ជនជាតិ​ស្បែក​ខ្មៅ២នាក់​ លេប​គ្រឿងញៀន​ជាង​១​គីឡូក្រាម ជាប់គុក​មិន​ក្រោម​២០​ឆ្នាំ​

ជនជាតិ​ស្បែក​ខ្មៅ២នាក់​ លេប​គ្រឿងញៀន​ជាង​១​គីឡូក្រាម ជាប់គុក​មិន​ក្រោម​២០​ឆ្នាំ​



​ភ្នំពេញ​ ៖ ជនជាតិ​ស្បែក​ខ្មៅ​នីហ្សេរីយ៉ា​២​នាក់ ដែល​ធ្វើ​សកម្មភាព​លេប​គ្រឿងញៀន​ប្រភេទ​កូកាអ៊ីន​ទម្ងន់​ជាង​មួយ​គីឡូក្រាម​ចូលក្នុង​ពោះ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេ​ច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្ដោះ​អាសន្ន​កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦ ដើម្បី​រង់ចាំ​ការ​ស៊ើប​អង្កេត​បន្ត​ទៀត។​

​មន្ត្រី​តុលាការ​ថ្លែង​ថា ជនជាតិ​នីហ្សេរីយ៉ា​ទាំង​២​នាក់​នេះ ត្រូវ​បាន លោកស្រី ស៊ឺ វណ្ណ​នី ព្រះ​រាជ​អា​ជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពី​បទ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន តាម​មាត្រា​៤០ ច្បាប់​ស្ដីពី​វិសោធនកម្ម​គ្រឿងញៀន។ ជនល្មើស​ទាំង២​នាក់​នឹង​ប្រឈមមុខ​នឹង​ការ​ជាប់​ពន្ធនាគារ​មិ​ន​ក្រោម​២០​ឆ្នាំ​នោះ​ទេ បើ​គិត​តាម​កម្រិត​ធាតុសុទ្ធ​នៃ​សារធាតុ​ញៀន។​

​លោក​ឧត្តមសេនីយ៍​ឯក ម៉ក់ ជី​តូ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ទទួល​ផែន​ការងារ​គ្រឿងញៀន បាន​ថ្លែង​ថា ជន​ជួញដូរ​គ្រឿងញៀន​ជនជាតិ​នីហ្សេរីយ៉ា​ចំនួន​២​នាក់​នេះ ត្រូវ​បាន​បង្ក្រាប និង​ចាប់ខ្លួន​ដោយ​គ្រឿងញៀន ប្រភេទ​កា​កូ​អ៊ីន​ជាង​១​គីឡូក្រាម​ ត្រូវ​បាន​ពួកគេ​លេប​ចូលក្នុង​ពោះ​។​

​លោក​ឧត្តមសេនីយ៍​បាន​បញ្ជាក់​ថា ជន​ជួញដូរ​គ្រឿងញៀន​ទាំង​២​នាក់ ត្រូវ​បាន​បង្ក្រាប​នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ កាលពី​រសៀល​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦ ដែល​ធ្វើឡើង​ក្រោម​ការ​បញ្ជា​ផ្ទា​ល់​ពី​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។​

​សមត្ថកិច្ច​បញ្ជាក់​ថា ជនសង្ស័យ​ទី​១​ ឈ្មោះ 0KAFOR IFEANYI ANTHONY និង​ទី​២​ឈ្មោះ ADIBE PASCHAL​។​

​បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត រក​ឃើញ ​និង​ដកហូត​ថ្នាំញៀន​ប្រភេទ កា​កូ​អ៊ី​ន ចំនួន ៧០ ដុំ ទម្ងន់​១២៧៧​ក្រាម​ ដែល​ជនល្មើស លេប​លាក់​ទុក​ក្នុង​ពោះ​៕