គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១២​ឧសភា ​កើតឡើង​៧​លើក​ ស្លាប់​៣​នាក់​

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១២​ឧសភា ​កើតឡើង​៧​លើក​ ស្លាប់​៣​នាក់​



ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រ​ទេស​កើតឡើង​ចំនួន ៧​លើក (​យប់ ៥​លើក​) បណ្ដាលឲ្យ​មនុស្ស​ស្លាប់ ៣​នាក់ ( ប្រុស​) រង​របួស​ធ្ងន់ ៥​នាក់ ( ប្រុស ) និង​របួសស្រាល ៣​នាក់ ( ស្រី ១​នាក់ )។​

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ៧​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ១១​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៦​គ្រឿង រថយន្ត​ធុន​តូច ចំនួន ២​គ្រឿង រថយន្ត​ធុន​ធំ ចំនួន ២​គ្រឿង និង​យាន​ផ្សេងៗ ១​គ្រឿង។​

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរា​ច​រ​ណ៍ រួមមាន ល្មើស​ល្បឿន ២​លើក (​ស្លាប់ ២​នាក់​) , ស្រវឹង ១​លើក ( ស្លាប់ ១​នាក់​) , ប្រជែង​គ្រោះ​ថ្នា​ក់ ១​លើក ,​មិន​ប្រកាន់​ស្តាំ ១​លើក , មិន​គោរព​សិទ្ធិ ១​លើក និង​កត្តា​យានយន្ត ១​លើក។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៧​នាក់ ( យប់ )។​

គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៤​លើក ផ្លូវ​ខេត្ត​-​ក្រុង ចំនួន ២​លើក និង​ផ្លូវលំ​ចំនួន ១​លើ​ក ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៤​លើក រថយន្ត​ធុន​តូច ២​លើក និង​រថយន្ត​ធុន​ធំ ១​លើក។​

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បន្ត​ទៀ​ត​ឲ្យ​ដឹង​ថា ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន រាជធានី​ភ្នំពេញ ២​លើក ស្លាប់ ១​នាក់ របួស ៣​នាក់ ខេត្តតាកែវ ១​លើក ស្លាប់ ១​នាក់ និង​ខេត្តកំពង់ធំ ១​លើក ស្លាប់ ១​នាក់។​

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ លទ្ធ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ៤៣៥២​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ១៩៣២​គ្រឿង និង​ពិន័យ​សរុប ២៤២០​គ្រឿង៕