បទល្មើស​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នៅ​ស្រុក​អណ្ដូង​មាស មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​អ្នកធ្វើការ​ឲ្យ​ក្រុមហ៊ុន​ចិន​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ខ្សាច់​ថ្ម​នៅ​ទន្លេសេសាន បាន​ប្រើប្រាស់​គ្រឿងចក្រ​ធ្វើ​អាជីវកម្ម​កាយ​ដី​កោះ​មក​រែង​យក​មាស​ទៅវិញ​។ ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នេះ ត្រូវ​ប្រជាពលរដ្ឋ​សង្ស័យថា មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ និង​មន្ត្រី​អាជ្ញាធរ​ផងដែរ ទើប​ក្រុមហ៊ុន​ចិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។ ដូច្នេះ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​ចិន​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ខ្សាច់​ថ្ម ទៅធ្វើ​អាជីវកម្ម​រ៉ែ​មាស​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​។

សកម្មជន​បរិស្ថាន​និង​ប្រជា​សហគមន៍​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា កន្លែង​ធ្វើ​អាជីវកម្ម​រ៉ែ​ខ្សាច់ ហើយ​ក្លាយទៅជា​អាជីវកម្ម​រែង​យក​មាស​នោះ នៅ​ចំណុច​កោះ​ខ្យង ភូមិ​ដាល ឃុំ​ញ៉ា​ង ហើយ​ត្រូវ​សមត្ថកិច្ច​ទប់ស្កាត់​កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦​។ ប្រភពពី​តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​ឃុំ​ញ៉ា​ង បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ចិន​ដែល​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នោះ ឈ្មោះ ឆាយ ជី​ហ៊ាង មក​បោះទីតាំង​ក្នុង​តំបន់​កោះ​ខ្យង​តាំងពី​ខែមេសា ហើយ​ប្រើ​គ្រឿងចក្រ​កាយ​យក​ដីខ្សាច់​នៅលើ​កោះ ដឹកជញ្ជូន​មក​ស្តុក​ទុក​ក្នុង​ការដ្ឋាន​ក្រុមហ៊ុន​ដែល​បំពាក់​ដោយ​ម៉ាស៊ីន​រែង​ចម្រាញ់​យក​មាស​។ អាជីវកម្ម​ខុសច្បាប់​របស់​ក្រុមហ៊ុន​ចិន​នោះ បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​តំបន់​អភិរក្ស​អន្លង់​ត្រី​ពង​កូន​របស់​សហគមន៍​ភូមិ​ដាល ឃុំ​ញ៉ា​ង និង​ធ្វើ​ឲ្យ​ទឹកទន្លេ​ទៅជា​ល្អក់​ខ្វល់​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា តំបន់​កោះ​ខ្យង​ភូមិ​ដាល ឃុំ​ញ៉ា​ង ជា​តំបន់​រ៉ែ​មាស​ដែល​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ធ្លាប់​រុករក​ជា​លក្ខណៈ​គ្រួសារ​ជា​យូរ​មកហើយ និង​ជា​តំបន់​អភិរក្ស​ធនធាន​ជលផល​នៅក្នុង​ទន្លេសេសាន​ផងដែរ​។ ប្រការ​នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ចិន​ជាបន្ទាន់ ព្រោះ​ក្រុមហ៊ុន​នោះ​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ស្រេច​តែ​អំពើ​ចិត្ត ហើយ​កន្លងមក​លោក ហ៊ុន ប៊ុន​ថា​ន ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល មិន​ចាត់វិធានការ​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​។ ប្រជា​សហគមន៍​ឃុំ​ញ៉ា​ង បានលើកឡើង​ទៀតថា អាជីវកម្ម​ខុសច្បាប់​របស់​ក្រុមហ៊ុន​ចិន កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​ការរស់នៅ​របស់​ពួកគាត់​យ៉ាង​ពេញបន្ទុក ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​តទៅទៀត​ឡើយ​៕

16897235638_fa7ac0c437_oលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល