លីកបាល់​បោះ​កម្ពុជា​រដូវ​ឆ្នាំ​២០១៦ នឹង​កាន់​តែ​មាន​ភាព​ទាក់​ទាញ​

ការ​ប្រកួត​​ក្របខ័ណ្ឌ​លីក​បាល់​បោះ​កម្ពុជា ដែល​ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា«​ការ​ប្រកួត​កីឡា​បាល់​បោះ​ស្រាបៀរអង្គរ​ ឆ្នាំ​២០១៦»​នោះ នឹង​ចាប់​ដំណើរ​ការ​ប្រកួត​នៅ​ខែមិថុនា ខាង​មុខ​នេះ ខណៈ​ការ​ប្រកួត​រដូវ​កាល​ថ្មី​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​កាន់តែ​មាន​ភាព​ទាក់​ទាញ ខណៈ​ក្រុម​បាល់​បោះ​មក​ពី​សមាគម​ជាតិ​សហរដ្ឋ​អា​មេរិក​ដ៏​ល្បី​ឈ្មោះ​ NBA ​(National Basket Association) ក៏​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ​នោះ។
basket
បើ​តាម​ការ​ប្រកាស នៅ​ក្នុ​ង​សន្និសីទ​កាសែត នៅ​ទីស្នាក់​ការ​គណៈ​កម្មាធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា(NOCC) ដោយ​រៀបចំ​ឡើង​ដោយ NOCC និង​សហព័ន្ធ​កីឡា​បាល់​បោះ​កម្ពុជា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​នៅ​រដូវ​កាល​ថ្មី​នេះ មាន​ក្រុម​ចូល​រួម​ចំនួន​១០ ហើយ​នៅ​ក្នុង​នោះ​ក៏​មាន​សមាសភាព​ក្រុម NBA មក​ពី​អាមេរិក​ផង​ដែរ ហើយ​ការ​ប្រកួត នឹង​ចាប់​ផ្តើមពី​ថ្ងៃ​ទី​២៥​ ខែមិថុនា​ ​ដល់​ទី​២៤ ខែ​កញ្ញា ​នៅ​ក្នុង​វិមាន​ពហុកីឡា​ដ្ឋាន​ជាតិ។ ​​

​ លោក វ៉ាត់ ​ចំរើន​ អគ្គលេខា​ធិ​ការ NOCC ​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​នោះ​ថា៖​«ក្រុម​បាល់​បោះ NBA របស់សហរដ្ឋអាមេរិក ​ដែល​លេង​ក្នុង​កម្រិត​​ពិភព​លោកនោះ ​នឹង​បង្ហាញ​វត្តមានក្នុងការ​ប្រកួត​លីក​បាល់​បោះ​កម្ពុជា រដូវ​កាល​នេះ ហើយ​វាជា​​មាន​មោទ​នភាព​ខ្លាំងមួយ​ចំពោះ​កម្ពុជា ​ ព្រោះ​នេះ​ជា​លើក​ដំបូង​ហើយ ​ដែល​ក្រុមបាល់បោះ​​លេង​ក្នុង​លំដាប់​ខ្ពស់​របស់​អាមេរិក​ បាន​ងាក​មក​ចាប់​អារម្មណ៍​ចង់​ជួយ​កម្ពុជា ដោយនេះ​ជា​ចំណុច​ដ៏​ល្អ​បំផុត មុនយើង​​ឈាន​​ទៅ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​ស៊ីហ្គេម នៅ​ឆ្នាំ​២០២៣»។
basket1

basket2
ចំពោះ​វត្ត​មាន​របស់​ក្រុម​បាល់​បោះ​មក​ពី​អាមេរិក​នេះ លោក​ ចំរើន បាន​ប្រាប់​លម្អិត​ថា ក្រុម​ NBA នេះ​គេ​មក​ក្នុង​គោល​ដៅ​មនុស្សធម៌ និង​ចង់​ចែក​រំលែក​បទ​ពិសោធ​ដល់​កម្ពុជា ​ព្រោះ​ក្រុម​នេះ​ នឹងចុះ​ទៅ​តាម​វិទ្យាល័យ​នានា​ ដើម្បី​ផ្ដល់​សម្ភារ​បាល់បោះ​ដូច​ជា ​បាល់ សំណាញ់ និង​បង្ហាញ​ពី​របៀប​លេង​ដល់​សិស្សា​នុសិស្ស​ទៀត​ផង​។ ​ក្រុម NBA នឹង​មក​ដល់​កម្ពុជានៅ​​ថ្ងៃទី១១ ខែមិថុនា នឹង​ស្នាក់​នៅ​កម្ពុជា​រហូត​ដល់​ថ្ងៃទី​១៨​ ខែ​កក្កដា ​ឆ្នាំ​២០១៦​ ហើយ​​ពួក​គេក៏​​នឹង​ទៅ​ទស្សនា​អង្គរវត្ត ​ខេត្ត​សៀម​រាប ក្រោយ​បញ្ចប់​បេសកកម្ម ​ផង​ដែរ។
basket3
ចំណែក លោក ​កៅ ​កាន់​ណាលី​ អគ្គ​លេខាធិការ​រង​ សហព័ន្ធ​កីឡាបាល់​បោះ​កម្ពុជា ​​បាន​និយាយ​​ថា​៖«​នេះ​ជា​រដូវ​កាល​ទី​៤​ហើយ​ ដែល​យើង​បាន​រៀបចំ​ការ​ប្រកួត​លីក​បាល់​បោះ​កម្ពុជា ហើយ​លក្ខខណ្ឌ​នៃការ​ប្រកួតមិន​​​ខុស​ពី​ឆ្នាំ​មុនៗ​ទេ គឺ​ក្រុម​ទាំង​១០ នឹង​ត្រូវ​​ធ្វើ​ការ​ប្រ​កួតសន្សំ​ពិន្ទុ តាមរូប​មន្ត​វិល​ជុំ ​ហើយ​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ចំនួន​៨​ក្រុម នឹង​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត រួច​សម្រិត​សម្រាំង​យក​៤​ក្រុម ដើម្បី​ឡើង​​ទៅ​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ និង​​ផ្តាច់​ព្រ័ត្រ​តែ​ម្តង​ ដោយ​សរុប​គឺ​មួយ​រដូវ​កាល​នេះ​​មាន​ការ​ប្រកួត​​ចំនួន​​៤៥​ប្រ​កួត»។

ចំពោះ​ប្រាក់​រង្វាន់​វិញ ត្រូវ​បាន​តំណាង​ក្រុម​ហ៊ុន​ស្រា​បៀរ​អង្គរ ​ប្រាប់​ថា​ ​ក្រុម​ម្ចាស់​ជើង​ឯក នឹង​​ទទួល​បានទឹក​​ប្រាក់​៣​០០០ដុល្លារ និងមេដាយមាស ​ក្រុម​លេខ​២​​ ​បាន​២​០០០​ដុល្លារ អម​ដោយ​មេដាយ​ប្រាក់ ​ហើយ​​​ក្រុម​​លេខ​៣ នឹង​​ទទួល​បាន​​១​០០០ដុល្លារ អមដោយ​មេដាយ​សំរឹទ្ធ៕