អ្វី​ជា​យុទ្ធសាស្ត្រ​កណ្តាប់ដៃ​ដែក​របស់​ប្រធានាធិបតី​ត្រៀម​កាន់តំណែង​ហ្វីលីពីន Rodrigo Duterte?

​បើទោះបីជា​លទ្ធផល​ផ្លូវការ​មិនទាន់​ត្រូវបាន​បង្ហាញ​ក៏ដោយ យោងតាម​ទិន្នន័យ​របស់​ក្រុម​អង្កេត​ការណ៍ បោះឆ្នោត​ហ្វីលីពីន បានបង្ហាញ​យ៉ាងច្បាស់​ហើយ​ថា លោក អភិបាលក្រុង​ដា​វ៉ា​វ Rodrigo Duterte បាន​សង្គ្រោះ​តំណែង​ប្រធានាធិបតី​រួចទៅហើយ​។ ប្រជាជន​ខ្លះ ទំនងជា​កំពុងតែ​ភ័យ ប្រជាជន​ខ្លះ​ដែលជា​អ្នកគាំទ្រ​លោក ក៏​កំពុងតែ​សាទរ​ផងដែរ​។ ហើយ​នោះ​ក៏​ព្រោះតែ​គោលនយោបាយ​ដឹកនាំ​របស់លោក​។ តើ​លោក  Duterte មាន​គោលនយោបាយ​សាហាវ ឬ​អស្ចារ្យ​អ្វីខ្លះ​សម្រាប់​ការដឹកនាំ​ហ្វីលីពីន​ដែលជា​ប្រទេស​មាន​អ្នកនយោបាយ​ដែល​ចេញពី​រង្វង់​គ្រួសារ​មេដឹកនាំ​កំពូលៗ​រយៈ​៦​ឆ្នាំ​ទៅមុខ​នោះ​?

​ប្រធានាធិបតី​ត្រៀម​កាន់តំណែង​ហ្វីលីពីន​លោក Rodrigo Duterte ជា​អ្នក​បន្តវេន​លោក​ប្រធានាធិបតី ជិត​ផុត​អាណត្តិ​លោក Benigno Aquino កំពុងតែ​ត្រូវបាន​តាមដាន​ដោយ​មិន​ដាក់​ភ្នែក​ទាំងពី​ក្របខណ្ឌ ជាតិ និង​អន្តរជាតិ​។ ការណ៍​ដែល​ធ្វើ​ឲ្យ​គេ​មិន​រំលង​ចំពោះ​ដំណើរ​ឆ្ពោះទៅ​កាន់តំណែង​ប្រមុខរដ្ឋ​ហ្វី​លី ពី​ន​នេះ ក៏​ព្រោះតែ​គេ​រង់ចាំ​មើលថា Rodrigo Duterte អាចអនុវត្ត​គោលនយោបាយ​ជាតិ និង​ការ​បរ ទេស ដែល​មតិ​មួយចំនួន លើកឡើងថា​ស្រដៀង​ទៅនឹង​បេក្ខជន​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បានដែរ​ឬ​យ៉ាងណា​។

​គោលការណ៍​អទិភាព​ក្នុង​ក្របខណ្ឌ​ជាតិ​
​ការទទួលបាន​សំឡេងគាំទ្រ​ច្រើន​លើសលប់​ពី​ប្រជាពលរដ្ឋ​ហ្វីលីពីន​របស់លោក Rodrigo Duterte  គឺជា​រឿង​ដែល​មិនអាច​ប្រកែក​បាន​ថា​ជា​ផ្នែក​មួយ​ដោយសារតែ​បទពិសោធ​នៃ​ការដឹកនាំ​រីកចម្រើន​នៅ​ទីក្រុង​ដា​វ៉ា​វរ​យៈ​ជាង​២០​ឆ្នាំ និង​គោលនយោបាយ​ត្រង់ៗ និង​មុតៗ​របស់លោក​ក្នុងការ​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​ជាក់ស្តែង​របស់​ហ្វីលីពីន​។

​លោក Rodrigo Duterte   បាន​សន្យាថា​នៅពេល​កាន់តំណែង​កិច្ចការ​ចម្បង​ដែល​លោក​ត្រូវបានធ្វើ​មុនគេ​នោះ​គឺ​អនុវត្ត​គោលនយោបាយ លុបបំបាត់​អំពើពុករលួយ  កាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ​ការបន្ត​កំណើនសេដ្ឋកិច្ច​៧​ទៅ​៨​ភាគរយ​ដែល​លើសពី​អ្វី​រដ្ឋាភិបាល​លោក​អា​ហ្គី​ណូ​បានធ្វើ និង​ជាពិសេស​នោះ​លោក នឹង​លុបបំបាត់​ការជួញដូរ​គ្រឿងញៀន​ក្នុង​រយៈពេល​តែ​៦​ខែ​ប៉ុណ្ណោះ​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាង​នេះ នោះ​គឺ លោក សន្យា ថា​នឹងមាន ការសម្លាប់​រង្គាល ពោលគឺ​លោក​នឹង​សម្លាប់​ជនល្មើស​ជាង​១​ម៉ឺន​នាក់ ហើយ​យក​សាក សព​ទាំងនោះ​ទៅ​ឲ្យ​ត្រី​ស៊ី​តែម្តង​។ គោលនយោបាយ​នេះហើយ​បានធ្វើ​ឲ្យ​មតិ​ភាគច្រើន​ហៅ​លោ​កថា​ជា​មេដឹកនាំ​ដ៏​គួរ​ឲ្យ​គ្រោះថ្នាក់ និង​ជា «​អ្នក​ដាក់ទណ្ឌកម្ម​»​។

