កម្មវិធី​ទូរទស្សន៍​ថ្មី​របស់​អាចារ្យ អេ និង​លោក សោម ឆាយា នឹង​មក​ដល់​នៅ​សប្តាហ៍​ក្រោយ

កម្មវិធី​ទូរទស្សន៍​ថ្មី​របស់ ភីអិនអិន ដែល​ជា​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ពិធីករ​វិទ្យុ​ក្នុង​ស្រុក​ដ៏​ល្បី ABC គឺ អាចារ្យ អេ និង​លោក សោម ឆាយា ក្នុង​កម្មវិធី​ថ្មី​មិន​ធ្លាប់​មាន​ពីមុន​នៅ​កម្ពុជា នឹង​ចាប់ផ្តើម​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ ភីអិនអិន នា​សប្តាហ៍​ក្រោយ​តទៅ។

 

“មតិ​ផ្ទុយ” ជា​កម្មវិធី​ថ្មី​សន្លាង​មួយ​ដែល​នឹង​ចាប់ផ្តើម​បង្ហាញ​វត្តមាន​របស់​ខ្លួន​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​ខាង​មុខ ពោល​គឺ​នៅ​ថ្ងៃ​ចន្ទ ទី​១៦ ឧសភា នេះ ដើម្បី​បម្រើ​សេចក្តី​ត្រូវ​ការ​របស់​ទស្សនិកជន និង​ប្រិយមិត្ត​អ្នក​ស្តាប់​ក្នុង​វិស័យ​ព័ត៌មាន ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់​រយៈ​ពេល ២​ម៉ោង​ពេញ ចាប់ពី​ម៉ោង​៧ ដល់​ម៉ោង​៩​ព្រឹក ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ។

 

កម្មវិធី​ទូរទស្សន៍​ថ្មី​របស់​អាចារ្យ អេ និង​លោក សោម ឆាយា នឹង​មក​ដល់​នៅ​សប្តាហ៍​ក្រោយ

 

នេះ​ជា​លើក​ទី​មួយ ដែល​លោក អាចារ្យ អេ ពិធីករ​វិទ្យុ​មួយ​រូប បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ទូរទស្សន៍​ជាមួយ​នឹង​ពិធីករ​ព័ត៌មាន​ពោរ​ពេញ​ដោយ​បទពិសោធន៍​របស់ ភីអិនអិន គឺ​លោក សោម ឆាយា។ ក្រៅ​ពី​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ ភីអិនអិន កម្មវិធី​នេះ​ក៏​នឹង​ផ្សាយ​បន្ត​ផ្ទាល់​តាម​រយៈ​វិទ្យុ ABC ដោយ​មាន​ក្រុម​ការងារ​តំណាង​វិទ្យុ ABC និង​ពិធីការិនី​របស់ ភីអិនអិន រួម​គ្នា​ទទួល​ការ​ហៅ​ទូរសព្ទ​ចូល​ពី​ប្រិយមិត្ត ដើម្បី​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​កំពុង​កើត​មាន​ក្នុង​សង្គម។

 

អាចារ្យ អេ ជា​ពិធីករ​មួយ​រូប មាន​ការ​គាំទ្រ​ខ្លាំង​តាម​រយៈ​កម្មវិធី​វិទ្យុ ABC ខណៈ​វត្តមាន​របស់​លោក​ក្នុង​កម្មវិធី​ទូរទស្សន៍ ភីអិនអិន រំពឹង​អាច​កៀង​គរ​ប្រិយមិត្ត​វិទ្យុ ងាក​មក​ចាប់​អារម្មណ៍ និង​ទស្សនា​កម្មវិធី​ទូរទស្សន៍ “មតិ​ផ្ទុយ” កាន់​តែ​ច្រើន​កុះករ​ថែម​ទៀត​។​

 

អគ្គនាយក​រង​ស្ថានីយ​ទូរទស្សន៍ ភីអិនអិន លោក សោម ឆាយា ប្រាប់​ឲ្យ​ដឹង​ថា “មក​ទល់​ពេល​នេះ​មាន​ប្រិយមិត្ត​ជា​ច្រើន បាន​ដឹង​ឮ​ពី​កម្មវិធី​ថ្មី​ដែល​មាន​វិទ្យុ ABC សហការ​ជាមួយ​ស្ថានីយ​ទូរទស្សន៍ ភីអិនអិន រួច​មក​ហើយ​។ ហើយ​ពួកគេ​ថែមទាំង​បាន​បញ្ចេញ​មតិ​ជា​វិជ្ជមាន បង្ហាញ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ផង​ដែរ”។

