បើឡានដឹកឈើ ដឹងច្បាស់ណាស់​ លោកម្ចាស់!

ខេត្តស្ទឹងត្រែង ៖ ​ស្ត្រី​ម្នាក់​​បាន​ស្លាប់​គៀប​​ជាប់​ក្នុង​រថយន្ត​ កាលពី​រសៀល​ថ្ងៃ​ទី​១២​ ឧសភា​ ២០១៦ ​ស្ថិត​នៅ​ភូមិ​ក្បាល​​រមាស​ថ្មី ឃុំ​ក្បាល​​រមាស ស្រុក​សេ​សាន ចំណែក​កូនស្រី​ម្នាក់​​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ ។

​ប្រភព​​​ឱ្យ​​ដឹង​ថា ​រថយន្ត​សាំង​​យ៉ុ​ង​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​នោះ​ បើកបរ​ពី​ទិសខាងកើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ត្រង់​ចន្លោះ​បង្គោល​លេខ​៥០៣ ​ភូមិ​ក្បាល​រមាស​ថ្មី​ រថយន្ត​បាន​បែក​កង់រេ​​ចង្កូត​ធ្លាក់​ប្រឡាយ​បុក​​​ដើមឈើ​ បណ្តាលឱ្យ​​ស្ត្រី​ម្នាក់​កៀប​ជាប់​ក្នុង​រថយន្ត​ស្លាប់​​នៅ​នឹង​កន្លែង ​។

​ប្រភព​ដដែល​បន្ត​ថា​ ខណៈ​ពេល​កើតហេតុ​នោះ​ គេ​បានឃើញ​មាន​មនុស្ស​រួម​ដំណើរ​តែ​៣​នាក់​ប៉ុណ្ណោះ​ ដែល​មាន​ស្ត្រី​រង​គ្រោះ និង​កូ​ន​ស្រី​ម្នាក់ ព្រមទាំង​តៃកុង​រថយន្ត ​។ ​បន្ទាប់​ពី​ហេតុការណ៍​នេះ​​កើតឡើង​តៃកុង​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​ ។

​ប្រភព​ពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្បាល​​រមាស ​ស្រុក​សេ​សាន​ឱ្យ​​ដឹង​ថា ​រថយន្ត​សាំង​យ៉ុ​ង​ដឹក​អ្នកដំណើរ​ ដែល​ជួប​គ្រោះថ្នាក់​
ចរាច​ណ៍​នោះ​ ពណ៌​ខៀវ​ ពាក់​ស្លាក់​លេខ​២Z-៤៩៥៧​ មក​ពី​ខេត្តរតនគិរី ​ដល់​ចំណុច​កើតហេតុ​បាន​បែក​កង​រេ​ចង្កូត​ធ្លាក់​ប្រ​ឡាយ​​បណ្តាល​​ឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​ និង​ក្មេង​ស្រី​ម្នាក់​ទៀត ​ត្រូវជា​កូន​ មិន​មាន​រង​របួស​ឡើយ ហើយ​ក្រោយ​កើតហេតុ​តៃកុង​រថយន្ត​បាន​គេចខ្លួន​បាត់​ដែរ ​។

​ប្រភព​ដដែល​បន្ត​ថា​ ស្ត្រី​រង​គ្រោះ​មានឈ្មោះ​ផុ​ន អាយុ​៤៨​ឆ្នាំ​ បាន​ស្លាប់​កៀប​​ជាប់​ក្នុង​រថយន្ត និង​កូនស្រីឈ្មោះមុំ អាយុ​១០​ឆ្នាំ អ្នក​ទាំង​២នាក់ ​រស់នៅ​ភូមិ​កា​ឡាន់​ធំ ឃុំ​វ៉ឺ​ន​សៃ ស្រុក​វ៉ឺ​ន​សៃ ខេត្តរតនគិរី ។

​ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាច​ណ៍​ខាងលើ​ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្បាល​រមាស​បាន​ឱ្យ​​ដឹង​ថា ​ចាប់តាំងពី​ពេល​កើតហេតុ​ម៉ោង​ជាង​៣​រសៀល​ មានការ​ជូនដំណឹង​តាម​ប្រព័ន្ធ​តេ​លេ​ក្រាម​ចូល​ទៅ​ក្នុង​គ្រប់​​របស់​ស្នងការ​ស្នងការ​រង​អធិការ​រួចរាល់ ​ចាប់តាំងពី​ពេល​នោះ​មក  តែ​រហូត​មក​ទល់​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃ​ទី​១៣ ​ទៅ​ហើយ​ខាង​ជំនាញ​ចរាច​ណ៍ ​នៅតែ​ពុំ​ឃើញ​ស្រមោល​ទៀត ​ហើយ​សារព័ត៌​មានបាន​ធ្វើការ​ទំនាក់ទំនង​ទៅ​កាន់​​ជំនាញ អ្នកខ្លះ​ឆ្លើយ​ថា​អត់​ដឹង ។ ​ចំណែក​អ្នកខ្លះ​ទៀត​ រុញ​ឲ្យ​សួរ​ទៅ​ខាង​ស្រុក ។

ចំណែក​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ បាន​គាស់​យក​សាកសព​ស្ត្រី​រង​គ្រោះ​ ប្រគល់​ជូន​សាច់ញាតិ​ និង​យាម​កាម​អត់ងងុយ​ពេញ​មួយ​​យប់​ទល់​ភ្លឺ​ នៅ​តែ​មិន​ទាន់​មាន​មន្ត្រី​ចរាច​ណ៍​ណា​ម្នាក់ ​ទៅ​ស្ទួ​ច​យក​រថយន្ត​នោះ​ទៅ​រក្សា​ទុក​នៅឡើយ​ទេ ។

អ្នក​ស្រុក​និយាយថា បើឡាន​ដឹកឈើ​វិញ ម្នាក់ៗ​ដឹងណាស់​ ហើយស្ទុះ​ស្ទា​ទៀតផង ។ បើ​ឡាន​គ្រោះ​ថ្នាក់​ មាន​មនុស្ស​ស្លាប់​ ធ្វើ​មិន​ដឹង ។