆ​ន្ទះ​ក្នុងការ​លុបចោល​ការហាម​ឃាត់​នេះ​ឲ្យ​បាន​ឆាប់ ព្រោះ​វា​នឹង​ជំរុញ​ឲ្យ​វៀតណាម​មាន​សមត្ថភាព​យោធា​ខ្លាំង​ដើម្បី​ទុក​គ្រាន់​ទប់ទល់​ជាមួយ​ចិន ដែល​កំពុង​ឡើងចាង​។ បញ្ហា​ជម្លោះ​សមុទ្រ​ខាងត្បូង និង​ការកើនឡើង​នៃ​សកម្មភាព​គឃ្លើន​របស់​ចិន ជា​មូលហេតុ​ជំរុញ​ឲ្យ​អាមេរិក​ធ្វើ​សកម្មភាព​ដែល​អាចជួយ​ប្រទេស​ក្នុង​តំបន់​ដូចជា​ហ្វីលីពីន​និង​វៀតណាម​នេះ ដើម្បី​ទប់ទល់​ចិន​។​

​យ៉ាងណាមិញ ឧបសគ្គ​ធំ​សម្រាប់​ការឈាន​ទៅ​ដក​ការហាមឃាត់​នេះ​គឺ​ស្ថានភាព​សិទ្ធិមនុស្ស​ជារួម​នៅ​វៀតណាម​។ អ្នកណា​ក៏​ដឹងថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​វៀតណាម​អាក្រក់​កម្រិតណា​។ ហើយ​បើសិនជា​រដ្ឋាភិបាល​អាមេរិក​សម្រេចចិត្ត​ដក​ការហាមឃាត់​មែន​វា​បង្ហាញ​ពី​រូបភាព​អវិជ្ជមាន​ព្រោះ​អាមេរិក​មិនបាន​ចាត់ទុក​សិទ្ធិសេរីភាព​ជា​រឿង​អាទិភាព​ទេ​។​

​ទាំងនេះ​មានន័យថា ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ត្រូវ​គិតគូរ​ឲ្យ​ដិតដល់ មុននឹង​សម្រេច​លុបចោល​ការលក់​ដូរ​អាវុធ​ឲ្យ​សត្រូវ​ចាស់​របស់ខ្លួន​នោះ​។ បញ្ហា​សិទ្ធិមនុស្ស​ដែល​នៅតែ​ធ្ងន់ធ្ងរ ប្រជាធិបតេយ្យ និង​គំនិត​នយោបាយ​ក្នុងស្រុក សុទ្ធតែជា​បញ្ហា​ដែល​លោក អូ​បា​ម៉ា ត្រូវ​ពិចារណា​ឲ្យ​ច្បាស់ បើ​មិន​ចង់​បន្សល់ទុក​កេរ្តិ៍ឈ្មោះ​មិនល្អ​ទេនោះ​៕