Metfone ដាក់​ដំណើរការ​​​ប្រព័ន្ធ​បច្ចេកវិទ្យា 4G

ក្រុមហ៊ុន Metfone បាន​ដាក់​ដំណើរការ​ប្រព័ន្ធ​សេវា 4G ជា​ផ្លូវការ ក្នុង​ពេល​ដែល​បច្ចេកវិទ្យា​នេះ​កំពុង​ប្រើប្រាស់​​យ៉ាង​ទូលំទូលាយ​​​​តាម​រយៈ​​ក្រុមហ៊ុន​ទូរសព្ទ​ក្នុង​ប្រទេស​កម្ពុជា។

 

លោក ឱម តុលា​រតន៍ អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​មួយ​រូប​នៅ​ក្រុមហ៊ុន Metfone បាន​ឲ្យ​ដឹង​ថា ការ​ដាក់​ឲ្យ​ប្រើប្រាស់បច្ចេកវិទ្យា 4G ​របស់ Metfone នៅ​ពេល​នេះ​គោលដៅ​ធំ​បំផុត​គឺ​ការ​នាំ​សេវា​អ៊ីនធឺណិត​ដែល​មាន​ល្បឿន​លឿន​ពិត​ប្រាកដ ដែល​អ្នក​ប្រើប្រាស់​អាច​ជឿ​ទុក​ចិត្ត។

 

លោក​​ថា ​មាន​ការ​យឺតយ៉ាវ​បន្តិច​​​​​​ក្នុង​ពេល​​ដែល​ក្រុមហ៊ុន​​គូ​ប្រកួតប្រជែង​មួយ​ចំនួន​បាន​សម្រេច​ប្រើ​បច្ចេកវិទ្យា​ចុងក្រោយ​​នេះ​ដល់​អតិថិជន​របស់​ខ្លួន​ ប៉ុន្តែ​​ការ​​នាំ​បច្ចេកវិទ្យា​​ថ្មី​ ដែល​អាច​និយាយ​ថា​អ្នក​ប្រើប្រាស់​នឹង​ទទួល​សេវា​អ៊ីនធឺណិត​​​ល្បឿន​លឿននៅ​គ្រប់​ទីកន្លែង​ជាមួយ​សេវា​គ្រប​ដណ្ដប់​គ្រប់​ខេត្ត​ក្រុង​ ១០០ ភាគរយ និង​តំបន់​ប្រជុំជន ៩០ ភាគរយ។

 

ក្រុមហ៊ុន​ទូរគមនាគមន៍​នៅ​កម្ពុជា​កំពុង​ប្រកួត​ប្រជែង​គ្នា ដើម្បី​បោះ​ជំហាន​ទៅ​រក​ប្រព័ន្ធ 4G នៅ​ពេល​ដែល​ការ​ប្រើប្រាស់​អ៊ីនធឺណិត​តាម​ទូរសព្ទ​ចល័ត​កំពុង​កើន​ឡើង។ Metfone ជា​ក្រុមហ៊ុន​ថ្មី​មួយ​ទៀត​បន្ទាប់​ពី Smart, Cellcard និង Seatel ដែល​បាន​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​​បច្ចេកវិទ្យា​ចុងក្រោយ​សម្រាប់​ប្រទេស​កម្ពុជា។

 

 

អត្ថបទ៖ ប៊ុណ្ណារ៉ា