លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន គាំទ្រ​ក្រុង វ៉ាស៊ីនតោន​ជា​រដ្ឋ​ទី ៥១ របស់​អាមេរិក​

​ចលនានយោបាយ​មួយ​ដែល​ទាមទារ​ឲ្យ​មានការ​ផ្តល់​លក្ខណសម្បត្តិ​ជា​រដ្ឋ​ពេញលេញ​ដល់ ក្រុង​វ៉ាស៊ីនតោន (Washington D.C ឬ District of Colombia) ដើម្បី​ប្រែក្លាយ​តំបន់​នេះ​ទៅជា​រដ្ឋ​ថ្មី​ទី ៥១ របស់​អាមេរិក​កំពុង​ទទួលបាន​ការគាំទ្រ​ច្រើន​។ ចលនា​នេះ​បន្ត​ទៅមុខ​យ៉ាង​ស្វិតស្វាញ ហើយ​សូម្បីតែ​បេក្ខជន​ប្រធានាធិបតី​នាំមុខ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានប្រកាស​គាំទ្រ​លក្ខខណ្ឌ​ជា​រដ្ឋ​របស់​តំបន់​វ៉ាស៊ីនតោន​ដែរ​។ តែមាន​ឧ​សគ្គ​ទាំង​ផ្នែក​ច្បាប់ និង​នយោបាយ​ដែល​រារាំង​ការទទួលស្គាល់​ភាពជា​រដ្ឋ​ពេញលេញ​នៃ​ក្រុង​វ៉ាស៊ីនតោន ព្រោះ​ការទទួលស្គាល់​លក្ខណៈសម្បត្តិ​ជា​រដ្ឋ​នេះ វា​តម្រូវ​ឲ្យ​មានការ​បន្ថែមចំនួន​តំណាងរាស្ត្រ​បក្ស​ប្រជាធិបតេយ្យ​ទៅក្នុង​សភា​។ ដូច្នេះ​អ្នក​សាធារណរដ្ឋ​ពិតជា​មិន​គាំទ្រ​ឡើយ​។​

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​

១. ប្រវត្តិ​ទូទៅ​នៃ​ក្រុង​វ៉ាស៊ីនតោន (District of Colombia)
​ក្រុង​វ៉ាស៊ីនតោន ឬ តំបន់​កូ​ឡុំ​ប៊ី (District of Colombia) ជា​តំបន់​រដ្ឋបាល​មួយ​នៃ​រដ្ឋ​សហព័ន្ធ​និង​ស្ថិតក្រោម​ការគ្រប់គ្រង​ផ្ទាល់​ពី​រដ្ឋាភិបាល​សហព័ន្ធ​។ តែ​វា​មិន​ស្ថិតក្រោម​រចនាសម្ព័ន្ធរ​ដ្ឋ​បាល​នៃ​រដ្ឋ​ណាមួយ​របស់​អាមេរិក​ទេ ហើយ​យោងតាម​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក ក្រុង​វ៉ាស៊ីនតោន​ត្រូវជា​រដ្ឋធានី​របស់​សហ​រដ្ឋ​អាមេរិក​ចាប់តាំងពី​ឆ្នាំ ១៧៩០ មក​ដោយ​រៀបចំឡើង​ដោយ​ស្ថាបនិក​អាមេរិក​លោក ច​ច វ៉ាស៊ីនតោន ។  ដោយសារ វា​មិនមែនជា​រដ្ឋ សិទ្ធិ​ស្វ័យ​សម្រេច​របស់​ក្រុង​វ៉ាស៊ីនតោន និង​សិទ្ធិ​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​ក៏មាន​កម្រិត ដែរ​ហើយ​វា​មិនមាន​អ្នកតំណាង​នៅក្នុង​សភា​ទាំងពីរ​ជាន់​ឡើយ​។​

