កម្មវិធី​ទូរទស្សន៍​ថ្មី របស់ អាចារ្យ​អេ និង​លោក សោម ឆាយា នឹង​ចូល​មកដល់​នៅ​សប្តាហ៍​ក្រោយ​

ភ្នំពេញ​:
​ការរាប់​ថយក្រោយ​សម្រាប់​កម្មវិធី​ទូរទស្សន៍​ថ្មី របស់ ភី​អិន​អិន ជា​ការច្របាច់បញ្ចូលគ្នា រវាង​ពិធីករ នៃ​វិទ្យុ​ក្នុងស្រុក​ដ៏​ល្បី ABC គឺ​អាចារ្យ​អេ និង​លោក សោម ឆាយា ក្នុង​កម្មវិធី​ថ្មី​មិន​ធ្លាប់មាន​ពីមុន​នៅ​កម្ពុជា នឹង​ចាប់ផ្តើម​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ ភី​អិន​អិន នា​សប្តាហ៍​ក្រោយ​តទៅ​។​

“​មតិផ្ទុយ​”​ជា​កម្មវិធី​ថ្មី​សន្លាង​មួយ ដែល​នឹង​ចាប់ផ្តើម​បង្ហាញ​វត្តមាន​របស់ខ្លួន​ក្នុង​រយៈពេល​៣​ថ្ងៃ​ខាងមុខ​ពោលគឺ​នៅ​ថ្ងៃ​ចន្ទ ទី​១៦ ឧសភា នេះ ដើម្បី​បម្រើ​សេចក្តីត្រូវការ​របស់​ទ​ស្ស​និក​ជន និង​ប្រិយមិត្ត​អ្នក​ស្តាប់​ក្នុង​វិស័យ​ព័ត៌មាន ដោយមាន​ការផ្សាយ​ផ្ទាល់​រយៈពេល ២​ម៉ោង​ពេញ ចាប់ពី​ម៉ោង ៧ ដល់​ម៉ោង​៩​ព្រឹក ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ​។​

​នេះ​ជា​លើកទីមួយ ដែល​លោក អាចារ្យ អេ ពិធីករ​វិទ្យុ​មួយរូប បង្ហាញខ្លួន​ក្នុង​កម្មវិធី​ទូរទស្សន៍ ជាមួយនឹង​ពិធីករ​ព័ត៌មាន​ពោរពេញ​ដោយ​បទពិសោធន៍​របស់ ភី​អិន​អិន គឺ​លោក សោម ឆាយា​។​

​ក្រៅពី​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ ភី​អិន​អិន កម្មវិធី​នេះ​ក៏​នឹង​ផ្សាយ​បន្ត​តាមរយៈ​វិទ្យុ ABC ដោយមាន​ក្រុមការងារ​តំណាង​វិទ្យុ ABC និង​ពិធី​ការិនី​របស់ ភី​អិន​អិន រួមគ្នា​ទទួល​ការហៅ​ទូរស័ព្ទ​ចូល​ពី​ប្រិយមិត្ត ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ​កំពុង​កើតមាន​ក្នុងសង្គម​។​

​អាចារ្យ អេ ជា​ពិធីករ​មួយរូប មានការ​គាំទ្រ​ខ្លាំង តាមរយៈ​កម្មវិធី​វិទ្យុ ABC ខណៈ​វត្តមាន​របស់លោក​ក្នុង​កម្មវិធី​ទូរទស្សន៍ ភី​អិន​អិន រំពឹង​អាច​គាងគរ ប្រិយមិត្ត​វិទ្យុ ងាក​មក​ចាប់អារម្មណ៍ និង​ទស្សនា​កម្មវិធី​ទូរទស្សន៍​“​មតិផ្ទុយ​” កាន់តែច្រើន​កុះករ​ថែមទៀត​។​

​អគ្គនាយករង​ស្ថានីយទូរទស្សន៍ ភី​អិន​អិន លោក សោម ឆាយា ប្រាប់​ឲ្យ​ដឹងថា “​មកទល់ពេលនេះ​មាន​ប្រិយមិត្ត​ជាច្រើន បាន​ដឹងឮ​ពី​កម្មវិធី​ថ្មី ដែលមាន​វិទ្យុ ABC សហការ​ជាមួយ ស្ថានីយទូរទស្សន៍ ភី​អិន​អិន រួចមកហើយ​។ ហើយ​ពួកគេ​ថែមទាំង​បាន​បញ្ចេញមតិ​ជា​វិជ្ជមាន បង្ហាញ​ការគាំទ្រ​យ៉ាងខ្លាំង​ផងដែរ​”​។

​ជា​រៀងរាល់ថ្ងៃ មាន​ប្រិយមិត្ត​អ្នក​ស្តាប់​ជាច្រើន តែង​ធ្វើ​ការហៅ​ទូរស័ព្ទ​ចូល​កម្មវិធី​របស់​វិទ្យុ ABC ដោយ​ភាគច្រើន​នៃ​ពួកគេ សង្ឃឹម​នឹង​អាចធ្វើ​ដូចគ្នានេះ ក្នុង​កម្មវិធី​ទូរទស្សន៍​។ ទស្សនិកជន ក៏ដូចជា​ប្រិយមិត្ត​អ្នក​ស្តាប់ ដែល​ចង់​ហៅ​ទូរស័ព្ទ​បញ្ចេញមតិ​យោបល់​ផ្សេងៗ​ក្នុង​កម្មវិធី​ថ្មី​នេះ អាចធ្វើ​ការហៅ​ចូល​តាម​រយៈ​លេខ​ទូរស័ព្ទ 070 23 10 10 / 012 23 10 10​។

​កម្មវិធី​ថ្មី​នេះ អាចារ្យ អេ ក៏​បង្ហាញ​ក្តីសង្ឃឹម​ខ្លាំង​ទៅលើ​ប្រិយមិត្ត​អ្នក​ស្តាប់​វិទ្យុ ABC របស់លោក នឹង​ងាក​មក​ចាប់អារម្មណ៍​កម្មវិធី​នេះ​ជាមិនខាន​។ លោក​បន្តថា ក្រុមការងារ កំពុង​ទន្ទឹងរង់ចាំ​ការហៅ​ទូរស័ព្ទ​មកកាន់​កម្មវិធី​ថ្មី​នេះ ពី​សំណាក់ ទស្សនិកជន និង​ប្រិយមិត្ត​អ្នក​ស្តាប់ នៅ​សប្តាហ៍​ក្រោយនេះ​។​

​ប្រធានបទ​ស្នូល​នៃ​កម្មវិធី​ត្រូវ​រំពឹងថា​នឹង​ផ្តោត​សំខាន់​លើ​បញ្ហា​មួយចំនួន​ក្នុងសង្គម រាប់បញ្ចូល​ទាំង នយោបាយ​និង សេដ្ឋកិច្ច​ជាដើម​។ ជាមួយនឹង​ទស្សន​ផ្ទុយគ្នា​រវាង លោក សោម ឆាយា និង​អាចារ្យ អេ ត្រូវគេ​ជឿថា នឹង​កាន់តែ​ធ្វើ​ឲ្យ​កម្មវិធី​នេះ ពោរពេញ​ដោយ​ការពិភាក្សា​វែកញែក​យ៉ាង​រស់​រវើក​ជាមិនខាន​។​

​ស្ថានីយទូរទស្សន៍ ភី​អិន​អិន ចាប់ផ្តើម​ផ្សាយ​ជា​ផ្លូវការ​ចាប់តាំងពី​ខែកក្កដា ឆ្នាំ​២០១៥ មក ខណៈ​មកទល់នឹង​ពេលនេះ  ភី​អិន​អិន ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​ទូរទស្សនិកជន​។​

​ដោយឡែក វិទ្យុ ABC ផ្សាយ​តាម​រលកធាតុអាកាស ១០៧.៥ Mhz ចាប់ផ្ដើម​ផ្សាយ​តាំងពី​ឆ្នាំ ២០០៧​ដោយ​មកទល់ពេលនេះ​ទទួលបាន​ការគាំទ្រ​ពី​ប្រិយមិត្ត​អ្នក​ស្តាប់​ជាច្រើន​លាន​នាក់​ទូទាំងប្រទេស​៕

កម្មវិធី​ទូរទស្សន៍​ថ្មី របស់ អាចារ្យ​អេ និង​លោក សោម ឆាយា នឹង​ចូល​មកដល់​នៅ​សប្តាហ៍​ក្រោយ​