ប្រតិកម្ម​សម្តេច​តេ​ជោ លើ​ការ​មួលបង្កាច់​កំណើត កូនប្រុស​ច្បង ហ៊ុន ម៉ា​ណែ​ត

ប្រតិកម្ម​សម្តេច​តេ​ជោ លើ​ការ​មួលបង្កាច់​កំណើត កូនប្រុស​ច្បង ហ៊ុន ម៉ា​ណែ​ត



រាជធានី​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​គណបក្សប្រឆាំង​ដែល​បាន​ប្រមាថ​ថ្នាក់​ដល់កម្រិត​ថា កូន (​ហ៊ុន ម៉ា​ណែ​ត​) និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ជា​ប្រពន្ធ​របស់​មេដឹកនាំ​វៀតណាម​ណា​ម្នាក់​... រួច​បានកូន​យក​ទៅ​ឱ្យ​លោក សុខ អាន ចិញ្ចឹម ។

សម្ដេច​តេ​ជា​នាយក​រដ្ឋមន្ដ្រី បាន​ប្រតិកម្ម​បែប​នេះ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៦ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​ជ័យ​លា​ភី​សរុប​ចំនួន​៨៦០​នាក់ ដែល​បាន​បញ្ចប់​ការ​សិក្សា​ក្នុង​ឆ្នាំ​២០១៤-២០១៥ និង​២០១៥-២០១៦ នៃ​សាកលវិទ្យាល័យ​អាយ​អាយ​ស៊ីបច្ចេកវិទ្យា ។

សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា គេ​អាច​មួលបង្កាច់​បែប​នេះ​ទៅ​រួច តើ​រឿង​អ្វី​ទៀត​ដែល​គេ​មិន​អាច​មួលបង្កាច់​បាន? ខ្ញុំ​សូម​ផ្ដាំ​ទៅ​គណបក្សប្រឆាំង ខ្ញុំ​ត្រូវ​ប្រកាន់​ឥរិយាបថ​មួយ បើ​អ្នកឯង​មិន​ឱ្យ​ខ្ញុំ​សុខ ខ្ញុំ​ក៏​មិន​ឱ្យ​អ្នកឯង​សុខ​ដែរ ។ បើ​អ្នកឯង​ចង់​លេង ខ្ញុំកំដរ​លេង​ជាមួយ​អ្នកឯង ។

ម៉ា​ណែ​ត ទៅ​អា​មេ​រិ​ក បាតុកម្ម​ធ្វើ​អ្វី​អត់​កើត បាតុករ​៥០​នាក់ អ្នក​ចួ​ល​រួម​ទទួល ហ៊ុន ម៉ា​ណែ​ត ៥០០​នាក់ ។ បាតុករ​៣០​នាក់ អ្នកចូលរួម​ទទួល​៥០០​នាក់ ។ បាតុករ​២៥​នាក់ អ្នកចូលរួម​ទទួល​៥០០​នាក់ ។ ដល់​ធ្វើ​អី​មិន​ចេញ បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ដែល​ជា​មិនមែន​រឿង​ថ្មី​របស់​បក្ស​ប្រឆាំង​ទេ ។

សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា កូនប្រុស​ខ្ញុំ​ថា ពុក​ខ្ញុំ​សូម​ប្រកាស​តែ​ម្ដង ត្រូវ​ដាក់​ខសន្យា​ជាមួយ​គ្នា ធ្វើ DNA ។ បើសិន​ខ្ញុំ​ជា​កូន​ឪពុក​ខ្ញុំ អ្នកឯង​ត្រូវ​ដកខ្លួន​ចេញពី​នយោបាយ ។ ផ្ទុយ​ទៅ​វិញ​បើសិនជា​ខ្ញុំ មិនមែន​ជា​កូន​ឪពុក​ខ្ញុំ​មែន​ទេ យើង​ក៏​ត្រូវ​ដកខ្លួន​ចេញពី​នយោបាយ ។

សម្តេច​តេ​ជោ​បាន​វាយ​ទៅ​វិញ​ថា កុំ​រវល់​ជាមួយ​ពួក​វា ។ ហ៊ុន ម៉ា​ណែ​ត គឺជា​មនុស្ស​ដែល​នឹងនរ​ជាងគេ​ក្នុង​ចំណោម​កូន​ទាំងអស់ តែ​ដោយ​អត់ទ្រាំ​មិន​បាន​ជាមួយនឹង​ការ​ជេរ​ប្រមាថ​ប្រពន្ធ​ខ្ញុំ ស្មើ​ទៅ​នឹង​ស្រី​របស់​មេដឹកនាំ​វៀតណាម​ម្នាក់ កូន​របស់ខ្ញុំ​ទៅ​ជា​កូន​របស់​មេដឹកនាំ​វៀតណាម​ម្នាក់ ។

ដូច្នេះ​ខ្ញុំ​ប្រាប់​ឱ្យ​ហើយ ចំណុច​នេះ​មួយ​ដាច់ខាត គ្មាន​ការ​កែតម្រូវ​ណាមួយ ហើយ​គ្មាន​ការ​ណែនាំ​ណាមួយ​ឱ្យ​ខ្ញុំ​ឃើញ អ្នកឯង​មិន​ចាំបាច់រ​កដៃ ហ៊ុន សែន ឱ្យ​ជួយ​អ្វី​ទេ ។

ដំណើរការ​ក្តី​របស់​តុលាការ គឺ​ត្រូវធ្វើ​ដោយ​តុលាការ ដោយ​គ្មាន​ការ​ពាក់ព័ន្ធ​ជាមួយ ហ៊ុន សែន ទេ កុំមក​និយាយ ។
ខ្ញុំ​ឱ្យ​អ្នកឯង​យក​ទៅ​ផ្សាយ ហើយ​បើ​អ្នកឯង​ផ្សាយ​ខុស អ្នកឯង​ត្រូវ​ទទួលខុសត្រូវ​លើក​នេះ ។ កុំ​យក​ទៅ​ដាក់​ចំណងជើង​ផ្សេង​ណា ។ យក​ល្អ​អ្នកឯង​កុំ​និយាយ​ពី​ខ្ញុំ​តែ​ម្តង​គឺ​ល្អ​ហើយ ។ ខ្ញុំ​នឹង​ពិនិត្យ​មើលផ្លូវ​ច្បាប់​នានា បើ​អ្នកឯង​ហ៊ាន​ផ្សាយ​ខុស​ពី​ខ្ញុំ​និយាយ​...​។ យក​ល្អ​អ្នកឯង​កុំ​និយាយ​ពី​ខ្ញុំ​តែ​ម្តង​ទៅ ៕