​យោងតាម​របាយការណ៍​សារព័ត៌មាន Washington Post តំបន់​នេះ​មាន​ទីតាំង​ស្ថិតនៅ​ចន្លោះ​រដ្ឋ Virginia  និង​រដ្ឋ Maryland ។ វា​មាន​ទំហំ ប្រហែល ១៧៧ គីឡូម៉ែត្រ​ការ៉េ  និង​មាន​ប្រជាជន​ចំនួន ជាង ៦​សែន​នាក់​ផងដែរ​។ ទីក្រុង​វ៉ាស៊ីនតោន​នេះ​បានក្លាយ​ទីតាំង​រដ្ឋបាល និង​បណ្តុំ​ស្ថាប័ន​នយោបាយ​ធំ ជាពិសេស​សេត​វិមាន វិមាន​សភា តុលាការ​សហព័ន្ធ​និង​អាគារ​ស្ថាប័ន​ផ្សេងទៀត​ជាច្រើន​។​

២. អ្នកនយោបាយ​បក្ស​ប្រជាធិបតេយ្យ រួមទាំង​លោកស្រី ហ៊ី​ឡា​រី ចង់ឃើញ​វ៉ាស៊ីនតោន​ក្លាយជា​រដ្ឋ​
​យ៉ាងណាក៏ដោយ ជាច្រើន​ទសវត្សរ៍​មកហើយ គេ​សង្កេតឃើញ​មាន​ចលនា​ប្រជាជន​ដែល​រស់នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន ទាមទារ​សិទ្ធិ​បោះឆ្នោត​និង​តំណាង​ក្នុង​សភា​ទាំងពីរ​ជាន់​ផង​។ ហើយ​ចលនា​នោះ​ក៏​ចង់​មានការ​ទទួលស្គាល់​ភាពជា​រដ្ឋ​របស់​តំបន់​នេះដែរ​។ ហើយ​សមាជិក​និង​មេដឹកនាំ​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ជាច្រើន​នាក់​ក្នុងនោះ​មាន​អតីត​ប្រធានាធិបតី​លោក ប៊ី​ល គ្លី​ន​តុ​ន ប្រធានាធិបតី​បច្ចុប្បន្ន​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​បេក្ខជន​ប្រធានាធិបតី​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ផង​នោះ សុទ្ធតែ​គាំទ្រ វ៉ាស៊ីនតោន​ក្នុងការ​ក្លាយជា​រដ្ឋ​ពេញលេញ​។

​ក្នុងពេលដែល​សហរដ្ឋ​អាមេរិក​កំពុង​មរ​មា​ញឹក​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី  បញ្ហា​ផ្តល់​ឯករាជ្យ​ដល់​ក្រុង​វ៉ាស៊ីនតោន​ក៏​ក្លាយជា​ប្រធានបទ​សំខាន់​ដែរ​។ យោងតាម​សារព័ត៌មាន Politico បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​ទាំងពីរ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន និង​ប៊ែ​នី សេន​ដឺ សុទ្ធតែ​បង្ហាញ​ជំហរ​គាំទ្រ​ភាពជា​រដ្ឋ តែ​គណបក្ស​សាធារណរដ្ឋ មិន​គាំទ្រ​ឡើយ​។ លោក ដូ​ណា​ល់ ត្រាំ បេក្ខជន​តែ​ម្នាក់​នៃ​បក្ស​សា​ធាណរ​ដ្ឋ បានលើកឡើង​រួចហើយ​ថា បញ្ហា​ប្រកាស​ខ្លួន​ជា​រដ្ឋ​របស់​ក្រុង​វ៉ាស៊ីនតោន ជា​រឿង​ស្មុគស្មាញ ហើយ​លោក​មើលមិនឃើញ​ថា វ៉ាស៊ីនតោន​មាន​ភាពជា​រដ្ឋ​ឡើយ​។  ប៉ុន្តែ សេដ្ឋី​អចលនទ្រព្យ​រូបនេះ​ចាត់ទុកថា វា​ជា​រឿង​ធម្មតា​និង​អាច​ទទួលយកបាន បើ​និយាយ​ត្រឹមតែ​រឿង​ផ្តល់​សំឡេងឆ្នោត​ក្នុង​សភា​ដល់​ក្រុង​វ៉ាស៊ីនតោន​។​

