យប់មិញ ចោរ​ប្រើ​ដំបង​ជិះ​ម៉ូតូ​ដេញ​ប្លន់

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​មួយ​ក្រុម​បាន​ប្រើ​ដំបង​ដេញ​វាយ​ប្លន់​ម៉ូតូ​គូសង្សារ​មួយគូ​ខណៈ​កំពុង​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៨២ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក កាលពី​វេលា​ម៉ោង​៣ និង​១០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៦ ។

ជន​រង​គ្រោះ​ទាំង​២​នាក់​មិន​បាន​ត្រូវ​គេ​ស្គាល់​ស្គាល់​អត្តសញ្ញាណ​ឡើយ ដោយ​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ស្កុប​ពី ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BV-1759 ។ ចំណែក​ជនសង្ស័យ​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​ម៉ា​កលេត ពណ៌​ស ១​គ្រឿង និង​ម៉ាក​ស្កុប​ពី ពណ៌​ស ១​គ្រឿង ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​សង្សារ​មួយគូ​នេះ​ជិះ​ម៉ូតូ​ស្កុ​ក​ពី​តាម​បណ្ដោយ​ផ្លូវ​លេខ​១៨២ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះដល់​កន្លែង​កើតហេតុ​ស្រាប់តែ​លេច​ម៉ូតូ​ជនសង្ស័យ​២​គ្រឿង គ្នា​៤​នាក់ ប្រដាប់​ដោយ​ដំបង ដេញ​មក​ពីក្រោយ​ជន​រង​គ្រោះ ហើយ​បាន​ដេញ​វាយ​ជន​រង​គ្រោះ​បម្រុង​ប្លន់​យក​ម៉ូតូ តែ​មិន​បាន​សំរេច​ទេ ដោយសារ​ជន​រង​គ្រោះ​បាន​ព្យាយាម​ជិះ​ចូល​ទៅ​កន្លែង​មាន​មនុស្ស​ច្រើន និង​ស្រែក​ឲ្យ​គេ​ជួយ ហើយ​ភ្លាម​ៗ​នោះ​ជនសង្ស័យ​ទាំងនោះ​បាន​បោះចោល​ដំបង ហើយ​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់ ៕