ពិធី​សច្ចាប្រណិធាន ​និង​បំពាក់​កន្សែង នវ កាយរឹទ្ធិ​ជាតិ​កម្ពុជា​ចំនួន​២១២​នាក់​

ពិធី​សច្ចាប្រណិធាន ​និង​បំពាក់​កន្សែង នវ កាយរឹទ្ធិ​ជាតិ​កម្ពុជា​ចំនួន​២១២​នាក់​



កំពង់ឆ្នាំង ៖ លោក គិត មិនា​រិ​ទ្ធ ស្នងការ​រង​កាយរឹទ្ធិ​ជាតិ​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែង​ថា​៖ « កាយរឹទ្ធិ​មាន​តួនាទី​ធ្វើអំពើ​ល្អ​ជួយ​សង្គមជាតិ និង​ជួយ​មូលដ្ឋាន​របស់​ខ្លួន ចំណែក​ឯកសណ្ឋាន​កាយរឹទ្ធិ​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បាន​ក្នុង​ពេល​គ្រោះថ្នាក់ » លោក​បាន​ថ្លែង​បែបនេះ​នៅ​ក្នុង​ពិធី សច្ចាប្រណិធាន និង​បំពាក់​កន្សែង នវ ​កាយរឹទ្ធិ​ជាតិ​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង ចំនួន​២១២​នាក់ ដែល​ជា​សិស្ស និង​លោកគ្រូ​អ្នកគ្រូ នៅ​ក្នុង​សាលាបឋមសិក្សា​គី​រី​សុវណ្ណ​វង្ស នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា​នេះ ក្នុង​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ដោយមាន​មាតាបិតា​សិស្ស និង​អាជ្ញាធរ​ចូលរួម​ផង​ដែរ។

លោក គិត មិនា​រិ​ទ្ធ បាន​បន្ត​ថា​៖ ឯកសណ្ឋាន​នវ ដែល​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស បាន​នោះ​គឺ​៖ ខ្សែក្រវាត់​ក​អាច​យក​មក​ចង​ឃាត់ឈាម​នៃ​មុខរបួស ឬ​ពស់​ចឹក​បាន កន្សែង​អាច​យក​មក​ចង​ទ្រ​ដៃ​បាក់​បាន ឯ​មួក​អាច​បោះ​ក្នុង​ទឹក​អណ្ដែត​ជួយសង្គ្រោះ​មនុស្ស​លង់ទឹក​បាន អាវ​អាច​ធ្វើជា​អង្រឹង​ចង​សែង​អ្នករបួស និង​អាច​ជួយ​សង្គ្រោះ​ជនរងគ្រោះ​បាន​ច្រើន​ករណី​ទៀត​។ លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ៖ កាយរឹទ្ធិ​មាន​៣​ថ្នាក់​និង​មាន​កន្សែង​ពណ៌​ខុសៗ​គ្នា​ជា​សំគាល់ គឺ​កាយរឹទ្ធិ​ប្អូន​(​វ័យ​កុមារ​) , កាយ​រី​ទ្ធិ (​វ័យ​យុវជន​) និងកាយរឹទ្ធិ​រៀមច្បង (​ជា​អ្នកដឹកនាំ​)​។ កុមារ យុវជន សិស្ស និស្សិត មន្ត្រីរាជការ អាជ្ញាធរ អាច​ស្ម័គ្រចិត្ត​ចូល​ជា​សមាជិក​ក្នុង​សមាគម​កាយរឹទ្ធិ​ជាតិ​កម្ពុជា​បាន​គ្រប់ៗ​គ្នា ដែល​មាន​សម្ដេច ហ៊ុន សែន ជា​គរុ​គុណ​ប្រធាន​កាយរឹទ្ធិ​ជាតិ​កម្ពុជា​។ កាយរឹទ្ធិ​មាន​តួនាទី​ធ្វើអំពើ​ល្អ បម្រើ​សកម្មភាព​ជួយ​សង្គមជាតិ ជួយ​ជនរងគ្រោះ​ជាទូទៅ ដោយមាន​គំរូ​ល្អ គោរព​សាសនា ព្រ​អ​មហាក្សត្រ គោរព​ច្បាប់​ជាតិ គោរព​លក្ខន្តិកៈ និង​ច្បាប់​របស់​កាយ​រី​ទ្ធិ​ជាតិ​កម្ពុជា​។ ហេតុនេះ​ក្រោយពី​ប្អូនៗ លោកគ្រូ​អ្នកគ្រូ​បាន​បំពាក់​កន្សែង​ចូល​ជា នវ​កាយរឹទ្ធិ​ពេញ​សិទ្ធ​ក្នុង​ថ្ងៃនេះ​ហើយ គឺ​មាន​តួនាទី​ដើរ​ល្បាត​ជា​ក្រុម​ជួយ​ជនរងគ្រោះ ជួយ​ការងារ​សង្គម​ជាទូទៅ នៅ​ក្នុង​មូលដ្ឋាន​គ្រប់​បែបយ៉ាង ជាមួយ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់។

