ឈ្លោះ​គ្នា​ញឹកញាប់​ឈាន​ដល់​ប្រពន្ធ​ប្តឹង​លែង ​តែ​ប្តី​មិន​ព្រម

ឈ្លោះ​គ្នា​ញឹកញាប់​ឈាន​ដល់​ប្រពន្ធ​ប្តឹង​លែង ​តែ​ប្តី​មិន​ព្រម



ភ្នំពេញ ​៖ ​ពន្លក​ស្នេហ៍​គ្រា​ដំបូង​ គូស្នេហ៍​នីមួយៗ​រមែង​ស្រឡាញ់​គ្នា​ល្អូកល្អិន​ផ្អែមល្ហែម​ជក់ចិត្ត​ជាប់​ក្នុង​បេះដូង​ចាក់​ទឹក​មិន​លិច ដែល​កវីនិពន្ធ​ខ្លះ​បាន​ប្រៀបប្រដូច​ទៅ​នឹង​ទឹកឃ្មុំ​ខែ​ចែត្រ វា​ផ្អែម​ត្រជាក់​ដល់​បេះដូង។ ប៉ុន្តែ​គូស្នេហ៍​នោះ​ពេល​ប្រលោម​ស្នេហ៍​បាន​យូរ​ខែ​ឆ្នាំ បើ​ទោះ​គូស្នេហ៍​ទាំងនោះ​បាន​ក្រាប​ក្បាល​ដល់​កន្ទេល​ក៏ដោយ ក៏​ចាប់ផ្ដើម​សោះអង្គើយ​នឿយ​ណាយចិត្ត​រហូត​ឈាន​ទៅ​ឈ្លោះ​ទាស់ទែង​ខ្វែងគំនិត​​ ​វាយតប់​គ្នា​ ​​ខ្លះ​រហូត​ហ៊ាន​កាប់សម្លាប់​គ្នា​ទៀត​ផង និង​ខ្លះ​បាន​ប្តឹង​ផ្តល់​លែងលះ​គ្នា​ ដោយ​មិនបាន​គិតគូរ​ពី​កូនៗ​ ដែល​គ្នា​មក​ចាប់កំណើត​ជាមួយ​យើង​នោះ​ទេ។
ជាក់ស្តែង​ស្ត្រី​ម្នាក់​បាន​ពរ​កូនស្រី​អាយុ​៨​ខែ​ម្នាក់​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ឫស្សីកែវ ដោយ​ប្តឹង​សុំ​លែង​ប្តី ​បន្ទាប់ពី​ប្តី​ប្រើ​អំពើ​ហិង្សា​វាយតប់​​ ​និង​ដណ្ដើម​កូន​ជា​ញឹកញាប់។

ការ​មក​ដាក់ពាក្យ​បណ្ដឹង​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ឧសភា​ ឆ្នាំ​២០១៦​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ទួល​សង្កែ​ខណ្ឌ​ឫស្សីកែវ ដោយ​ប្ដឹង​ផ្ដាច់​សង្វាស​តែ​ម្ដង​ មិន​អាច​ផ្សះផ្សា​បាន​ទេ ពីព្រោះ​បុរស​ជា​ប្តី​បាន​ប្រើ​​អំពើ​ហិង្សា​មក​លើ​នាង​របួស​ពេញ​ខ្លួន​ កាលពី​វេលា​ម៉ោង​៦​ជាង​ព្រឹក​ថ្ងៃ​ទី​១២​ខែ​ឧសភា ​ឆ្នាំ​២០១៦ ​នៅផ្ទះ​គ្មាន​លេខ​ ក្រុម​២ ​ភូមិ​មិត្តភាព​សង្កាត់ ខណ្ឌ​ឫស្សីកែវ។

ស្ត្រី​រងគ្រោះ​ខាងលើ​មានឈ្មោះ​ចាន់ណារ៉ា ​អាយុ​៣២​ឆ្នាំ​ មុខរបរ​មេផ្ទះ​រស់នៅ​ក្រុម​ភូមិ​កើតហេតុ​ខាងលើ។ ចំណែក​ប្តី​ឈ្មោះ ងួន សុខ​អាយុ​៣៥​ឆ្នាំ​ អតីត​ប៉ូលិស​នៅ​ក្រុង​តាខ្មៅ​ខេត្តកណ្តាល។

ស្ត្រី​រងគ្រោះ​បាន​និយាយ​ថា ​នាង ​និង​ប្តី​បាន​រៀបការ​ ហើយ​រួម​រស់នៅ​ជាមួយគ្នា​បាន​រយៈពេល​២​ឆ្នាំ​មក​ហើយ ចំណង​ស្នេហ៍​នៃ​អាពាហ៍ពិពាហ៍ រវាង​យើង​ទាំង​២​គឺ​ទទួល​បាន​កូនស្រី​ជាទី​ស្រឡាញ់​១​ ដែល​មាន​អាយុ​៨​ខែ គេ​ឈ្មោះ អេង​សុខ​រក្សា ហៅ​ខេ​ខេ ។ នាង​បន្ត​ថា ​ប្ដី​របស់​គាត់​តាំងពី​ការ​ហើយ​គេ​មិនដែល​ផ្ដល់​សេចក្ដី​សុខ​ឲ្យ​នាង​ទេ​ គឺ​មាន​តែ​ភាព​រកាំរកូស​ឈ្មោះ​ទាស់ទែង​វាយតប់​គ្នា​ស្ទើរ​​គ្មាន​ថ្ងៃ​លោះ​ ដោយសារតែ​គេ​មិនដែល​រកលុយ​ឲ្យ​ប្រពន្ធ​កូន​ហើយ​ដើរលេង​ដាច់​យប់​ស៊ីចាយ​លក់​ម៉ូតូ​​​អស់​ខ្ទេចខ្ទី​គ្មាន​សល់ មិន​តែ​ប៉ុណ្ណោះ​ប្តី​ហេងស៊យ​របស់​គាត់​ បាន​លួច​កូន​របស់​គាត់​ទៅ​ក្រុង​តាខ្មៅ​ជាច្រើន​ដង ហើយ​បាន​ប្តឹង​ផ្តល់​លែងលះ​បី​បួន​ដង​រួចហើយ តែ​ប្តី​នាង​មិន​ព្រម​លែងលះ​សោះ។

នាង​បន្ត​ថា លើក​នេះ​ជា​លើក​ចុង​ក្រោយ​ហើយ​ ដែល​ឈ្លោះ​គ្នា​ប្តឹង​លែង​គ្នា ដាច់ខាត​នាង​មិន​យក​វិញ​ទេ ព្រោះ​មិនដែល​បំពេញ​តួនាទី​ជា​ប្តី​សោះ៕
ឈ្លោះ​គ្នា​ញឹកញាប់​ឈាន​ដល់​ប្រពន្ធ​ប្តឹង​លែង ​តែ​ប្តី​មិន​ព្រម

ឈ្លោះ​គ្នា​ញឹកញាប់​ឈាន​ដល់​ប្រពន្ធ​ប្តឹង​លែង ​តែ​ប្តី​មិន​ព្រម