“តុលាការ​នឹង​នៅ​តែ​បន្ត​ស៊ើប​អង្កេត​រឿង​លោក អ៊ូ វីរៈ”

មន្ត្រីនាំពាក្យនៃតុលាការក្រុងភ្នំពេញ ឲ្យដឹងតាមបណ្ដាញសង្គម Telegram ថា តំណាងអយ្យការដែលទទួលបន្ទុកក្នុងរឿងក្ដីរបស់គណបក្សប្រជាជនកម្ពុជា នឹងនៅតែបន្តស៊ើបអង្កេតលើលោក អ៊ូ វីរៈ។ តុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែឧសភា បានសាកសួរលោក អ៊ូ វីរៈ រួចហើយក្នុងសំណុំរឿងបរិហាកេរ្តិ៍គណបក្សកាន់អំណាច។ ចំណែកលោក អ៊ូ វីរៈ វិញបញ្ជាក់ជំហរក្រោយចេញពីបន្ទប់សាកសួរថា លោកនឹងមិនបោះបង់តួនាទីជាអ្នកវិភាគសង្គមឡើយ បើទោះជាត្រូវរងការគំរាមកំហែងបែបនេះក៏ដោយចុះ។

បើទោះជាប្រធានអង្គការនៃវេទិកាអនាគត ស្នើសុំឲ្យតុលាការទម្លាក់ចោលរាល់បទចោទរបស់លោកក៏ដោយ ក៏ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញ បញ្ជាក់ថា សំណុំរឿងព្រហ្មទណ្ឌមួយនេះនឹងមិនត្រូវទាត់ចោល ដូចការទាមទាររបស់លោក អ៊ូ វីរៈ ឡើយ។

មន្ត្រីនាំពាក្យនៃសាលាដំបូងរាជធានីភ្នំពេញ និងជាព្រះរាជអាជ្ញារងផង លោក លី សុផាណា បានសរសេរនៅក្នុងបណ្ដាញសង្គម Telegram របស់លោក នៅថ្ងៃទី១២ ខែឧសភា ថា បើទោះជានៅពេលនេះតំណាងអយ្យការលោក សៀង សុខ បានបញ្ចប់ការសាកសួរអំពីដំណើររឿង និងភស្តុតាងខ្លះៗរបស់លោក អ៊ូ វីរៈ ហើយក្ដី ក៏សំណុំរឿងមួយនេះ នឹងមិនបញ្ចប់ត្រឹមនេះឡើយ។ លោក លី សុផាណា បន្តថា ជុំវិញករណីនេះ តំណាងអយ្យការនឹងចាត់វិធានការក្នុងការស៊ើបអង្កេតបន្តទៀត។

“តុលាការ​នឹង​នៅ​តែ​បន្ត​ស៊ើប​អង្កេត​រឿង​លោក អ៊ូ វីរៈ”

លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ពេលចេញពីបំភ្លឺនៅតុលាការក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦។ RFA/Morm Moniroth

ថ្លែងក្រោយចេញពីបន្ទប់សាកសួរប្រធានអង្គការនៃវេទិកាអនាគត លោក អ៊ូ វីរៈ បានបដិសេធបទចោទរបស់គណបក្សប្រជាជនកម្ពុជា។ លោក អ៊ូ វីរៈ បង្ហាញការសោកស្ដាយដែលគណបក្សប្រជាជនកម្ពុជា សម្រេចប្ដឹងលោកទាំងអត់សមហេតុផល ហើយបទចោទនោះទៀតសោត គឺលោកអះអាងថា ពុំបានមួលបង្កាច់ដូចការចោទប្រកាន់របស់បក្សកាន់អំណាចឡើយ។ ការសាកសួរដែលប្រើពេលជាង ១ម៉ោងកន្លះនេះ ត្រូវបានលោក អ៊ូ វីរៈ យល់ឃើញថា មូលហេតុដែលនាំឲ្យមានការប្ដឹងផ្ដល់នេះ ប្រហែលជាគណបក្សប្រជាជនកម្ពុជា យល់ខុសពីការពិតចំពោះការវិភាគរបស់លោក។ លោកបន្តថា «ជាការសោកស្ដាយដែលគណបក្សកាន់អំណាចគណបក្សប្រជាជនកម្ពុជា ជាអ្នកប្ដឹង។ ខ្ញុំសោកស្ដាយ ព្រោះអីវាបានផ្ញើសារមួយអវិជ្ជមានសម្រាប់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់យុវជន។ ប៉ុន្តែទោះជាយ៉ាងម៉េចក៏ដោយ ខ្ញុំសង្ឃឹមថា យើងគួរតែបញ្ចប់ករណីនេះឲ្យលឿន ដើម្បីអាចយើងបែរទិសទៅជជែកគ្នាពីបញ្ហាសង្គមដែលកំពុងតែប្រឈម»។

កាលពីថ្ងៃទី២៨ ខែមេសា តំណាងអយ្យការក្រុងភ្នំពេញ លោក សៀង សុខ បានចេញដីកាឲ្យលោក អ៊ូ វីរៈ ចូលខ្លួនបំភ្លឺនៅថ្ងៃទី១២ ខែឧសភា ឆ្លើយតបទៅនឹងបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលប្ដឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងទាមសំណងជំងឺចិត្ត ៤០០លានរៀល ឬស្មើប្រមាណ ១០ម៉ឺនដុល្លារអាមេរិក។ ការចេញដីកានេះធ្វើឡើង ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក សុខ ឥសាន តំណាងឲ្យគណបក្សប្រជាជនកម្ពុជា បានប្ដឹងលោក អ៊ូ វីរៈ កាលពីថ្ងៃទី២៥ ខែមេសា។

បើទោះជាបែបណា លោក អ៊ូ វីរៈ បញ្ជាក់មុនចូលតុលាការថា លោកនឹងមិនផ្ដល់លុយទៅតាមការទាមទាររបស់គណបក្សប្រជាជនកម្ពុជា ទេ។ លោកចាត់ទុកថា ដោយសារពាក្យបណ្ដឹងនេះពុំមានធាតុផ្សំនៃបទល្មើស និងភស្តុតាងដាក់បន្ទុកណាមួយដែលចាំបាច់ចាប់បង្ខំឲ្យលោកត្រូវតែបង់លុយដូចក្នុងបទចោទនោះទេ។ ម្យ៉ាងវិញទៀតនេះ ជាការទាមទារដែលគ្មានហេតុផលថែមទៀតផង។

ក្នុងថ្ងៃលោក អ៊ូ វីរៈ ចូលបំភ្លឺផ្ទាល់មាត់នៅតុលាការនេះ គេសង្កេតឃើញថា មានតំណាងស្ថានទូតសហរដ្ឋអាមេរិក និងអង្គការផ្នែកសិទ្ធិមនុស្សអន្តរជាតិ មួយចំនួនបានបន្តឃ្លាំមើលដំណើរការក្ដីនេះដែរ។

មូលហេតុដែលនាំឲ្យគណបក្សប្រជាជនកម្ពុជា សម្រេចប្ដឹងប្រធានអង្គការនៃវេទិកាអនាគត នេះ ដោយយោងលើការវិភាគរបស់លោក អ៊ូ វីរៈ ថា យុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាចនៅពេលនេះ គឺព្យាយាមគាបសង្កត់លោក កឹម សុខា និងហិរញ្ញវត្ថុរបស់លោក ពាក់ព័ន្ធនឹងសំណុំរឿងអាស្រូវស្នេហាជាមួយអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។ យ៉ាងនេះក្ដីប្រធានអង្គការវេទិកាអនាគត នៅតែប្រកាន់ជំហរថា ការវិភាគរបស់លោកគឺពុំមែនការមួលបង្កាច់ដូចបទចោទឡើយ។

អ្នកវិភាគសង្គម លោក កែម ឡី ដែលឃ្លាំមើលចំណាត់ការរបស់តុលាការនៅពេលនេះ យល់ឃើញថា វាគួរឲ្យអស់សំណើចដែលគ្រាន់តែជាការបញ្ចេញទស្សនៈ និងមតិយោបល់ដែលគាំពារដោយច្បាប់សោះត្រូវជាប់បណ្ដឹងដែរ។ លើសពីនេះទៀត ទាំងអ្នកប្ដឹង និងអ្នកសម្រេចថា ខុស ឬត្រូវ គឺសុទ្ធតែក្រុមតែមួយ ហេតុនេះ យុត្តិធម៌ដែលរំពឹងថា នឹងទទួលបានពីសំណុំរឿងនេះប្រហែលជានៅឆ្ងាយ។ លោកបន្តថា «យើងមានសំណួរដែលគួរឲ្យចង់សើច ដោយសារអ្នកប្ដឹង គឺគណបក្សប្រជាជន។ បើអ្នកកាត់ក្ដីអ្នកធំៗនៅតុលាការសុទ្ធតែសមាជិកគណបក្ស។ អ៊ីចឹងគ្រាន់តែយើងមើល គ្រាន់តែយក យើងឧទាហរណ៍ក្រុម រៀល ម៉ាឌ្រីដ (Real Madrid C.F.) យកសមាជិកធ្វើអាប៊ីត យកមកធ្វើអាជ្ញាកណ្ដាល ហើយទៅប្ដឹង អាហ្នឹងវាអស់សំណើច»។

លោក ហ៊ុន សែន ធ្លាប់ព្រមានហើយថា អ្នកដែលហានរិះគន់រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា និងរិះគន់ដល់បុគ្គលសាធារណៈថែមទៀត បើបំពាននឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់។ អង្គការផ្នែកសិទ្ធិមនុស្សយល់ឃើញថា សិទ្ធិសេរីភាពនៅកម្ពុជា បច្ចុប្បន្ន កំពុងរួមតូច និងស្ថិតនៅមាត់ជ្រោះ៕

ប្រភពៈ RFA