ទ្រី​យ៉ា​ត្លុង​បន្ត​ហ្វឹកហាត់​យ៉ាងសកម្ម ខណៈ​ម៉ាឡេស៊ី​មិនទាន់​សម្រេច​ដាក់​ក្នុងការ​ប្រកួត​ស៊ី​ហ្គេម​

​កីឡា​ទ្រី​យ៉ា​ត្លុង​ជា​ប្រ​ទេ​ភ​កីឡា ដែល​រួមបញ្ចូល​៣​ប្រភេទ​កីឡា​បញ្ចូល​គ្នា គឺ​ហែល​ទឹក ជិះ​កង់ និង​រត់ កំពុង​បន្ត​ការហ្វឹកហាត់​យ៉ាងសកម្ម ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​របស់ខ្លួន ទោះបីជា​ខាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ប្រទេស​ម៉ាឡេស៊ី មិនទាន់​សម្រេច​ដាក់​កីឡា​ប្រភេទ​នេះ​នៅក្នុង​ការប្រកួត​ស៊ី​ហ្គេម នៅ​ប្រទេស​ម៉ាឡេស៊ី ឆ្នាំ​២០១៧ ក៏ដោយ​។

​ទោះបីជា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ម៉ាឡេស៊ី មិនទាន់​សម្រេច​ដាក់​ប្រភេទ​កីឡា​ទ្រី​យ៉ា​ត្លុង ក្នុងការ​ប្រកួត​ស៊ី​ហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី​ឆ្នាំ​២០១៧ ក៏ដោយ ប៉ុន្តែ​កីឡាករ​កីឡាការិនី​ទ្រី​យ៉ា​ត្លុង​កម្ពុជា បាននិងកំពុង​បន្ត​ការហ្វឹកហាត់​របស់ខ្លួន​យ៉ាងសកម្ម ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​ឲ្យ​កាន់តែ​រីកចម្រើន សម្រាប់​ត្រៀម​ប្រកួត​ក្នុង​ជាតិ និង​អន្តរជាតិ​ផ្សេងទៀត​។ 

​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា លោក ងិន សុ​បញ្ញា បាន​បញ្ជាក់ថា​៖«​ទោះបីជា​មិនដឹងថា​ប្រទេស​ម៉ាឡេស៊ី​មិន​ដាក់បញ្ចូល​ទ្រី​យ៉ា​ត្លុង​ក្នុង​ស៊ី​ហ្គេម​ឬ​អត់​នោះទេ ប៉ុន្តែ​កីឡាករ​កីឡាការិនី​រប​ស់​យើង​បន្ត​ហ្វឹកហាត់​ធម្មតា ដើម្បី​ត្រៀមលក្ខណៈ​ប្រកួត ទោះបី​បាន​ចូល​ឬ​មិន​ចូល​ក៏ដោយ​។ កីឡាករ​មិនមែន​ទាល់តែ​ជិត​ដល់​ប្រកួត​ទើប​ហ្វឹកហាត់​នោះទេ គឺ​ត្រូវ​ហ្វឹកហាត់​ត្រៀមលក្ខណៈ​មុន ទោះបី​មិនមាន​ប្រភេទ​កីឡា​ទ្រី​យ៉ា​ត្លុង​ក្នុង​ស៊ី​ហ្គេម ក៏មាន​ការប្រកួត​ផ្សេងៗ​ទៀត​ដែរ​»​។​

​លោក​អគ្គលេខាធិការ​រូបនេះ​បន្ថែមថា សម្រាប់​ការដាក់​វិញ្ញាសា​កីឡា​ទ្រី​យ៉ា​ត្លុង​ក្នុង​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០១៧ កំពុង​ស្ថិតនៅ​ក្នុងការ​ពិចារណា​របស់​គណៈកម្មាធិកា​រ​ជាតិ​ម៉ាឡេស៊ី ពោលគឺ​អាចមាន​វត្តមាន និង​មិនមាន​វត្ត​៥០​ភាគរយ​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី​នេះ ដោយ​ការប្រជុំ​សម្រេច​ដាក់ ឬ​មិន​ដាក់​នឹង​ប្រព្រឹត្តទៅ​នៅ​កក្កដា​ខាង​មុននេះ​។ ហើយ​ការប្រជុំ​នេះ​ដោយមាន​ការចូលរួម​ពី​បណ្តា​ប្រទេស​ដែលជា​សមាជិក​កីឡា​អាស៊ាន​ទាំងអស់​ដែល​បាន​ចូលរួម​ការប្រកួត​ស៊ី​ហ្គេម​នេះ​។

​ពាក់ព័ន្ធ​ទៅនឹង​ការដាក់បញ្ចូល​ប្រទេស​វិញ្ញាសា​ទ្រី​យ៉ា​ត្លុង​ក្នុងការ​ប្រកួត​ស៊ី​ហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី នេះ ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ាន រួមទាំង​កម្ពុជា តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​រៀងៗ​ខ្លួន នឹងដាក់​សំណើរ​ទៅកាន់​គណៈកម្មាធិការ​ជាតិ​ម៉ាឡេស៊ី សុំ​ដាក់បញ្ចូល​ប្រភេទ​វិញ្ញាសា​ទី​យ៉ាង​ត្លុង​ក្នុង​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០១៧ ដែល​ម៉ាឡេស៊ី​ជា​អ្នកធ្វើ​ម្ចាស់ផ្ទះ​៕