៣.​ហេតុអ្វី​បានជា​គេ​ចង់​ប្តូរ​តំបន់​នេះ​ជា​រដ្ឋ ដោយមាន​ឈ្មោះថា កូ​ឡុំ​ប៊ី​ថ្មី « New Columbia» ?
​បច្ចុប្បន្ននេះ អភិបាលក្រុង​វ៉ាស៊ីនតោន​លោកស្រី Muriel Bowser កំពុង​បន្ត​ស្វិតស្វាញ​ដឹកនាំ​ចលនា​ទាមទារ​ឲ្យ​មានការ​ទទួលស្គាល់​វ៉ាស៊ីនតោន​ជា​រដ្ឋ​ថ្មី​របស់​អាមេរិក​។​យោងតាម​ទស្សនា​វ​ដ្តី អា​ត្ល​ង់​ទិ​ក មាន​គម្រោង​រៀបចំ​ឲ្យ​មានការ​បោះឆ្នោត​ប្រជាមតិ​ក្នុង​ទីក្រុង​ទាំងមូល​ដើម្បី​កំណត់​ពី​ភាពជា​រដ្ឋ នៃ​តំបន់​នេះ​នៅ​ខែវិច្ឆិកា​ខាងមុខ​។ ហើយ​ឈ្មោះ​ថ្មី​សម្រាប់​ក្រុង​វ៉ាស៊ីនតោន ពេល​ប្រែក្លាយជា​រដ្ឋ​នោះ គឺ​« កូ​ឡុំ​ប៊ី ថ្មី​»​។ សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ត្រូវបាន​គេ​រៀបចំ​រួចរាល់ ខណៈ​សន្និបាត​រដ្ឋធម្មនុញ្ញ​មួយ​អាច​នឹង​ត្រូវគេ​រៀបចំឡើង​ពាក់កណ្តាល​ខែមិថុនា ដើម្បី​ត្រួតពិនិត្យ​និង​កែតម្រូវ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​នេះ​ផងដែរ​។

​យោងតាម​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​នេះ រដ្ឋ​ទី ៥១ នឹងមិន​រាប់បញ្ចូល​សំណង់​អាគារ​សំខាន់​ដែលជា​ទ្រព្យសម្បតិ្ត​រដ្ឋ​សហព័ន្ធ​មាន​ទាំង​វិមាន​សភា សេត​វិមាន និង​សំណង់​មួយចំនួនទៀត​។ ហើយ​អភិបាលក្រុង​នឹង​ផ្លាស់ប្តូរ​ទៅជា​អភិបាលរដ្ឋ ហើយ​ក្រុមប្រឹក្សា​នឹង​ផ្លាស់ប្តូរ​ទៅជា សភា​រដ្ឋ​វិញ​។ ពេលនោះ​វ៉ាស៊ីនតោន​នឹងមាន​សមាជិកសភា​ដែលជា​អ្នកតំណាង​នៅក្នុង​សភា​សហព័ន្ធ​។

​តាមពិតទៅ​មាន​មូលហេតុ​ចម្បង​មួយចំនួន​ដែល​ជំរុញ​ឲ្យ​មានការ​ទាមទារ​ការបង្កើត​ក្រុង​វ៉ាស៊ីនតោន​ជា​រដ្ឋ​ថ្មី​របស់​អាមេរិក​។ ហេតុផល​ទីមួយ ជាក់ស្តែង​ប្រជាជន​នៅ​វ៉ាស៊ីនតោន​មានកា​ព្វ​កិច្ច​ក្នុង​ការបង់​ពន្ធអាករ​ដូច​ប្រជាជន​រស់នៅក្នុង​បណ្តា​រដ្ឋ​ផ្សេងទៀត​ដែរ តែ​អ្វីដែល​ពួកគេ​អន់ចិត្ត​នោះ​គឺ​ខ្វះ​សំឡេង​ក្នុង​សភា​ទាំងពីរ​ជាន់​។ ថ្វី​បើជា​ទីតាំង​រដ្ឋធានី​មែន វ៉ាស៊ីនតោន​មិនមាន​តំណាង​នៅក្នុង​សភា​ជាន់​ទាប ឬ​ព្រឹទ្ធសភា​ឡើយ​។  ហើយ​វា​ស្ថិតក្រោម​យុត្តាធិការ​របស់​រដ្ឋបាល​កណ្តាល និង​មាន​ស្វ័យគ្រប់គ្រង​ស្ថិតក្រោម​ការកំណត់​មួយ ។ 

