លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប លាតត្រដាង​ពី​ភាព​អសកម្ម​របស់លោក សែ សាមុត អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​

កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ មាន​ពិធី​ផ្ទេរតំណែង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្តសៀមរាប ដោយ​លោក សែ សាមុត ត្រូវបាន​ដកចេញ​ហើយ​ដាក់ជំនួស​ដោយ​លោក ហ៊ី សាយ​។ ពិធី​ផ្ទេរតំណែង​ភារកិច្ច​នោះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក លឹម វាន់ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​លោក សែ សាមុត មិន​ចូលរួម​ក្នុង​ពិធី​ដើម្បី​ប្រគល់​ត្រា​ឲ្យ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ថ្មី​ឡើយ​។ ប្រការនេះ​បាន​នាំ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ទៅលើ​ភាព​ក្រអឺតក្រទម​របស់លោក សែ សាមុត ហើយ​សូម្បីតែ​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ក៏បានរ​រិះគន់​ពី​ភាព​អសកម្ម​របស់លោក សែ សាមុត ជា​សាធារណៈ​ផងដែរ​។

លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​ថ្លែងថា សំណង់​នៅក្នុង​ខេត្តសៀមរាប​ភាគច្រើន គឺ​សាងសង់​ដោយ​ខុសច្បាប់​ហើយ​បញ្ហា​នេះ​កើតឡើង​ដោយសារតែ​មន្ត្រី​ជំនាញ​មិនបាន​អនុវត្តន៍​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​។ លោក អភិបាលខេត្ត​បាន​រំលឹកថា ការផ្ដល់សេវា​នៃ​មន្ទីរ​រៀបចំ​ដែនដី​នាពេល​កន្លងមក​មាន​ភា​ព​យឺតយ៉ាវ​ដូចជា ច្បាប់​សាងសង់ និង​ការផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជាដើម ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​មួយចំនួន​សាងសង់​លំនៅដ្ឋាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ដោយសារ​រង់ចាំ​យូរពេក​។ ទន្ទឹមនឹងនេះ​លោក ឃឹម ប៊ុន​សុង បាន​ជំរុញ​ឲ្យ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តសៀមរាប​ថ្មី គឺ​លោក ហ៊ី សាយ យកចិត្តទុកដាក់​បំពេ​ញ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​កុំ​ឲ្យ​មាន​បញ្ហា​កើតឡើង​តទៅទៀត​។

​ប្រភពពី​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី បាន​ឲ្យ​ដឹងថា ក្បាលម៉ាស៊ីន​ដឹកនាំ​នៃ​មន្ទីរ​សុរិយោដី​ខេត្តសៀមរាប ត្រូវ​រុះរើ​ស្ទើរ​ទាំងស្រុង​ព្រោះ​ក្រៅពី​ដកហូត​តំណែង​លោក សែ សាមុត ចេញពី​ប្រធាន​មន្ទីរ គឺ​អនុប្រធាន​មន្ទីរ​២​នាក់​ទៀត​ក៏ត្រូវ​ដកហូត​ចេញពី​តំណែង​ដែរ គឺ​លោក ម៉ៅ ចំរើន និង​លោក ខៀវ សេរី​។ ជាមួយគ្នានេះ​មន្ត្រីរាជការ​នៃ​មន្ទីរ​រៀបចំ​ដែនដី​ខេត្តសៀមរាប​មួយចំនួន ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ពេលដែល​លោក សែ សាមុត នៅ​ធ្វើជា​ប្រធាន​មន្ទីរ គឺ​អាក្រក់​ជាង​អ្វីដែល​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​លាតត្រដាង​ទៅទៀត​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី គួរ​ចាត់វិធានការ​លើ​បុគ្គល សែ សាមុត និង​បក្ខពួក ទៅតាម​ទង្វើ​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​នាពេល​កន្លងមក ដើម្បី​ចៀសវាង​កុំ​ឲ្យ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី តាម​បណ្ដា​ខេត្ត​ដទៃទៀត​យកតម្រាប​តាម​៕

240លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប