ករណី​ជនជាតិ​យួន​ប្រព្រឹត្ត​បទល្មើស​នេសាទ​នៅ​ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ កើតឡើង​មិន​អស់​មិន​ហើយ​

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កោះ​ក្អែក ឃុំ​រាំង​ទឹល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ករណី​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប នៅតែ​បន្ត​កើតឡើង​ឥតឈប់ឈរ ព្រោះ​មន្ត្រី​អាជ្ញាធរ និង​មន្ត្រីរដ្ឋបាល​ជលផល មិន​ចាត់វិធានការ​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ យូរៗ​ម្តង​ទើប​ឃើញ​សមត្ថកិច្ច​បង្ក្រាប​យក​ស្នាដៃ នៅពេលដែល​មានការ​រិះគន់​ខ្លាំងៗ​ពី​ប្រជាពលរដ្ឋ​និង​ពី​មជ្ឈដ្ឋាន​នានា​។ អាច​និយាយបានថា លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ និង​មេ​រដ្ឋបាល​ជលផល​ខេត្ត​នេះ មិន​ខ្វល់​ពី​ករណី​ជនជាតិ​យួន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប​ឡើយ ហើយ​ពួកគេ​គិតគូរ​តែ​រឿង​ផលប្រយោជន៍​។

តាម​ការអះអាង​របស់​ប្រជា​សហគមន៍​នេសាទ​ក្នុងភូមិ​កោះ​ក្អែក ឃុំ​រាំង​ទឹល ស្រុក​កណ្ដៀង បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ សមត្ថកិច្ច​ចម្រុះ​បាន​បង្ក្រាប​អ្នកនេសាទ​ជនជាតិ​យួន​៦​នាក់​នៅក្នុង​ដែន​អភិរក្ស​ជលផល​ក្នុងភូមិ​កោះ​ក្អែក ឃុំ​រាំង​ទឹល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។ នៅក្នុង​ការបង្ក្រាប​នោះ​សមត្ថកិច្ច​ចម្រុះ​ដកហូត​បាន​អួន និង​មង​អួ​ស​ដៃ​ចំនួន​៣​វង់ មាន​ប្រវែង​២៨០​ម៉ែត្រ កាណូត​បា​ឡា​ស្មាច់​១​គ្រឿង និង​សម្ភារៈ​សម្រាប់​ប្រព្រឹត្ត​បទល្មើស​មួយចំនួនទៀត​។ ជនសង្ស័យ​ទាំង​៦​នាក់​ត្រូវបាន​បញ្ជូនទៅ​ស្នាក់ការ​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​ខេត្តពោធិ៍សាត់ ហើយ​ប្រជាពលរដ្ឋ​វាយតម្លៃថា​មន្ត្រីរដ្ឋបាល​ជលផល នឹង​ដោះលែង​ជនជាតិ​យួន​ទាំងនោះ​យ៉ាង​ស្រួលៗ​ជាមិនខាន​។

មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តពោធិ៍សាត់ បាន​អំពាវនាវ​ឲ្យ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ចាត់វិធានការ​ទៅលើ​ភាព​អសកម្ម​របស់​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តពោធិ៍សាត់ និង​មន្ត្រីក្រោមឱវាទ​ជាបន្ទាន់ ព្រោះ​ពួកគេ​មិន​បំពេញការងារ​តាម​តួនាទី​របស់ខ្លួន​ដោយ​យកចិត្តទុកដាក់​ឡើយ​។ ផ្ទុយទៅវិញ​ពួកគេ​បណ្ដោយ​ឲ្យ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ក្នុង​ផ្ទៃ​បឹង​ទន្លេសាប​នៃ​ស្រុក​កណ្ដៀង ស្រុក​ក្រគរ និង​ស្រុក​បាកាន​។ ដោយសារ​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ជលផល​នៅក្នុង​ខេត្តពោធិ៍សាត់​នោះ​ហើយ ទើប​ជនជាតិ​យួន​នៅតែ​ធ្វើ​សកម្មភាព​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

image-5