​ឈ្មួញ​មានអំណាច​ធ្វើ​របង​ព័ទ្ធ​យក​ដី​ឆ្នេរសមុទ្រ​នៅ ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត​

នៅ​ចុង​សប្តាហ៍​នេះ សកម្មជន​បរិស្ថាន នៅ​ខេត្តកំពត​បាន​រាយការណ៍​មក​ថា អ្នកមានអំណាច​ជាច្រើន​នាក់​បាន​ព័ទ្ធរបង​រំលោភ​លើដី​ចំណី​ឆ្នេរ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នៅក្នុង​ភូមិសាស្ត្រ ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត​។ ប្រភព​ដដែល​បាន​សុំ​ការអន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្តកំពត​គប្បី​ជួយ​ដោះស្រាយ​ជាបន្ទាន់ ព្រោះ​បញ្ហា​នេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​បាត់បង់​ឆ្នេរសមុទ្រ​សាធារណៈ​នោះទេ តែ​ក៏​ធ្វើ​ឲ្យ​បាត់បង់​កន្លែង​សម្រាប់​ចតទូក​របស់​ប្រជាពលរដ្ឋ​ជា​អ្នកនេសាទ​ផងដែរ​។​

​ឆ្នេរសមុទ្រ​ដែល​ស្ថិតនៅ​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត ជាប់​ព្រំដី​ណា​តា​យ៉ា​រី​សត កំពុង​ត្រូវបាន​គេ​ព័ទ្ធ និង​បោះបង្គោល​រំលោភបំពាន​ដល់​មាត់សមុទ្រ​ហើយ នេះ​ជាការ​បញ្ជាក់​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​អ្នកនេសាទ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា សកម្មភាព​ទន្ទ្រាន​យក​ដី​ឆ្នេរសមុទ្រ​នេះ គឺ​បាន​កើតឡើង​ក្រោយពី​តំបន់​ខាងលើ និង​តំបន់​ផ្សេងៗ​ទៀត​នៅក្នុង​ខេត្តកំពត​កំពុង​តែមាន​សន្ទុះ​ការអភិវឌ្ឍ​ខ្លាំង​ដែល​ធ្វើ​ឲ្យ​តម្លៃ​ដី​ឡើងថ្លៃ​ខ្ពស់​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក ចាត់ ចេស្តា អភិបាល​ខេត្តកំពត និង​លោក ជា សុផារ៉ា ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ទើប​ឡើងមក​កាន់​មុខតំណែង​ថ្មី​នោះ ត្រូវបាន​ប្រជាពលរដ្ឋ​មូលដ្ឋាន​បញ្ជាក់ថា ជា​អ្នកមាន​លទ្ធភាព​ដោះស្រាយ​បញ្ហា​ទន្ទ្រាន​យក​ដី​ឆ្នេរ​ក្នុង​តំបន់​ខាងលើនេះ​ប្រកបដោយ​ប្រសិទ្ធភាព ព្រោះ​មន្ត្រី​មូលដ្ឋាន​មិនអាច​ដោះស្រាយ​ចេញ​ឡើយ ដោយសារតែ​អ្នក​មក​ទន្ទ្រាន​យក​ដី​ឆ្នេរសមុទ្រ ភាគច្រើន​ជា​អ្នកមានអំណាច​គួរសម​ដែរ ហើយ​មន្ត្រី​មូលដ្ឋាន​មួយចំនួន​ក៏​ជា​អ្នក​ឃុបឃិត​កេងចំណេញ​យក​ផលប្រយោជន៍​ផងដែរ​។​

គួរ​បញ្ជាក់ថា តាមច្បាប់​ភូមិបាល​ដី​ឆ្នេរសមុទ្រ​ត្រូវ​រក្សាទុក​ច្រាំង​ប្រវែង​៥០​ម៉ែត្រ​ពី​ទឹកសមុទ្រ​។ ដូច្នេះ​អ្នក​អាង​អំណាច​មក​រំលោភ​យក​ដី​ចំណី​ឆ្នេរ ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ក្នុង​តំបន់​ខាងលើនេះ មិន​ត្រឹមតែ​ជា​ទង្វើ​ខុសច្បាប់​នោះទេ តែ​វា​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការប្រកប​របរ​នេសាទ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​ប៉ះពាល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​បរិស្ថាន​នា​ថ្ងៃ​អនាគត​ផងដែរ​៕

13076540_1708853806029532_1049452266171254773_n 13133391_1708854046029508_6083314445736702868_n