​ក្នុង​ចំណាត់ការ​លុបបំបាត់​អំពើពុករលួយ អ្នកនយោបាយ​វ័យ​៧១​ឆ្នាំ​រូបនោះ បាន​លើក​ពី​គំរូ​នៃ​ជីវិត​សាមញ្ញ​របស់លោក​ក្នុងការ​ចៀស​ឲ្យ​ផុតពី​អំពើពុករលួយ​ក្នុង​រយៈពេល​២២​ឆ្នាំ​កន្លងទៅនេះ​។ លោក បាន​បញ្ជាក់ថា លោក មិនដែល​មានរឿង​អាស្រូវ​ពុករលួយ​នោះទេ ហើយ​ប្រសិនបើ លោក ពាក់ព័ន្ធ​នឹង​អំពើពុករលួយ លោក ប្រហែលជា​មានផ្ទះ​ធំ​សម្រាប់​រស់នៅ​ហើយ​ដូច​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន​ហើយ​។ លោក សង្កត់ធ្ងន់ថា លោក គេច​ពី​ឱកាស​ក្នុង​ការទទួល​យកលុយ​កខ្វក់ ទើប​លោក មាន​ត្រឹមតែ​ផ្ទះ​ដ៏ តូច​មួយ​ប៉ុណ្ណោះ​។

​រដ្ឋាភិបាល​ថ្មី អាច​ផ្តល់​សង្ឃឹម​ក្នុង​កសាង​សន្តិភាព​ជាមួយ​ក្រុម​ឧទ្ទាម​
​ជុំវិញ​បញ្ហា​សន្តិសុខ​វិញ ដូច​បានដឹង​ស្រាប់ ហ្វីលីពីន គឺជា​រដ្ឋ​មួយ​ដែល​សំបូរ​ទៅ​បណ្តុំ​កោះ​ជាច្រើន​ដ៏​ស្មុគស្មាញ ដែល​បាន​ក្លាយជា​ភូមិសាស្ត្រ​ស្មុគស្មាញ​សម្រាប់​រដ្ឋាភិបាល​គ្រប់គ្រង​។ កត្តា​នេះហើយ បានផ្តល់​ឱកាស​ឲ្យ​ក្រុម​ឧទ្ទាម​ជាច្រើន​ក្រុម​បានដាក់​មូលដ្ឋាន​ខ្លួន​នៅ​ទីនោះ ហើយ​បាន​គំរាមកំហែង ដល់​សន្តិសុខ​ជាតិ និង​ការរស់នៅ​របស់​ប្រជាជន​។ កន្លងមក​បើទោះជា​រដ្ឋបាល​របស់លោក អា​ហ្គី​ណូ បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​នៅក្នុង​២០១៤​ក៏ដោយ ការប៉ះទង្គិច​គ្នា និង​ការចាប់​ជំរិត​នៅ​បន្ត​កើត មាន​ជា​បន្តបន្ទាប់​។​

​ឆ្លើយតប​ញ្ហា​នេះ ជំនួយការ​របស់លោក Rodrigo Duterte  បាន​អះអាងថា រដ្ឋាភិបាល​ថ្មី​ដែល​គ្រោង​នឹង ចូល​ស្បថ​នៅ​ថ្ងៃទី​៣០ ខែមិថុនា ខាងមុខ បានបង្ហាញ​ពី​ការត្រៀមខ្លួន​ក្នុងការ​ដោះលែង​ក្រុម​ឧទ្ទាម​ជាច្រើន​នាក់​ដែល​ហេតុផល​មួយ​សម្រាប់​ដំណើរការ​ការចរចា​ស​ន្តិ​ភាព​ឡើងវិញ​។​

​ទំនាក់ទំនង​ហ្វីលីពីន​-​អាមេរិក អាច​នឹង​ប្រះ​ឆា​?

​សម្រាប់​គោលនយោបាយ​ការបរទេស ជាពិសេស​លើ​ចំណុចរសើប​សមុទ្រ​ចិន​ខាងត្បូង លោក Duterte បាន​អះអាងថា លោក ចង់ លុបចោល​កិច្ចព្រមព្រៀង​ដែល​អនុញ្ញាត​ឲ្យ​ទ័ព​អាមេរិក​ចូលមក​ធ្វើ​សមយុទ្ធ យោធា ហើយ​លោក ចង់​សួរ​ពី​ការប្តេជ្ញាចិត្ត​របស់​អាមេរិក​ក្នុងការ​ការពារ​ប្រទេស​ក្នុង​ជម្លោះដែនសមុទ្រ​ជាមួយ​ចិន​។ លោក នៅតែ​ចាត់ទុក​តំបន់​ជម្លោះ​ទាំងនោះ ថា​ជា​កម្មសិទ្ធិ​របស់​ហ្វីលីពីន​ដដែល តែ​លោក មិន​ធ្វើសង្គ្រាម​ជាមួយនឹង​ចិន​នោះទេ​៕