ករណី​កុង​ទ័​រ​ភ្លើង​វិល​លឿន​នៅ​ខេត្តពោធិ៍សាត់ ជា​ភស្ដុតាង​បង្ហាញ​ពី​ភាពមិនប្រក្រតី​នៅ​តំបន់​ផ្សេងទៀត​

​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​មន្ត្រី​អគ្គិសនី​កម្ពុជា បាន​ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់​នាឡិកា​វាស់​អគ្គិសនី​នៅតាម​ក្នុងផ្ទះ​នីមួយៗ​ដែលមាន​ការសង្ស័យ ហើយ​រកឃើញថា​កុង​ទ័​រ​ដែល​សង្ស័យ​ភាគច្រើន​មាន​ភាពមិនប្រក្រតី​ពិតមែន​។ មន្ត្រី​បច្ចេកទេស​អគ្គិសនី​កម្ពុជា បាន​រកឃើញ​នាឡិកា​ដែល​ពិនិត្យ​ទៅ​ឃើញ​មាន​ដាច់​ប្លុម​បេ​ខុសពី​រូបភាព​ដើម​ដែល​រោងចក្រ​បាន​ផលិត ហើយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​ប្ដូរ​នាឡិកា​ថ្មី​ដែលមាន​ប្លុម​បេ​ត្រឹមត្រូវ​ជំនួស​វិញ​ដោយ​ឥតគិតថ្លៃ​ដល់​អតិថិជន​របស់ខ្លួន​។ ចំណុច​នេះ​បង្ហាញ​ឲ្យ​ឃើញថា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​នៅ​ក្រុង​ពោធិ៍សាត់ មាន​ចេតនា​មិនល្អ​ជាមួយ​អតិថិជន​របស់ខ្លួន ហើយ​គិតតែ​ពី​រឿង​ផលប្រយោជន៍​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​នៅ​ក្រុង​ពោធិ៍សាត់ បាន​អំពាវនាវ​ឲ្យ​លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា ចាត់វិធានការ​តាមច្បាប់​ទៅលើ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​ក្នុង​ក្រុង​ពោធិ៍សាត់ ដើម្បី​ជាការ​ព្រមាន​ដល់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​តាម​បណ្ដា​ខេត្ត​ក្រុង ដទៃទៀត​ផងដែរ​។ ដោយហេតុថា ប្រសិនបើ​ស្ថាប័ន​អគ្គិសនី​កម្ពុជា​គ្រាន់តែ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ប្ដូរ​កុង​ទ័​រ​ថ្មី​សម្រាប់​អតិថិជន និង​ផ្ដល់ប្រាក់​សំណង​ពី​កុង​ទ័​រ​វិល​លឿន​ហួសហេតុ​ទៅ​ឲ្យ​អតិថិជន​វិញ គឺ​នៅតែ​ធ្វើ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​បន្តសកម្មភាព​អាក្រក់​របស់ខ្លួន​ជាមិនខាន​។ ដូច្នេះ​វិធានការ​ផ្លូវច្បាប់​ទៅលើ​ម្ចាស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​ក្នុង​ក្រុង​ពោធិ៍សាត់ គឺជា​ប្រការ​សំខាន់បំផុត​ព្រោះ​មន្ត្រី​ជំនាញ​បាន​រកឃើញ​ភស្ដុតាង​នៃ​ភាពមិនប្រក្រតី​យ៉ាង​ច្បាស់លាស់​រួចទៅហើយ​។

សូម​បញ្ជាក់ដែរថា មិនមែន​តែ​កុង​ទ័​រ​ភ្លើង​នៅក្នុង​ក្រុង​ពោធិ៍សាត់​ទេ ដែល​វិល​លឿន​ខុស​ប្រក្រតី​រហូត​ប្រជាពលរដ្ឋ​ជា​អតិថិជន​អំពាវនាវ​ឲ្យ​មន្ត្រី​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​រក​ដំណោះស្រាយ ព្រោះ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​មាន​ចេតនា​មិនល្អ​លើ​អតិថិជន​។ នៅក្នុង​ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និង​នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ក៏មាន​ករណី​កុង​ទ័​រ​ភ្លើង​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​វិល​លឿន​ខុស​ប្រក្រតី​ដែរ ព្រោះ​កាលពី​ខែមករា និង​ខែកុម្ភៈ ពួកគាត់​ក្នុង​មួយ​គ្រួសារ​ប្រើ​ភ្លើង​អស់​តែ​២០​ទៅ​៣០​គីឡូវ៉ាត់​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ខែមីនា និង​ខែមេសា បែរជា​អស់​ដល់​ទៅ​១០០​ឬ​ជាង​១០០​គីឡូវ៉ាត់​។ បញ្ហា​នេះ​លោក កែវ រតនៈ ដែលជា​អគ្គនាយក​អគ្គិសនី​កម្ពុជា គួរ​ពិនិត្យ​និង​ចាត់វិធានការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​តម្លាភាព ព្រោះ​ប្រជាពលរដ្ឋ​មិន​ចង់បាន​អ្វី​ក្រៅពី​យុត្តិធម៌​ពិតប្រាកដ​នោះទេ​៕

ratanakលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា