​របាយការណ៍​៖ មនុស្ស​ជិត​៤១​លាន​នាក់​បាន​ផ្លាស់ប្ដូរ​ទីលំនៅ​ក្នុងស្រុក​នៅ​ទូទាំង​ពិភពលោក​

​របាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា ចំនួន​ប្រជាជន​នៅ​ទូទាំង​ពិភពលោក​ដែល​ត្រូវ​ចាក​ចេញពីផ្ទះ​សម្បែង​រប​ស់​ពួកគេ​ដោយសារ​ជម្លោះ និង​គ្រោះមហន្តរាយធម្មជាតិ​មាន​ចំនួន​៤០​លាន​៨​សែន​នាក់​កាលពី​ឆ្នាំមុន ដែល​នេះ​ជា​តួលេខ​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ពីមុនមក​។​

​មជ្ឈមណ្ឌល​តាមដាន​ការផ្លាស់ប្ដូរ​ទីលំនៅ​ក្នុងស្រុក របស់​ក្រុមប្រឹក្សា​ជនភៀសខ្លួន​ន័​រ​វែ​ស (IDMC) បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​ថា មនុស្ស​ចំនួន​២៧​លាន​៨​សែន​នាក់​បាន​ផ្លាស់ប្ដូរ​ទីលំនៅ​ក្នុងស្រុក​ក្នុង​ឆ្នាំ​២០១៥​។

​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយនឹង VOA លោក Karl Schembri ទីប្រឹក្សា​ទទួលបន្ទុក​ការិយាល័យ​នៅ​មជ្ឈិមបូព៌ា​នៃ​ក្រុមប្រឹក្សា​ជនភៀសខ្លួន​ន័​រ​វែ​ស បាន​មានប្រសាសន៍ថា «​វា​ពិតជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ណាស់​»​។​

​របាយការណ៍​នោះបាន​រកឃើញថា ជា​មធ្យម​មនុស្ស​ចំនួន​៦​ម៉ឺន​៦​ពាន់​នាក់​បាន​ផ្លាស់ប្ដូរ​ទីលំនៅ​ជា​រៀងរាល់ថ្ងៃ​ក្នុង​ឆ្នាំ​២០១៥ ដែល​តួលេខ​កាលពី​ឆ្នាំមុន​ស្មើនឹង​ចំនួន​ប្រជាជន​ក្នុង​ទីក្រុង​ញូវយ៉ក ទីក្រុង​ឡុង​ដ៏ ទីក្រុង​ប៉ារីស និង​ទីក្រុង​គែរ​បូកសរុប​ចូលគ្នា​។​

​លោក Jan Egeland អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​នេះ​បាន​មានប្រសាសន៍ថា «​ពិភពលោក​កំពុងតែ​ស្ថិតក្នុង​វិបត្តិ​ផ្លាស់ប្ដូរ​ទីលំនៅ ដែល​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយ​បច្ចុប្បន្ននេះ កន្លែង​ជាច្រើន​ពោរពេញ​ដោយ​ជម្លោះ និង​ឬ​ជួបប្រទះ​នឹង​គ្រោះមហន្តរាយ​»​។​

​មនុស្ស​ចំនួន​៦​ភាគរយ​ក្នុងចំណោម​មនុស្ស​ចំនួន​៨​លាន​៦​សែន​នាក់​ដែល​បាន​ផ្លាស់ប្ដូរ​ទីលំនៅ​ដោយសារ​ជម្លោះ គឺ​ស្ថិតនៅ​ក្នុងប្រទេស​មួយចំនួន​ដូចជា ប្រទេស​យេ​មែន ប្រទេស​ស៊ី​រី និង​ប្រទេស​អ៊ីរ៉ាក់​៕