លោក គិត ច​ន្ទ័​សីហា នាយក​សាលាបឋមសិក្សា​គីរី សុវណ្ណ​វង្ស បាន​ឲ្យ​ដឹង​ថា ពិធី​បំពាក់​កន្សែង នវ កាយរឹទ្ធិ​ក្នុង​សាលា​នៅ​ថ្ងៃនេះ​សរុប​មាន​ចំនួន​២១២​នាក់​គឺ កាយរឹទ្ធិ​ប្អូន ជា​សិស្ស​មាន​ចំនួន​១៨១​នាក់ និង​កាយ​រី​ទ្ធិ​រៀមច្បង ជា​លោកគ្រូ​និង​អ្នកគ្រូ​មាន​ចំនួន​២៩​នាក់ ក្នុង​នោះ​ក៏​មាន​លោក​មេឃុំ​ស្រែ​ថ្មី​ម្នាក់ និង​លោក​ប្រធាន​សហគមន៍​ម្នាក់​ផង​ដែរ និង​ដែល​ចែកចេញជា​៥​ក្រុម​ល្បាត ធ្វើ​សកម្មភាព​ជួយ​ការងារ​សង្គម​ទូទៅ​នៅ​ក្នុង​មូលដ្ឋាន។

ដោយឡែក លោក អ៊ុំ សា​ខន ប្រធាន​លេខាធិការដ្ឋាន​កាយរឹទ្ធិ​ជាតិ​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា​៖ នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​មាន​សាលាបឋមសិក្សា និង​មធ្យមសិក្សា​សរុប​មាន​ចំ នួន​៣៤៨​សាលា ដែល​មាន​សិស្ស​សរុប​ចំនួន​១០៤.៥៥៣​នាក់​។ ចំណែក​កាយរឹទ្ធិ​នៅ​ក្នុង​ខេត្ត​សរុប​មាន​ចំនួន​២.២០៤​នាក់ ស្រី​១.៦២៦​នាក់ ស្មើ​១៥%២៨ ក្នុង​នោះ​មាន​កាយរឹទ្ធិ​ប្អូន​ចំនួន​៧៩៤​នាក់ ស្រី​៣៨១​នាក់​។ លោក​ក៏បាន​សំណូមពរ​ដល់​លោ​គ្រូ​អ្នកគ្រូ​គ្រប់​សាលា​ក្នុង​ខេត្ត ជួយ​ជំរុញ​ឲ្យ​សិស្ស​ទាំងអស់ស្ម័គ្រ​ចិត្ត​ចូល​ជា​កាយរឹទ្ធិ​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ធ្វើអំពើ​ល្អ​ជួយ​សង្គមជាតិ​យើង​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​មានការ​រីក​ចំរើន​សំបូរ​សប្បាយ​រុងរឿង​តទៅ​អនាគត​៕
ពិធី​សច្ចាប្រណិធាន ​និង​បំពាក់​កន្សែង នវ កាយរឹទ្ធិ​ជាតិ​កម្ពុជា​ចំនួន​២១២​នាក់​

ពិធី​សច្ចាប្រណិធាន ​និង​បំពាក់​កន្សែង នវ កាយរឹទ្ធិ​ជាតិ​កម្ពុជា​ចំនួន​២១២​នាក់​