អាជ្ញាធរ​អប្សរា​ប្រាប់​ព័ត៌មាន​រឿង​ថ្ម​បណ្តែត​ទឹក​និង​បំណែក​ទូក​ដែល​ប្រទះឃើញ​នៅ​ទន្លេសាប

សៀមរាប៖ ក្រោយពី​លេចឮ​ព័ត៌មាន​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែលថា​ប្រជាពលរដ្ឋ​រស់នៅ​បឹង​ទន្លេសាប ប្រទះឃើញ​ថ្ម​បណ្តែត​ទឹក និង​បំណែក​ទូក​មក​នោះ អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះទៅពិនិត្យ​លើ​ករណីនេះ។ ក្រោយពី​ពិនិត្យ​រួចមក អាជ្ញាធរ​ជាតិ​អប្សរា បាន​ត្រឹម​កំណត់​រូបរាង និង​សណ្ឋាន​ថ្ម និង​ទូក ដែល​បាន​រកឃើញ ដោយ​មិន​បញ្ជាក់ថា ជា​ថ្ម និង​បំណែក​ទូក​បុរាណ​យ៉ាងណា​នោះទេ។

អ្នកភូមិ​មាត់​ខ្លា ឃុំ​អន្លង់​សំណ ស្រុក​ជីក្រែង ខេត្តសៀមរាប ដែលមាន​ចម្ងាយ​ប្រហែល៣៥គីឡូម៉ែត្រ ខាងត្បូង​ឆៀង​ខាងកើត ឃុំ​កំពង់​ឃ្លាំង នៅ​បឹង​ទន្លេសាប  បាន​ប្រទះឃើញ​ថ្ម​បណ្តែត​ទឹក និង​បំណែក​ទូក​ជាច្រើន​បំណែក។

ក្រោយពី​ដឹង​ករណីនេះ អាជ្ញាធរ​ជាតិ​អប្សរា នៅ​ព្រឹក​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ក្រុម​ជំនាញ​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះទៅពិនិត្យ​ដល់ទី​តាំង​ផ្ទាល់ ដោយមាន​ការជូន​ដំណើរ​ពី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាជន​ដែល​បានដឹង​ព័ត៌មាន​នេះ។ ក្រោយពី​បាន​ចុះ​ពិនិត្យ​និង​វាស់វែង​ជាក់ស្តែង អ្នកជំនាញ​បានឃើញ​មាន​ថ្ម៣ដុំ​នោះ​មាន​ទំហំ​ដូចខាងក្រោម៖ ដុំ​ទី១មាន​បណ្តោយ​ប្រវែង៣.៤៥ម ទទឹង១.២ម និង​កម្ពស់​ប្រហែល០.៨០ម។ ដុំ​ទី២មាន​ប្រវែង​បណ្តោយ​ប្រហែល១ម ទទឹង០.៧០ម។ ដុំ​ទី៣មាន​បណ្តោយ​ប្រវែង១.៣០ម ទទឹង១.២០ម។ នេះ​ជា​ខ្លឹមសារ​ដែល​បាន​ចុះផ្សាយ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក អាជ្ញាធរ​ជាតិ​អប្សរា។
អាជ្ញាធរ​អប្សរា​ប្រាប់​ព័ត៌មាន​រឿង​ថ្ម​បណ្តែត​ទឹក​និង​បំណែក​ទូក​ដែល​ប្រទះឃើញ​នៅ​ទន្លេសាប

ចំពោះ​ទូក​ឈើ​មាន​ច្រើន​បំណែក ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រមូល​មក​ផ្តុំ​លើ​គ្នា។ ចំណែក​ទីតាំង​ថ្ម​និង​ទូក​ដែល​បាន​ប្រទះឃើញ​នេះ​ស្ថិតនៅក្នុង​ទឹក មាន​ទីតាំង​ផ្សេង​ពីគ្នា​ចម្ងាយ​ប្រហែល៤០ម៉ែត្រ ដូច​មាន​ក្នុង​ប្លង់​គំនូស​ព្រៀង។

អាជ្ញាធរ​ជាតិ​អប្សរា បញ្ជាក់ថា ក្រុម​ជំនាញ​បាន​នឹង​កំពុង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​ក្នុង​បំណង​អភិរក្ស​និង​ថែរក្សា​វត្ថុ​ទាំងនោះ​នៅ​ទីតាំង​ដើម​ឱ្យបាន​គង់វង្ស​សម្រាប់​ការគោរព​បូជា​របស់​ប្រជាពលរដ្ឋ ក៏​ដូច​អភិរក្ស​ទុកជា​មរតក​បេតិកភណ្ឌ​ដ៏​មានតម្លៃ​របស់​ប្រទេសជាតិ៕