ទម្លាប់ ១០ យ៉ាង​ដែល​ធ្វើឲ្យ​តម្រងនោម​អ្នក កាន់តែ​ខូច​ខ្លាំង​

ទម្លាប់ ១០ យ៉ាង​ដែល​ធ្វើឲ្យ​តម្រងនោម​អ្នក កាន់តែ​ខូច​ខ្លាំង​

​តម្រងនោម​របស់​មនុស្ស​យើង គឺជា​សរីរាង្គ​ដ៏​សំខាន់​បំផុត​ក្នុង​រាងកាយ ព្រោះ​វា​មាន​តួនាទី​ច្រោះ​ជាតិពុល ទឹកនោម និង​ទឹក​ជាច្រើន​ពី​ក្នុង​រាងកាយ​របស់​យើង​។ ក្រៅពី​ច្រោះ​ជាតិពុល តម្រងនោម​ក៏មាន​តួនាទី​ថែរក្សា កម្រិត​អេឡិចត្រូ​លីត្រ និង​បង្កើត​ជា​អ័រម៉ូន​ជាច្រើន ដើម្បី​សម្របសម្រួល​សម្ពាធ​ឈាម បង្កើត​គ្រាប់​ឈាម​ក្រហម និង​ឆ្អឹង​រឹងមាំ​។

​ដើម្បី​ឲ្យ​តម្រងនោម ធ្វើការ​បាន​កាន់តែ​ល្អ យើង​ក៏​ត្រូវ​ធ្វើ​យ៉ាងណា ឲ្យ​តម្រងនោ​មមាន​សុខភាព​ល្អ​ដែរ​។ ដូច្នេះ អ្នក​គួរតែ​លះបង់​ទម្លាប់​អាក្រក់ ខាងក្រោម​នេះ​ចោល​ទៅ បើសិនជា​ចង់​ថែរក្សា តម្រងនោម​កាន់តែ​ល្អ និង​ចៀសវាង​ការ​ខ្សោយតម្រងនោម​។

ញ៉ាំ​ផ្អែម​ពេក​
តាម​ការសិក្សា​មួយ​ចំនួន បានឲ្យដឹងថា អ្នក​ដែល​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម ពីរ​បី​ដង​ក្នុង​មួយថ្ងៃ នឹង​ធ្វើឲ្យ​មាន​ជាតិ​ប្រូតេអ៊ីន តាម​ទឹកនោម​ពួកគេ​។ នេះ​ហើយ​គឺជា​សញ្ញា​ព្រមាន​ភ្លាមៗ ដែល​ប្រាប់​តម្រងនោម​អ្នក កំពុងតែ​មាន​បញ្ហា​ហើយ​។

ទប់​នោម​
ចូរ​ធ្វើយ៉ាងណា កុំ​ទប់​នោម​ឲ្យសោះ ព្រោះ​វា​នឹង​បង្កើន​សម្ពាធ​ក្នុង​ប្លោកនោម និង​អាច​បង្ក​ជា​គ្រួស​ក្នុង​តម្រងនោម​បាន​។

ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​ខុស​ក្បួន​
មនុស្ស​យើង​តែងតែ​ប្រើ​ថ្នាំ បំបាត់​ការឈឺចាប់​ច្រើន​ជាង​ធម្មតា និង​មិន​បានដឹង​អំពី ផល​រំខាន​អវិជ្ជមាន​របស់​វា​ឡើយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​ច្រើនពេក អាច​ធ្វើឲ្យ​តម្រងនោម​ខូច ឬ​ខ្សោយ​បាន​។

ញ៉ាំ​ទឹក​តិច​
បើសិន​ជា​អ្នក​មិន​ញ៉ាំ​ទឹក​ច្រើន​ទេ តម្រងនោម​នឹង​មិន​អាច​ច្រោះ​ឈាម និង​បញ្ចេញ​កាកសំណល់​ចោល​បាន​ល្អ​ទេ ផ្ទុយទៅវិញ ជាតិពុល​នឹង​កើន​ឡើង​ក្នុង​ខ្លួន និង​បង្ក​ជា​ការខូចខាត​កាន់តែច្រើន​ទៀត​។

ញ៉ាំ​ប្រៃ​ពេក​
ការ​ញ៉ាំ​ជាតិ​ប្រៃ​ច្រើនពេក អាច​បង្ក​ជា​ការខូចខាត​បាន ព្រោះ​វា​នឹងដាក់​សម្ពាធ កាន់តែ​ច្រើន​ដល់​តម្រងនោម និង​លើស​សម្ពាធ​ឈាម​ទៀត​។

ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនពេក​
ការ​ញ៉ាំ​គ្រឿង​ស្រវឹង គឺ​មិន​មាន​ការ​ហាមប្រាម​នោះទេ ប៉ុន្តែ ការ​ញ៉ាំ​ច្រើនពេក វា​អាច​នឹង​ធ្វើឲ្យ​តម្រងនោម​ខូច​បាន ព្រោះ​នឹងដាក់​សម្ពាធ ទៅលើ​តម្រងនោម ព្រម​ទាំង​ថ្លើម​ផងដែរ​។

ញ៉ាំ​ប្រូតេអ៊ីន​សត្វ​ច្រើនពេក​

ចូរ​ប្រាកដថា អ្នក​គួរតែ​ចៀសវាង​ការ​ញ៉ាំ​ប្រូតេអ៊ីន​សត្វ​ច្រើន ជាពិសេស​សាច់​ក្រហម ព្រោះ​វា​អាច​ធ្វើឲ្យ​តម្រងនោម​ខូច​បាន​។

កង្វះ​ជាតិ​រ៉ែ និង​វីតាមីន
ដូច​យើង​ធ្លាប់​ដឹង​រួចហើយ​ថា របប​អាហារ​ផ្តល់​សុខភាព គឺជា​រឿង​សំខាន់​សម្រាប់​សុខភាព​ទូទៅ ហើយ​តម្រងនោម​ក៏​អញ្ជឹង​។ យ៉ាងណាមិញ កាលណា​មាន​បញ្ហា​ខ្វះ​ជីវជាតិ​ច្រើនណាស់ ដែល​អាច​បង្កើន​ការ​កើត​ជា​គ្រួស​ក្នុង​តម្រង​នោម ឬ​ខ្សោយតម្រងនោម​បានដែរ ជាពិសេស​ម៉ាញ៉េ​ស្យូម និង​វីតាមីន B6 តែម្តង​។

ញ៉ាំ​កាហ្វេ​ច្រើនពេក​
ការ​ញ៉ាំ​កាហ្វេ​ច្រើនពេក អាច​ធ្វើឲ្យ​តម្រងនោម​ខូច​បាន បើសិនជា​ញ៉ាំ​រយៈពេល​យូរ​។

គេង​មិន​គ្រប់គ្រាន់​

វា​ក៏​មិន​ខុស​គ្នា នឹង​បញ្ហា​សុខ​ភាព​ផ្សេងៗ​ទៀត ការ​គេង​មិន​គ្រប់គ្រាន់ ក៏​អាច​បង្ក​ជា​ជំងឺ​តម្រងនោម​បានដែរ​។ រាងកាយ​ត្រូវការ​ពេលវេលា ជួសជុល​ជាលិកា​តម្រងនោម ខណៈពេល​កំពុង​តែ​គេង ដូច្នេះ បើសិនជា​គេ​មិន​គ្រប់​ផង វា​នឹង​ធ្វើឲ្យ​កាន់តែ​ពិបាក​ជួសជុល​ថែមទៀ​ត​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។