រថយន្ត​​​​​១១៣​គ្រឿង​​​​ដល់រាជធានី​ភ្នំពេញ​​យ៉ាង​ជោគជ័យ​

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ផ្លូវ​កំពុង​តែ​កក​ស្ទះ​ចរាចរណ៍​ គេឃើញ​​មាន​ក្បួន​រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន​១១៣​គ្រឿង​​របស់​រាជ​រដ្ឋា​ភិបាល​​ដែល​​​ទិញ​មក​ពី​សាធារណរដ្ឋ​ប្រជាមានិត​​ចិន យក​​មក​ដល់​រាជធានី​ភ្នំពេញ​ហើយ កាលពី​វេលា​ម៉ោង​១០ ​និង​៣០​នាទី​យប់​​ថ្ងៃ​ទី​១២ ​ឧសភា ។

ប្រភព​ឱ្យ​​ដឹង​ថា រថយន្ត​ពន្លត់អគ្គិ​ភ័យ​ចំនួន​១១៣​គ្រឿង​ ដែល​រាជរដ្ឋាភិបាល​បាន​ទិញ​មក​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន គឺ​​បាន​​នាំ​ចូល​​​ដឹក​​ពី​ខេត្ត​ព្រះ​សីហ​នុ ​រួច​ធ្វើ​ដំណើរ​មក​ដល់​សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន ។ ខណៈ​​​នោះ ​ផ្លូវ​កំពុង​តែ​ស្ទះចរាចរណ៍​ត្រូវ​បាន អាជ្ញាធរ​រក​ដី​ឡូត៍​មួយ​កន្លែង ​សម្រាប់​​រថយន្ត​ចត​សម្រាក​សិន​ទាល់តែ​ចរាចរណ៍​ធូរស្រាល ទើប​ឲ្យ​រថយន្ត​ពន្លត់អគ្គិ​ភ័យ​បើក​ចូល​ក្នុង​រាជធានី​ភ្នំពេញ​ យក​ទៅ​រក្សា​ទុក​នៅ​កោះ​ពេជ្រ ។

ប្រភព​បន្ត​ថា រថយន្ត​ពន្លត់​ទាំង​​ចំនួន​១១៣​គ្រឿង​ ត្រូវ​បាន​រាជរដ្ឋាភិបាល​នឹង​​ចែកចាយ​ទៅ​តាម​បណ្តា​ខេត្ត-​ក្រុង​​ក្នុង​​ទូ​ទាំង​ប្រទេស​កម្ពុជា​ ដើម្បី​ទប់ស្កាត់ពេល​មាន​គ្រោះ​អគ្គិ​​ភ័យ​​កើតឡើង​ ។