ករណី​ល្បែងស៊ីសង ៖ ឃាត់ខ្លួន​៧​នាក់ របូត​៦​នាក់​ត្រឹម​ស្រុក រីឯ​ម្ចាស់​ផ្ទះ​ត្រូវ​ឃុំខ្លួន​

ករណី​ល្បែងស៊ីសង ៖ ឃាត់ខ្លួន​៧​នាក់ របូត​៦​នាក់​ត្រឹម​ស្រុក រីឯ​ម្ចាស់​ផ្ទះ​ត្រូវ​ឃុំខ្លួន​



កណ្ដាល ៖ ករណី​បង្ក្រាប​ល្បែងស៊ីសង​នៅ​ស្រុក​ខ្សាច់កណ្ដាល ដែល​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​៧​នាក់ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាមច្បាប់។ ប៉ុន្តែ​អ្វី​ជា​ការ​ចម្លែក មនុស្ស​៦​នាក់ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ ក្រោម​ហេតុផល​អប់រំ ព្រោះ​ជា​អ្នកលេង​ប៉ុណ្ណោះ។ ចំណែក ម្ចាស់ផ្ទះ​បើក​ល្បែងស៊ីសង ត្រូវ​បាន​លោក ទី សំណាង ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល សម្រេច​កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៦ ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន។

មនុស្ស​ទាំង​៧​នាក់​នេះ ត្រូវ​បាន​នគរបាល​ស្រុក​ខ្សាច់កណ្ដាល ឃាត់ខ្លួន​ជា​បន្ត​បន្ទាប់ កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ព្រែក​ជ្រូក ឃុំ​បាក់​ដាវ ស្រុក​ខ្សាច់​កណ្តាល។

មន្ត្រី​នគរបាល​ស្រុក​ខ្សាច់​កណ្តាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ម្ចាស់ផ្ទះ​ដែល​ត្រូវ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​នោះ ​ឈ្មោះ ឡេង អាត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ព្រែក​ជ្រូក ឃុំ​បាក់​ដាវ ស្រុក​ខ្សាច់​កណ្តាល។ ដោយឡែក ​អ្នកលេង​ល្បែង​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ធ្វើការ​អប់រំ​នេះ​មាន​ចំនួន​៦​នាក់ ទី​១-​ឈ្មោះ ញឹម លី ភេទ​ប្រុស អាយុ​៦១​ឆ្នាំ មុខរបរ​កសិករ។

ទី​២-​ឈ្មោះ សំ ផន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មុខរបរ​កសិករ។ ទី​៣-​ឈ្មោះ ហៀ​ង ផល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ កសិករ។ ទី​៤-ឈ្មោះ ម៉ូ​វ សឿន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មុខរបរ​កសិករ។ ទី​៥-​ឈ្មោះ ម៉ក់ តូ​ម៉ា ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ មុខរបរ​កសិករ។ ទាំង​៥​នាក់​នេះ​មាន​ទីលំនៅ​ក្នុង​ឃុំ​បាក់​ដាវ ស្រុក​ខ្សាច់​កណ្តាល ។ និង​ទី​៦-​ឈ្មោះ សាំង សឿន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុង​ភូមិ​ព្រែ​ករៃ ឃុំ ព្រែ​ករៃ ស្រុក​ល្វាឯម ខេត្ត​កណ្តាល។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រៅពី​ធ្វើការ​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ និង​អ្នកលេង​ល្បែងស៊ីសង​ខុសច្បាប់​ខាង​លើ​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុតាង​ពាក់ព័ន្ធ​មួយ​ចំនួន​រួមមាន មេអាប៉ោង​ចំនួន​៤​គ្រាប់ ,​ចាន​បាញ់អាប៉ោង​១ ,​គម្រប​ចាន​អាប៉ោង​១ ,​កម្រាល​ហាន់​តោ​ចំនួន​៣ ,​កាបូបស្ពាយ​១ ,​បៀរ​នីឡុង​ចំនួន​៩​ហ៊ូ ,​ប្រាក់​រៀល​ចំនួន​៩៥.០០០​រៀល ,​កន្សែង​ជូត​ចាន​អាប៉ោង​ចំនួន​២ ,​ស្បែកជើង​១០​គូ និង​ម៉ូតូ​ចំនួន​៩​គ្រឿង​ផង​ដែរ៕