តាម​សំណូមពរ​របស់​អ្នកគាំទ្រ ដា​ញ់ ម៉ូ​នី​កា សន្យា​ចូលរួម​សម្តែង​ជា​ថ្មី

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​អ្នក​នាង​ដា​ញ់ ម៉ូ​នី​កា បាន​ប្រកាស​ជា​សាធារណៈ​ថា នាង​នឹង​វិល​មក​កាន់ការ​សម្តែង​ជា​ថ្មី​នៅ​ពេល​ណាមួយ ដើម្បី​ឆ្លើយ​តប​តាម​សំណូមពរ​របស់​ទស្សនិកជន​ដែល​គាំទ្រ​ដល់​រូប​នាង ។

ការ​អះអាង​របស់​ដា​ញ់ ម៉ូ​នី​កា នេះ​បន្ទាប់​ពី​ទស្សនិកជន​ជា​ច្រើន​សំណូមពរ​ឲ្យ​នាង​វិល​មក​កាន់ការ​សម្តែង​ជា​ថ្មី​ឡើង​វិញ បន្ទាប់​ពី​ពួក​គេ​ឃើញ​រូបថត ចាស់​ៗ​របស់​នាង​អំឡុង​ពេល​សម្តែង​នា​ពេល​កន្លង​មក ។

ទស្សនិកជន​ជា​ច្រើន​បាន​លើក​ឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ពួក​គេ​ចូល​ចិត្តការ​សម្តែង​របស់​ដា​ញ់ ម៉ូ​នី​កា គ្រប់​រឿង​ដែល​នាង​សម្តែង ហើយ​ប្រសិនជា​អាច​ពួក​គេ​ចង់​ឲ្យ​តារា​សម្តែង​រូប​នេះ​វិល​មក​វិញ ដើម្បី​បង្ហាញ​ស្នាដៃ ថ្មី​ៗ​បន្ថែម​ទៀត​សម្រាប់​ពួក​គេ​ទស្សនា​ក៏​ដូច​ទស្សនិកជន​ទូទៅ​ដែរ ។ អ្នក​ទាំងនោះ​បាន​លើ​ឡើង​ពី​ការ​សម្តែង​ដ៏​ល្អ​របស់​ដា​ញ់ ម៉ូ​នី​កា នៅ​ក្នុង​រឿង​«​ទុំ​ទាវ​» និង​រឿង​«​មរណ​មាតា​» ដែល​ធ្វើ​ឲ្យ​ពួក​គេ​នៅ​តែ​ចង​ចាំ​ជា​និច្ច បើ​ទោះបីជា​ពេល​នេះ នាង​បាន​សាង​គ្រួសារ​រស់នៅ​បរទេស និង​ឃ្លាតឆ្ងាយ​ពី​ពិភព​សិល្បៈ​សម្តែង​ក៏​ដោយ ។

ជា​ការ​ឆ្លើយ​តប​អតីត​តារា​សម្តែង​តាំងពី​កុមារភាព​អ្នក​នាង​ដា​ញ់ ម៉ូ​នី​កា បាន​ទទួលយក​ការ​ស្នើ​សុំ​ពី​ទស្សនិកជន ហើយ​សន្យា​នឹង​វិល​មក​កាន់ការ​សម្តែង​ជា​ថ្មី​វិញ នៅ​អំឡុង​ពេល​ណាមួយ​។

តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ដា​ញ់ ម៉ូ​នី​កា បាន​សរសេរ​យ៉ាង​ខ្លី​ថា «​អរគុណ​បងប្អូន​ដែល​នៅ​តែ​ស្រឡាញ់​ចូល​ចិត្ត​មក​លើ​រូប​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មិន​ដែល​ភ្លេច​សិល្បៈ​ដែរ ថ្ងៃ​ណាមួយ​ខ្ញុំ​នឹង​ត្រឡប់​ចូលរួម​សម្តែង​សា​ជា​ថ្មី » ។

ក្រោយ​ពី​បង្ហាញ​សារ​ដ៏​ខ្លី​នេះ​រួច​មក មាន​ទស្ស​និក​មួយ​ចំនួន​បាន​អបអរសាទរ​ការ​សម្រេចចិត្ត​របស់​ដា​ញ់ ម៉ូ​នី​កា ។

អតីត​តារា​សម្តែង​ល្បីឈ្មោះ​ធ្លាប់តែ​សម្តែង​ជា​តួ​កម្សត់​ស្រក់​ទឹកភ្នែក​ជោក​ផែន​ថ្ពាល់ អ្នក​នាង​ដា​ញ់ ម៉ូ​នី​កា បាន​ចូល​រោងការ​ជាមួយ​អាណិកជន​ខ្មែរ​រស់នៅ​អូស្ត្រាលី លោក​ផុ​ន ប៊ុ​ន​ថេ​ល កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១០ ហើយ​ពេល​នេះ​នាង​មានកូន​២​នាក់​ហើយ ៕