ស៊ុន​ណា​រី​ម៉ូ​នី​កា​ អត់ទ្រាំ​នឹង​ពាក្យសម្ដី​ដេ​នី​ខ្វាន់​មិនបាន

ស៊ុន​ណា​រី​ម៉ូ​នី​កា​ អត់ទ្រាំ​នឹង​ពាក្យសម្ដី​ដេ​នី​ខ្វាន់​មិនបាន



ភ្នំពេញ ​៖ រហូតមកដល់​ពេលនេះ​ជម្លោះ​ពាក្យសម្ដី​ឌឺដង​ដៀមដាម​ដាក់គ្នា​រវាង​តារា​សិល្បៈ ​ដែល​ចូលចិត្ត​បង្ហាញ​ភាព​សិច​ស៊ី​លេច​លើ​ចំហ​ក្រោម​នាង​ដេ​នី ខ្វាន់​ និង​អ្នកសិល្បៈ​មួយចំនួន​បាននិងកំពុង​មាន​កម្ដៅ​ក្តៅ​ខ្លាំង​ឡើងៗ​ដែល​ក្នុងនោះ​ក៏មាន​តារា​សិល្បៈ​ជាច្រើន​នាក់​មកហើយ​បាន​ចេញមុខ​តតាំង​ជាមួយ​ដេ​នី​ខ្វាន់​ក្នុងន័យ​ស្ថាបនា។

ដោយសារតែ​ភាព​អត់​ទ្រាំលែងបាន​តារា​ចម្រៀង ​និង​កំប្លែង​រៀមច្បង អ្នកនាង​ស៊ុន ណា​រី​ម៉ូ​នី​កា ក៏បាន​ចេញមុខ​មក​រិះគន់ កញ្ញា ដេ​នី ខ្វាន់ ម្នាក់​ទៀតហើយ​ដោយសារ​ការ​សរសេរ​សារ​របស់ កញ្ញា ដេ​នី ខ្វាន់ ក្នុង​អត្ថន័យ​មើលងាយ​អ្នកគាំទ្រ និង​អ្នកសិល្បៈ​រៀមច្បង​ ដោយបាន​ប្រើ​ពាក្យ​សម្ដី​មិនចេះ​ស្គាល់​ចាស់ទុំ​ឬ​រៀម​ច្បង​ក្នុង​ពិភព​សិល្បៈ។

អ្នកនាង ស៊ុន ណា​រី​ម៉ូ​នី​កា មានការ​ខឹងសម្បា​យ៉ាងខ្លាំង​រហូត​ដាច់ចិត្ត​សរសេរ​សារ​នៅក្នុង Account Facebook របស់​អ្នកនាង ដោយមាន​ខ្លឹមសារ​ថា ​៖ នាង​ខ្ញុំ​ស៊ុន ណា​រី​ម៉ូ​នី​កា ថា​មិន​ចង់​និយាយ​ទេ​តែ​ពេលនេះ​សូម​និយាយ​ម្តង ខ្ញុំ​ពិតជា​ហួសចិត្ត ​និង​អៀនខ្មាស​ជំនួស កញ្ញា ដេ​នី ខ្វាន់ ដែល​ស្លៀកពាក់​សិច​ស៊ី​មិន​សមជា​ស្ត្រី​ខ្មែរ​ មិន​សមជា​អ្នកសិល្បៈ​អី​បន្តិច​សោះ ជាពិសេស​នាង​ខ្ញុំ​ឃើញ​បងប្អូន​ខ្មែរ​យើង​និង​អ្នក​សិល្បៈ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​សោះ​បែរជា​នាង សរសេរ​ និង post video ក្នុង Facebook ជេរ​ដៀមដាម​ដល់​អ្នកគាំទ្រ និង​អ្នកសិល្បៈ​គ្នាឯង​រហូតដល់​សង្ឃរាជ​វត្ត​ទៀត .. កញ្ញា ដេ​នី ខ្វាន់​ថា​មិន​រស់​ដោយសារ​សិល្បៈ​ទេ​ តែ​កញ្ញា​ចូល​សិល្បៈ​ធ្វើ​អី ចង់​មក​ដើម្បី​លាប​ពណ៌​ឲ្យ​អ្នកសិល្បៈ​នារី​ខ្មែរ​ស្អុយឈ្មោះ​អាក្រក់​ដោយសារ​នាង​មែន ? នាង​ស្លៀកពាក់​ស្ទើរនឹង​ស្រាត​ទៅហើយ​នៅ​ថា​ខ្លួនឯង​ល្អ​ទៀត ដល់ពេល​គេ​រិះគន់​បែរជា​ជេរ​គេ​ទាំង​បង​ទាំង​ប្អូន មិន​ព្រម​ទទួលស្គាល់​ការពិតហើយ​នៅ​មក​តាំងខ្លួន​ថា​បង​ប្អូនឯង​អស្ចារ្យ​ទៀត។

អ្នកនាង​ស៊ុន ណា​រី​ម៉ូ​នី​កា​សរសេរ​បន្តថា តាំង​នាម​នាង​ខ្ញុំ​ជាតា​រា​កំប្លែង​និង​តារា​ចម្រៀង​មួយរូប​នាង​ខ្ញុំ​មិនដែល​ហ៊ាន​ស្លៀក​សិច​ស៊ី​លេច​លើ​លេច​ក្រោម​ផង ហេតុ​នៅតែមាន​កេរ្តិ៍ឈ្មោះ​ល្បី​និង​គេ​ទទួលស្គាល់​រហូតមកដល់​សព្វថ្ងៃ​។ ខ្ញុំ​ចង់​ប្រាប់​នាង​ថា​មនុស្ស​ដែល​ចង់​ល្បី​ដោយ​កិត្តិយស​គឺ​គេ​មិនមែន​យក​ភាព​សិច​ស៊ី​រហូត​ស្ទើរ​ស្រាត​នោះទេ​ គឺ​គេ​ពឹង​លើ​សមត្ថភាព​និង​ការតស៊ូ​។ ថ្ងៃនេះ​ខ្ញុំ​សូម​និយាយ​ប៉ុណ្ណឹង ដោយ​សង្ឃឹមថា​កញ្ញា ដេ​នី ខ្វាន់ នឹង​កែប្រែ​ហើយ​បើ​នៅតែ​ស្លៀកពាក់​ចឹ​ង សូម​ចេញពី​សិល្បៈ​ទៅ​កុំ​នៅ​នាំ​ឲ្យ​ខូច​ឈ្មោះ​អ្នកសិល្បៈ​ដទៃ ជាពិសេស​នារី​សិល្បៈ​ដែល​គេ​ល្អ​ខំប្រឹង​អភិរក្ស​ និង​ថែរក្សា​តម្លៃ​ប្រពៃណី​វប្បធម៌​ខ្មែរ​យើង៕

ស៊ុន​ណា​រី​ម៉ូ​នី​កា​ អត់ទ្រាំ​នឹង​ពាក្យសម្ដី​ដេ​នី​ខ្វាន់​មិនបាន