ដកមេគណ​ខេត្ត​ចេញ​ ដាក់បាឡាត់គណជំនួស​

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​ព្រះសង្ឃ ឌូ វណ្ណ​ឌឿ​ន មេគណ​ខេត្តកំពង់ស្ពឺ​មានរឿង​អាស្រូវ​ចង់​ធ្វើ​ដូច​តារាចម្រៀង កាន់​ក្បាល​មីក្រូ​ច្រៀង​លើ​ឆាក​តន្ត្រី​នា​ពេល​កន្លង​មក​នោះ ពេល​នេះ​ត្រូវ​បាន​មន្ត្រី​សង្ឃ​ជាន់ខ្ពស់ សម្រេច​ដកហូត​តួនាទី​ជា​មេគណ​តាំងពី​ពេល​នោះ​មក​ដោយ​ដាក់​ជំនួស​វិញ​នូវ​ព្រះ​បាឡាត់​គណ​វិញ ។

លោក​សរ សុ​ពុ​ត្រា ឣ​ភិ​បាល​រង​ខេត្តកំពង់ស្ពឺ​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ឧសភា ២០១៦ ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា ២០១៦​នៅ​វត្ត​ដំណាក់​ត្រាច ក្នុង​ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​ធ្វើ​ពិធីសែនក្រុងពាលី និង​ស្រោចស្រព​ព្រះ​សុគន្ធវារី ប្រគេន​ព្រះ​មេគណ​ខេត្ត​ស្តីទី កែវ ច​ន្ថា នៅ​វត្ត​កំណើត​របស់​លោក ដើម្បី​ប្រាយ​ប្រាប់​ដល់​បារមី​វត្ត និង​សុំ​សេចក្តីសុខ សេចក្តីចំរើន ដល់​ព្រះ​អង្គ​ផង និង​ដល់​ពុទ្ធសាសនិក​ទាំងឡាយ​ផង ។

លោក​ឣ​ភិ​បាល​រង​ខេត្ត​បន្ត​ថា ពិធី​នេះ ត្រូវ​បាន​រៀបចំ​ដោយ​ពុទ្ធបរិស័ទ និង​ព្រះ​គ្រូ​ចៅអធិការ​គ្រប់​វត្ត​ក្នុងស្រុក ហើយ​មានការ​ចូលរួម​ពី​ព្រះ​គ្រូ​អនុគណ​គ្រប់​ស្រុក​ទូ​ទាំង​ខេត្ត និង​លោក​អភិបាលរង​ខេត្ត​-​ស្រុក​-​ឃុំ​ផង​ដែរ ។

បន្ទាប់​ពី​មេគណ​ខេត្ត​ចាស់​ព្រះ​តេជគុណ ឌូ វណ្ណ​ឌឿ​ន ត្រូវ​បាន​ដក​ដំណែង​មក ព្រះ​បាឡាត់​គណ កែវ ច​ន្ថា ក៏​បាន​ឡើង​តំណែង​ស្តីទី​ជំនួស ហើយ​ក៏​នឹង​ត្រៀម​ក្លាយជា​មេគណ​ខេត្ត​ពេញ​សិទ្ធិ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា តាម​ច្បាប់​នៅ​ពេល​ដែល​ឣ​វត្តមាន​មេគណ​ខេត្ត គឺ​ព្រះ​បាឡាត់​ត្រូវ​ឡើងជា​មេគណ​ដោយ​ស្វ័យប្រវត្តិ ។ ការ​ឡើងជា​មេគណ​នេះ បន្ទាប់​ពី​ព្រះ​ឣ​ង្គ​ឌូ វណ្ណ​ឌឿ​ន បាន​យក​ត្រា​មេគណ​ទៅ​ប្រគេន​ដល់​មន្ត្រី​សង្ឃ​ជាន់ខ្ពស់ កាលពី​ថ្ងៃ​ទី​២ ឧសភា ២០១៦​កន្លង​ទៅ ៕