រថយន្ត​ធំៗ​របស់​ក្រុមហ៊ុន​យួន​ដឹកទំនិញ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ យ៉ាង​អនាធិបតេយ្យ​

សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ប៉ុន្មាន​កន្លងទៅនេះ​គេ​ឃើញ​ក្បួន​រថយន្ត​ធំៗ​របស់​ក្រុមហ៊ុន​យួន​បាន​ដឹកទំនិញ​ផ្សេងៗ​ឆ្លងកាត់​ច្រក​នេះ ចូល​ទឹកដី​ខ្មែរ​យកទៅដាក់​តាម​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ដោយមាន​ការសម្របសម្រួល​ពី​មន្ត្រី​គយ និង​សមត្ថកិច្ច​ស្ថាប័ន​មួយចំនួនទៀត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រថយន្ត​ទាំងនោះ​បើកបរ​ក្នុង​ល្បឿន​លឿនៗ​មិន​គោរព​ច្បាប់​ចរាចរណ៍​នៃ​ប្រទេស​កម្ពុជា​ទេ ហើយ​ងាយ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ផងដែរ​។ បញ្ហា​នេះ​លោក ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី គួរពិនិត្យមើល​ភាពអនាធិបតេយ្យ​នៃ​ការបំពានច្បាប់​ចរាចរណ៍​នៃ​រថយន្ត​ដឹកទំនិញ​របស់​ក្រុមហ៊ុន​យួន​ខ្លះ​ផង​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​អូ​រយ៉ា​ដាវ ស្រុក​លំផាត់ បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​១២ ខែឧសភា មាន​ក្បួន​រថយន្ត​ក្រុមហ៊ុន​យួន​ដឹក​ជី​មាន​សញ្ញា​សម្គាល់ HAGL Group ផ្ទក​ជី​ពេញៗ​ដឹក​ទៅ​ដាក់​នៅ​ក្រុមហ៊ុន​ហុង​អា​ញ់ អណ្ដូង​មាស ដែលមាន​ទីតាំងនៅ​ស្រុក​លំផាត់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រថយន្ត​ដឹកទំនិញ​របស់​ក្រុមហ៊ុន​យួន​បាន​បើ​កជែងគ្នា​ជា​ពីរ​ជួរ​លើផ្លូវ​ជាតិ​លេខ​៧៨ ឡើង​ចំណោត​ដែលមាន​ចម្ងាយ​ជាង​៤​គីឡូម៉ែត្រ ពី​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ ហើយ​គ្មាន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ណា​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ការបើកបរ​រថយន្ត​ក្រុមហ៊ុន​យួន​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បើកបរ​យានយន្ត​បញ្ច្រាសទិស​គ្នា​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង ព្រោះ​រថយន្ត​ដឹកទំនិញ​ទាំងនោះ​បំពាន​លើ​ចំណែក​ផ្លូវ​ម្ខាង​ទៀត​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។

​មានការ​រិះគន់ថា នគរបាល​ចរាចរណ៍​ឈរជើង​លើផ្លូវ​ជាតិ​លេខ​៧៨ ក្នុងស្រុក​អូរ​យ៉ា​ដាវ មិនបាន​ចាត់វិធានការ​ត្រួតពិនិត្យ​មើល​ប័ណ្ណបើកបរ​និង​ណែនាំ​ឲ្យ​តៃកុង​រថយន្ត​ដឹកទំនិញ​ជា​ជនជាតិ​យួន​គោរព​ច្បាប់​ចរាចរណ៍​ស្រុក​ខ្មែរ​នោះទេ​។ ផ្ទុយទៅវិញ​ប្រសិនបើ​ប្រជាពលរដ្ឋ​ខ្មែរ​បើកបរ​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៧៨ បំពាន​ច្បាប់​តែ​បន្តិច​នឹងត្រូវ​នគរបាល​ចរាចរណ៍​ចាត់វិធានការ​ត្រួតពិនិត្យ និង​ផាកពិន័យ​យ៉ាងធ្ងន់ធ្ងរ​ជាមិនខាន​។ បញ្ហា​នេះ​អាជ្ញាធរ​ខេត្តរតនគិរី និង​ស្នងការ​នគរបាល​ខេត្តរតនគិរី មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ឡើយ ព្រោះ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​រថយន្ត​ធំៗ​របស់​ក្រុមហ៊ុន​យួន​ដឹកជញ្ជូន​ទំនិញ​ឆ្លងដែន​ចូល​ទឹកដី​ខ្មែរ​យ៉ាង​គគ្រឹកគគ្រេង ហើយ​មិន​គោរព​ច្បាប់​ចរាចរណ៍​ស្រុក​ខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ​នោះឡើយ​៕

Pic82 Pic81