 

ជា​រៀងរាល់​ថ្ងៃ មាន​ប្រិយមិត្ត​អ្នក​ស្តាប់​ជាច្រើន តែង​ហៅ​ទូរសព្ទ​ចូល​កម្មវិធី​របស់​វិទ្យុ ABC ដោយ​ភាគ​ច្រើន​នៃ​ពួក​គេ សង្ឃឹម​នឹង​អាច​ធ្វើ​ដូចគ្នា​នេះ​ក្នុង​កម្មវិធី​ទូរទស្សន៍​។ ទស្សនិកជន ក៏​ដូចជា​ប្រិយ​មិត្ត​អ្នក​ស្តាប់ ដែល​ចង់​ហៅ​ទូរសព្ទ​បញ្ចេញមតិ​យោបល់​ផ្សេងៗ​ក្នុង​កម្មវិធី​ថ្មី​នេះ អាច​ហៅចូល​តាម​រយៈ​លេខ​ទូរសព្ទ 070 23 10 10 / 012 23 10 10​។

 

កម្មវិធី​ថ្មី​នេះ អាចារ្យ អេ ក៏​បង្ហាញ​ក្តី​សង្ឃឹម​ខ្លាំង​ទៅ​លើ​ប្រិយមិត្ត​អ្នក​ស្តាប់​វិទ្យុ ABC របស់​លោក នឹង​ងាក​មក​ចាប់​អារម្មណ៍​កម្មវិធី​នេះ​ជា​មិន​ខាន​។ លោក​បន្ត​ថា ក្រុម​ការងារ​កំពុង​ទន្ទឹង​រង់ចាំ​ការ​ហៅ​ទូរសព្ទ​មក​កាន់​កម្មវិធី​ថ្មី​នេះ​ពី​សំណាក់​ទស្សនិកជន និង​ប្រិយមិត្ត​អ្នក​ស្តាប់ នៅ​សប្តាហ៍​ក្រោយ​នេះ។

 

ប្រធាន​បទ​ស្នូល​នៃ​កម្មវិធី ​ត្រូវ​រំពឹងថា​នឹង​ផ្តោត​សំខាន់​លើ​បញ្ហា​មួយ​ចំនួន​ក្នុង​សង្គម រាប់​បញ្ចូល​ទាំង នយោបាយ និង​សេដ្ឋកិច្ច​ជាដើម។ ជាមួយ​នឹង​ទស្សនៈ​ផ្ទុយ​គ្នា​រវាង​លោក សោម ឆាយា និង​អាចារ្យ អេ ត្រូវ​គេ​ជឿ​ថា នឹង​កាន់​តែ​ធ្វើ​ឲ្យ​កម្មវិធី​នេះ ពោរ​ពេញ​ដោយ​ការ​ពិភាក្សា​វែកញែក​យ៉ាង​រស់​រវើក​ជា​មិន​ខាន។

 

ភីអិនអិន ចាប់​ផ្តើម​ផ្សាយ​ជា​ផ្លូវការ​ចាប់​តាំងពី​ខែកក្កដា ឆ្នាំ​២០១៥ មក ខណៈ​មក​ទល់​នឹង​ពេល​នេះ ភីអិនអិន ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ទូរ​ទស្សនិកជន។ ដោយ​ឡែក វិទ្យុ ABC ផ្សាយ​តាម​រលក​ធាតុ​អាកាស ១០៧.៥ Mhz ចាប់​ផ្ដើម​ផ្សាយ​តាំងពី​ឆ្នាំ ២០០៧​ដោយ​មក​ទល់​ពេល​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រិយមិត្ត​អ្នក​ស្តាប់​ជាច្រើន​លាន​នាក់​ទូទាំង​ប្រទេស៕

 

អត្ថបទ៖ ពាណិជ្ជកម្ម​