សម រង្ស៊ី៖ គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក កឹម សុខា ជា​អាយ៉ង​របស់ CPP

នៅថ្ងៃ១៩មេសានេះ លោកសមរង្ស៊ី បានចាត់ទុកគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ថា ជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា។ គណបក្សលោក កឹមសុខា កំពុងប្រើយុទ្ធសាស្ត្រ និងរួមដៃជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបំបែកគណបក្សសមរង្ស៊ី។ ជាការលើកឡើង ដែលបញ្ជាក់ថា សម្ព័ន្ធភាពគណបក្សប្រឆាំងសមរង្ស៊ី និងកឹមសុខា មិនអាចទៅរួចឡើយ។

ក្នុងលិខិតផ្ញើទៅកាន់សកម្មជនគណបក្សសមរង្ស៊ី ដែលបានបង្ហោះ តាមប្រព័ន្ធអ៊ិនថឺណេត នៅថ្ងៃទី១៩មេសា ឆ្នាំ២០១១ លោក សម រង្ស៊ី បានឆ្លើយតបនឹងសំណួររបស់លោក កឹម សុខា ទាក់ទងនឹងរូបមន្តបង្រួបបង្រួមគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។ គណបក្សប្រឆាំងទាំងពីរ បានចុះកិច្ចព្រមព្រៀងបង្កើតសម្ព័ន្ធភាពនឹងគ្នា កាលពីថ្ងៃ១៥មករា ឆ្នាំ២០០៩។

លោក កឹមសុខា បានសរសេរលិខិត កាលពីថ្ងៃទី១៨មេសាម្សិលមិញ ដើម្បីសួរលោកសមរង្ស៊ី អំពីរូបមន្តនៃការបង្រួបបង្រួមគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ថាតើត្រូវរួមគ្នាបង្កើតគណបក្សថ្មី ដោយដាក់ឈ្មោះថ្មី ឬក៏រួមបញ្ចូលគ្នា ក្នុងគណបក្សសមរង្ស៊ី?

សម រង្ស៊ី៖ គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក កឹម សុខា ជា​អាយ៉ង​របស់ CPPលោកសម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី និងលោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស

ក្នុងលិខិតនេះ លោក កឹម សុខា បានបញ្ជាក់ជំហរជាថ្មីម្តងទៀតថា គណបក្សសិទ្ធិមនុស្សរបស់លោក ប្រកាន់យកគោលការណ៍រួបរួមជាមួយគណបក្សសមរង្ស៊ី តាមរយៈការបង្កើតគណបក្សថ្មីមួយ មិនមែនក្រោមស្លាកគណបក្សសមរង្ស៊ីឡើយ។

ក៏ប៉ុន្តែក្នុងលិខិតនៅថ្ងៃនេះ លោកសមរង្ស៊ី បានចាត់ទុកថា គណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា មិនស្មោះត្រង់ និងមិនមានបំណងពិតប្រាកដ ដើម្បីធ្វើការរួបរួម ក្នុងនាមជាដៃគូពិតប្រាកដរបស់គណបក្សសមរង្ស៊ីឡើយ។ ផ្ទុយទៅវិញ គណបក្សសិទ្ធិមនុស្សបានចាត់ទុកគណបក្សសមរង្ស៊ីជាសត្រូវ ដោយការប្រើភាសា និងល្បិចនយោបាយដូចគ្នា នឹងអ្វីដែលគណបក្សប្រជាជនកម្ពុជាបន្តប្រើប្រាស់ ដើម្បីបំបែកគណបក្សប្រឆាំងសមរង្ស៊ី។

លោកសមរង្ស៊ី ដែលសព្វថ្ងៃកំពុងរស់នៅប្រទេសបារាំង បានលើកឡើងថា ដោយប្រកាន់យកនូវឥរិយាបថរបស់គណបក្សប្រជាជនកម្ពុជា ទោះចង់ ឬមិនចង់ គឺគណបក្សសិទ្ធិមនុស្សរបស់លោកកឹមសុខា កំពុងបម្រើផលប្រយោជន៍របស់គណបក្សប្រជាជនកម្ពុជា និងជាអាយ៉ងដាច់ថ្លៃ របស់គណបក្សកាន់អំណាចមួយនេះ។

ជាមួយនឹងការលើកឡើងខាងលើ លោកសមរង្ស៊ី ក៏បានបន្ថែមថា នេះមិនមែនជាលើកទី១ទេ ដែលសម្ព័ន្ធភាពនៃចលនាប្រជាធិបតេយ្យបានបាក់បែក។ កាលពីអតីតកាល សម្ព័ន្ធភាពរវាងគណបក្សសមរង្ស៊ី និងគណបក្សហ្វ៊ុនស៊ិនប៉ិច ក៏ត្រូវបាក់បែក បើទោះបីជាគណបក្សសមរង្ស៊ីតែមួយគត់ បានអនុវត្តតាមគោលការណ៍ ប៉ុន្តែដៃគូសម្ព័ន្ធមិត្តរយៈពេលខ្លីរបស់គណបក្សសមរង្ស៊ី បានដើរតួជាអ្នកនយោបាយឱកាសនិយម ដែលត្រូវបានប្រើប្រាស់ និងទិញដោយគណបក្សប្រជាជនកម្ពុជា។

ការលើកឡើងរបស់លោកសមរង្ស៊ី ត្រូវបានលោក កឹមសុខា ចាត់ទុកថា ជាការលាបពណ៌ និងជាលេស ដើម្បីគេចវេះពីការរួបរួមប៉ុណ្ណោះ។ លោក កឹម សុខា អះអាងថា ទោះបីជាលោកសមរង្ស៊ី មិនមករួបរួមជាមួយគណបក្សសិទ្ធិមនុស្ស តែសកម្មជនថ្នាក់ក្រោម បានមករួបរួមជាមួយជាមួយគណបក្សសិទ្ធិមនុស្ស ជាបន្តបន្ទាប់ ដូចករណីលោក ម៉ៅ មុនីវណ្ណ អតីតអ្នកតំណាងរាស្ត្រ ខេត្តកំពង់ចាម ជាដើម៕

 ប្រភពៈ RFI