អ្នកណា​ក៏ដឹងដែរ ថ្នាំញៀន​វាយលុក​ពេញជនបទ​

ខេត្តកំពត ៖ ​ថ្នាំ​ញៀន​គឺជា​អាវុធ​​សាហាវ​បំផុត​ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​មូលដ្ឋាន​ទូ​ទាំង​ប្រទេស ​កំពុង​មានការ​ព្រួយ​បារ​ម្ភ ​ពី​ផ្នែក​​អសន្តិសុខ​ ដោយសារ​ជន​ប្រើប្រាស់​គ្រឿងញៀន​ បង្ក​ភាព​អសន្តិសុខ​គ្រប់​ទីកន្លែង​មិន​ថា ​ទីក្រុង​ ឬ​ជនបទ​នោះ​ឡើយ ​។

ដូច​ជា​ករណី​លួច ឆក់​ប្លន់​ជាដើម គឺ​ភាគច្រើន​កើត​ចេញពី​ជន​ដែល​ប្រើប្រាស់​គ្រឿងញៀន​ច្រើន​ជាងគេ​ នា​ពេល​បច្ចុប្បន្ន​នេះ ​។ ចំណែក​ទីផ្សារ​​​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ពី​មុន​កើត​មាន​តែ​នៅ​ទីប្រជុំជន​ ឬ​ក្នុង​ក្រុង​ទេ តែ​បច្ចុប្បន្ន​នេះ​ គ្រឿងញៀន​បាន​វាយលុក​ចូល​ដល់ទី​ជនបទ​ធ្វើ​ឲ្យ​ការ​ព្រួយបារម្ភ​ផ្នែក​អសន្តិសុខ​គ្រប់យ៉ាង​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទី​ជនបទ ដោយសារ​តែ​ជន​ប្រើប្រាស់​គ្រឿងញៀន​នេះ​ ។

កាលពី​​រសៀល​ថ្ងៃ​ទី​១២ ​​ឧសភា​ ២០១៦ ​នេះ​ ដោយសារ​មានការ​សហការ​​ពី​ពលរដ្ឋ​ល្អ​បាន​រាយ​ការ​ណ៍​ជូន​សមត្ថកិច្ច​ពី​បញ្ហា​គ្រឿង​ញៀន​ កំលាំង​នគរបាល​ស្រុក​បន្ទាយមាស ​បាន​សហការ​ជាមួយ​កំលាំង​ការិយាល័យ​កណ្តាល ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​​ដោយ​មានការ​សហការ​ និង​សម្របសម្រួល​ពី​លោក​មុត ដា​រ៉ា ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្ត​ ដឹកនាំ​កំលាំង​ផ្ទាល់​ដោយ​​លោក​ឧត្តមសេនីយត្រី អ៊ិ​ន ជីវ៉ា ស្នងការ​រង​ និង​ជា​នាយការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ចុះ​បង្ក្រាប​សំបុក​ជួញដូរ​ និង​ប្រើ​ប្រា​ស់​គ្រឿង​មួយ​កន្លែង​ ស្ថិត​នៅ​ចំណុច​ភូមិ​ច្រក​ឃ្លៃ ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ​។

ក្នុង​ករ​​​ណី​ចុះ​បង្ក្រាប​ខាងលើ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​៣នាក់​ និង​វត្ថុ​តាង​ថ្នាំញៀ​ន ​និង​សម្ភារ​​ប្រើប្រាស់​មួយ​ចំនួន​ ។