ក្រុមហ៊ុន​ចិន​ធ្វើ​អាជីវកម្ម​ខ្សាច់​បន្លំ​កាយ​យក​រ៉ែ​មាស​នៅ​តំបន់​អភិរក្ស​ជលផល​ខេត្ត​រតនគិរី

អ្នកធ្វើការឲ្យក្រុមហ៊ុនចិន ដែលទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មខ្សាច់ថ្មនៅទន្លេសេសានខេត្តរតនគិរី បានរត់គេចពីការដ្ឋានរបស់ខ្លួន បន្ទាប់ពីក្រុមមន្ត្រីជំនាញខេត្ត ចុះទៅពិនិត្យការដ្ឋានក្រុមហ៊ុន ខណៈមានសេចក្តីរាយការណ៍ថា ក្រុមហ៊ុននេះកំពុងប្រើប្រាស់គ្រឿងចក្រធ្វើអាជីវកម្មកាយយកដីកោះមករែងយកមាសទៅវិញ។

មន្ត្រីស្រុកអណ្ដូងមាស អះអាងថា ការដ្ឋានធ្វើអាជីវកម្មរ៉ែខ្សាច់មួយកន្លែងឋិតនៅចំណុចកោះខ្យង ក្នុងភូមិដាល ឃុំញ៉ាង ស្រុកអណ្ដូងមាស ត្រូវបង្ក្រាបនៅថ្ងៃទី១២ ខែឧសភា។ ផ្ទុយទៅវិញ មន្ត្រីជំនាញបញ្ជាក់ថា កម្មករខ្មែរ និងជនជាតិចិន ដែលបំពេញការងារក្នុងការដ្ឋាន បានរត់គេចខ្លួនប្រមាណ ២ម៉ោងមុនពេលមន្ត្រីជំនាញទៅដល់ការដ្ឋាននោះ។

សមាជិកសហគមន៍ជលផលភូមិដាល លោក រចំ តើម បញ្ជាក់ថា ក្រុមហ៊ុនចិន នេះមានឈ្មោះថា ឆាយ ជីហ៊ាង បានមកបោះទីតាំងនៅតំបន់នោះតាំងពីខែមេសា។ ក្រុមហ៊ុននេះបានប្រើគ្រឿងចក្រដឹកជញ្ជូនដីធ្វើផ្លូវបិទទន្លេត្រើយម្ខាងនៃកោះខ្យង ហើយប្រើប្រាស់គ្រឿងចក្រកាយយកដីខ្សាច់នៅលើកោះ ដឹកជញ្ជូនមកស្តុកក្នុងការដ្ឋានក្រុមហ៊ុនដែលបំពាក់ដោយម៉ាស៊ីនរែងខ្សាច់ ដែលគេសង្ស័យថា ជាវិធីបន្លំរែងចម្រាញ់យកមាស។ លោកបន្តថា ការដ្ឋានធ្វើអាជីវកម្មរ៉ែមាសនេះ បង្កផលប៉ះពាល់តំបន់អភិរក្សអន្លង់ត្រីពងកូនរបស់សហគមន៍ ធ្វើឲ្យទឹកល្អក់ និងបង្ហូរសារជាតិកខ្វក់ចូលទៅក្នុងទន្លេ«ខ្ញុំធ្លាប់ឃើញគេធ្វើមាសខ្នាតតូចៗដែរ ព្រោះមានកញ្ច្រែងពីក្រោម ហើយមានប្រដាប់សម្រាប់ចាប់មាសខ្សាច់ហ្នឹងហូរដោយខ្សាច់ក្រួសហូរដោយក្រួស។ បិទទន្លេម្ខាងបិទផ្លូវទឹកអ៊ីចឹង»

ក្រុមហ៊ុន​ចិន​ធ្វើ​អាជីវកម្ម​ខ្សាច់​បន្លំ​កាយ​យក​រ៉ែ​មាស​នៅ​តំបន់​អភិរក្ស​ជលផល​ខេត្ត​រតនគិរីផែនទីខេត្តរតនគិរី

នៅព្រឹកថ្ងៃទី១២ ខែមេសា មន្ត្រីជំនាញខណ្ឌជលផល និងមន្ត្រីមន្ទីររ៉ែ និងថាមពលខេត្តរតនគិរី បញ្ជាក់ដូចគ្នាថា មន្ត្រីជំនាញទាំងពីរអង្គភាពនេះ ចាត់មន្ត្រីចុះទៅពិនិត្យទីតាំងនោះហើយ។