​មួយវិញទៀត គេ​សម្អាង​លើ​ចំនួន​ប្រជាជន​និង ការបង់ពន្ធ​ច្រើន​ចូល​រដ្ឋ​រាល់​ឆ្នាំ​។  បើ​យោងតាម​ចំនួន​ប្រជាជន និង​ទីតាំង​ភូមិសាស្ត្រ ក្រុង​វ៉ាស៊ីនតោន សក្តិ​សមជា​រដ្ឋ​ទី​៥១ របស់​អាមេរិក​មែន​។​និយាយ​ទៅ វ៉ាស៊ីនតោន​មាន​ប្រជាជន​ច្រើនជាង រដ្ឋ Vermont និង Wyoming​។​

៤. ហេតុផល​នយោបាយ និង​ច្បាប់​ជា​ឧបសគ្គ​សំខាន់ ដែល​រារាំង​ការ​ក្លាយជា​រដ្ឋ​របស់ ក្រុង​វ៉ាស៊ីនតោន​
​យ៉ាងណាមិញ ដើម្បី​ទទួលបាន​ភាពជា​រដ្ឋ​ស្របច្បាប់ វ៉ាស៊ីនតោន​ត្រូវ​ប្រឈម​បញ្ហា​ច្រើន​ជាពិសេស​បញ្ហា​ច្បាប់​និង​បញ្ហានយោបាយ​ផងដែរ​។ ជារួម​ដើម្បី​សម្រេច​ផ្តល់​ភាពជា​រដ្ឋ​ឲ្យ តំបន់​ខាងលើ វា​ពិត​តម្រូវ​ឲ្យ​មានការ​កែប្រែ​មាត្រា​រដ្ឋធម្មនុញ្ញ ដើម្បី​រៀបចំ​ទទួលស្គាល់​ទឹកដី​នេះ​ជា​រដ្ឋ​ពេញលេញ​ពី​សំណាក់​សភា​អាមេរិក​។ ម្យ៉ាង​រឿង​ដែល​សំខាន់ គឺ​ប្រវត្តិសាស្ត្រ​ដែល​ទាក់ទង​ការបង្កើត​ក្រុង​វ៉ាស៊ីនតោន​ជា​រដ្ឋធានី​។ យោងតាម​Constitution Daily  វា​ជា​រឿង​សំខាន់​មួយ​ដែល​គេ​មិនអាច​បំភ្លេចបាន ព្រោះ​ប្រធានាធិបតី ច​ច វ៉ាស៊ីនតោន បានកំណត់​រួចទៅហើយ​ថា វ៉ាស៊ីនតោន​នេះ​មិនមែនជា​រដ្ឋ ហើយ​លោក​ជ្រើសរើស​ទីតាំង​នេះ​ជា​រដ្ឋធានី ដោយ​វា​ជាមួយ​ផែ្ន​ក​នៃ​រដ្ឋ Maryland និង​រដ្ឋ Virginia​។ 

​ក្រៅពី​បញ្ហា​ប្រវត្តិសាស្ត្រ និង​ច្បាប់  វា​ក៏​ទាក់ទង​បញ្ហានយោបាយ​ដែរ​។ បញ្ហា​នោះ​គឺ​ត្រង់​ថា វា​មានការ​ខ្វែងគំនិត​គ្នា រវាង​អ្នកនយោបាយ​បក្ស​សាធារណរដ្ឋ​និង បក្ស​ប្រជាធិបតេយ្យ​។ គេ​ដឹង​ច្បាស់​ថា មិនមាន​សមាជិកសភា​បក្ស​សាធារណរដ្ឋ​ច្រើន​ទេ​ដែល​គាំទ្រ​គំនិត​បង្កើត​ក្រុង​វ៉ាស៊ីនតោន​ជា​រដ្ឋ​។ នេះ​ក៏ដោយ​សារ បើ​យោងតាម​ប្រជាសាស្ត្រ ការផ្តល់​លក្ខណសម្បត្តិ​ពេញលេញ​ជា​រដ្ឋ​ដល់​តំបន់​កូ​ឡុំ​ប៊ី​នេះ វា​នឹង​បើកផ្លូវ​ឲ្យ​មានការ​បន្ថែមចំនួន​ស​មា​ជិ​ក​សភា​បក្ស​ប្រជាធិបតេយ្យ​ក្នុង​សភា​។ ដូច្នេះ​វា​មិនមែនជា​អ្វីដែល​ក្រុម​អ្នក​សាធារណរដ្ឋ​ចង់បាន​ឡើយ​៕