មន្ត្រីតំណាងខណ្ឌរដ្ឋបាលជលផលខេត្តរតនគិរី លោក គឹម ស៊ីណាត បញ្ជាក់ថា ការដ្ឋាននោះមានគ្រឿងចក្រ និងម៉ាស៊ីនរែងខ្សាច់ដែលគេសង្ស័យថា ម៉ាស៊ីននេះរែងខ្សាច់ដើម្បីយកមាស។ លោកទទួលស្គាល់ថា តំបន់កោះខ្យងជាតំបន់មានរ៉ែមាសដែលប្រជាពលរដ្ឋធ្លាប់រុករកជាលក្ខណៈគ្រួសារ។ លើសពីនោះទៀត តំបន់នោះជាកន្លែងអភិរក្សធនធានជលផល។ ហេតុនេះ ការធ្វើអាជីវកម្មណាមួយនៅតំបន់នោះ ត្រូវមានការឯកភាពពីក្រសួងកសិកម្ម«ទោះបីមានការអនុញ្ញាតពីស្ថាប័នរ៉ែក៏ដោយ វាខុសច្បាប់ជលផល ព្រោះការជីកកកាយយកត្បូងខ្សាច់រ៉ែហ្នឹង ឋិតក្នុងដែននេសាទ ហើយដែននេសាទនេះប្រគល់ឲ្យសហគមន៍ទៀត»

ចំណែកប្រធានមន្ទីររ៉ែ និងថាមពលខេត្តរតនគិរី លោក ហ៊ុន ប៊ុនថាន បញ្ជាក់ដែរថា គ្រឿងចក្រដែលបន្សល់ទុកនៅការដ្ឋានក្រុមហ៊ុន មួយផ្នែកធំគឺជាគ្រឿងចក្រធ្វើអាជីវកម្មខ្សាច់ ក៏ប៉ុន្តែលោកបដិសេធមិនដឹងពីភាពជាក់ស្តែងនៃអាជីវកម្មក្រុមហ៊ុនដែលកំពុងធ្វើនោះទេ។ លោកបន្តថា ក្រុមហ៊ុននេះធ្វើសកម្មភាពជីកយកខ្សាច់មុនពេលមន្ត្រីជំនាញផ្តល់ការអនុញ្ញាត។ ហេតុនេះ មន្ត្រីជំនាញ នឹងធ្វើរបាយការណ៍ទៅក្រសួងរ៉ែ និងថាមពល ចាត់មន្ត្រីជំនាញចុះពិនិត្យគ្រឿងចក្រក្រុមហ៊ុននេះ«ឧបករណ៍ទាំងអស់ជាឧបករណ៍ធ្វើអាជីវកម្មខ្សាច់ ក៏ប៉ុន្តែគេធ្វើអ្វីស្អីទៀត ខ្ញុំអត់ឃើញ។ ខ្ញុំអត់ទាន់សន្និដ្ឋានថាម៉េចដែរ។ អ៊ីចឹងយើងធ្វើរបាយការណ៍ទៅសមត្ថកិច្ចថ្នាក់ជាតិ។ អ៊ីចឹងយើងអញ្ជើញថ្នាក់ជាតិចុះមកវាយតម្លៃ»

ទាក់ទិនករណីនេះដែរ អភិបាលស្រុកអណ្ដូងមាស លោក ផាត់ សម្បត្តិ ថ្លែងបញ្ជាក់ថា សមត្ថកិច្ចបានបង្ក្រាបទីតាំងនោះហើយ ក៏ប៉ុន្តែលោកមិនបញ្ជាក់ពិស្ដារពីហេតុផលនៃការបង្ក្រាបនោះមកពីកត្តាអ្វីនោះទេ«យើងចាប់។ យើងឲ្យផ្អាក អត់ឲ្យធ្វើទៀតទេ។ មានខាងជំនាញរ៉ែគេឲ្យឃាត់។ គេឲ្យផ្អាក»

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីអភិរក្សផ្នែកបរិស្ថានអង្គការបណ្ដាញការពារទន្លេសេសាន ទន្លេស្រែពក និងទន្លេសេកុង លោក មៀច មាន ចាត់ទុកសកម្មភាពក្រុមហ៊ុនចិន នេះថាមិនបានពិគ្រោះយោបល់ជាមួយសហគមន៍អភិរក្សតំបន់ត្រីមេពូជ និងបិទច្រកទឹកទន្លេ ប៉ះពាល់តំបន់អភិរក្ស។ លោកអំពាវនាវឲ្យអាជ្ញាធរថ្នាក់ជាតិ ស៊ើបអង្កេតករណីនេះជាបន្ទាន់ ដើម្បីចាត់វិធានការផ្លូវច្បាប់ទៅលើក្រុមហ៊ុន និងអ្នកពាក់ព័ន្ធ៕

ប្រភពៈ RFA