វិនាសកម្ម​ដោយ​ខ្យល់​កន្ត្រាក់​និង​រន្ទះ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ

ខេត្តកំពង់ចាម ៖ នា​រសៀល​ថ្ងៃ​ទី​១១ ខែឧសភា ភ្លៀង​បាន​ធ្លាក់​ស្រោចស្រព​លើ​ស្រុក​ចំនួន​៣ គឺ​ស្រុក​ស្ទឹង​ត្រង់ ស្រុក​ជើងព្រៃ និង​ស្រុក​បា​ធា​យ និង​លាយឡំ​ទៅ​ដោយ​ខ្យល់​កន្ត្រាក់​បោកបក់​យ៉ាង​ខ្លាំង​ផង ធ្វើ​ឱ្យ​លំនៅ​ឋាន​ចំនួន​៥៥៤​ខ្នង​រង​ការ​ខូចខាត ក្នុង​នោះ​មានរ​លំបាក់​រាប​ដល់​ដី របើក​ដំបូល របើក​ជញ្ជាំង ។ ជាមួយ​នេះ ក៏​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ចំនួន​៨​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ក៏​ត្រៀម​នាំ​យក​អំណោយ​ទៅ​ផ្តល់​ជូន​ដល់​អ្នក​រង​គ្រោះ​ផង​ដែរ ។

លោក​វរសេនីយ៍ទោ ប៉ាក ជាតិ  អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់ បាន​ឲ្យ​ដឹង​ថា ភ្លៀង​បាន​ធ្លាក់​មក​លើ​ភូមិ​ចំនួន​៦​ក្នុង​ឃុំ​ដងក្តារ ស្រុក​ស្ទឹង​ត្រង់ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែឧសភា រយៈពេល​ប្រមាណ​កន្លះ​ម៉ោង ។ បន្ថែម​ពីលើ​នេះ ក៏​មាន​ខ្យល់​ក​ន្ក្រា​ក់​បោកបក់​យ៉ាង​ខ្លាំង​បណ្តាល​ឲ្យ​លំនៅ​ឋាន​ចំនួន​៦៤​ខ្នង​ត្រូវ​ដួល​រលំ និង​របួស​មនុស្ស​ចំនួន​៤​នាក់ ក្នុង​នោះ​ធ្ងន់​ម្នាក់​ត្រូវ​បាន​លោក​អភិបាលស្រុក​ស្ទឹង​ត្រង់​បញ្ជា​ឲ្យ​រថយន្ត​របស់​មន្ទីរពេទ្យ​ស្រុក​ទៅ​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ចំពោះ​ទំហំ​នៃ​ការ​ខូចខាត គេ​មិន​ទាន់​ដឹង​ថា​គិត​ជា​ទឹកប្រាក់​អស់​ប៉ុន្មាន​នោះ​ទេ ។

ចំណែក​លោក​វរសេនីយ៍ទោ សំ ណា​ល់ អធិការ​នគរបាល​ស្រុក​បា​ធា​យ ប្រាប់​ឲ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​ដដែល​នោះ​ភ្លៀង​បាន​ធ្លាក់​មក​លើ​ឃុំ​ចំនួន​៤ ក្នុង​នោះ​មាន​ឃុំ​សណ្តែក ឃុំ​ត្រប់ ឃុំ​តាំងក្រសាំង និង​ឃុំ​ទំនប់ ព្រមទាំង​មាន​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​លំនៅ​ឋាន​តូច​ធំ​ត្រូវ​ដួល​រលំ​ខូចខាត​សរុប​ចំនួន​២៧៣​ខ្នង ក្នុង​នោះ​រលំ​រាប​ដល់​ដី​១៨​ខ្នង ខូចខាត​ធ្ងន់​២២​ខ្នង និង​ខូចខាត​ស្រាល​២៣៣​ខ្នង ។ រហូត​មក​ដល់​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល តាម​បណ្តា​ប៉ុស្តិ៍​នីមួយ​ៗ​បាន​រាយការណ៍​បន្ត​ទៀត គឺ​ទាំង​៤​ឃុំ​បាន​ខូចខាត​កើន​ដល់​ដល់​ជិត​៥០០​ខ្នង និង​រង​របួស​មនុស្ស​៤​នាក់ ក្នុង​នោះ​ធ្ងន់​២​នាក់​និង​ស្រាល​២​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ  ។

ស្នងការ​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​គ្រោះ​មហន្តរាយ​ខាងលើ​នេះ រូប​លោក​បាន​ឲ្យ​អធិការ​នគរបាល​ស្រុក​បា​ធា​យ និង​ស្រុក​ស្ទឹង​ត្រង់ ត្រៀមកម្លាំង​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា​នៅ​តាម​មូលដ្ឋាន​នីមួយ​ៗ គឺ​ត្រូវ​ចុះ​ទៅ​ជួយ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ការ​រលំ​ផ្ទះ ។ ប្រសិនណាបើ​មាន​សភាព​​ធ្ងន់ធ្ងរ​នោះ​ស្នើ​កម្លាំង​មក រូប​លោក​នឹង​ចាត់​ឲ្យ​កម្លាំង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចុះ​ទៅ​ជួយ​សាងសង់​លំនៅ​ឋាន​ឡើង​វិញ ហើយ​ក៏​ត្រៀម​គ្រប់​បែប​យ៉ាង​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​គ្មាន​ទីពឹង ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​នោះ​ទេ ។

លោក យូ ស្រ៊ុ​ន នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ប្រាប់​ឲ្យ​ដឹង​ដែរ​ថា គ្រោះ​ធម្មជាតិ​ខាងលើ​នេះ​បណ្តាល​ឲ្យ​លំនៅ​ឋាន​រង​ការ​ខូចខាត​ចំនួន​៥៥៤​ខ្នង ក្នុង​នោះ​នៅ​ស្រុក​ជើងព្រៃ​៦​ខ្នង ស្រុក​ស្ទឹង​ត្រង់​៦៤​ខ្នង និង​ស្រុក​បា​ធា​យ​៤៨៤​ខ្នង ហើយ​រូប​លោក​នឹង​រៀបចំ​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ដល់​អ្នក​រង​គ្រោះជា​បន្ទាន់​ដែរ ។   

នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា លោក លន់  លឹ​ម​ថៃ អភិបាលខេត្ត​បាន​ដឹកនាំ​កងកម្លាំង​ទាំង​៣ មាន​នគរបាល អាវុធហត្ថ និង​យោធា ទៅ​ជួយ​ជួសជុល​លំនៅ​ឋាន​ដែល​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​នេះ​នៅ​ឃុំ​ចំនួន​៤ ក្នុងស្រុក​បា​ធា​យ ។

មហន្តរាយ​នៅ​ស្រុក​ប្រាសាទ​បល្ល័ង្ក
ខេត្តកំពង់ធំ ៖ លំនៅ​ឋាន​ចំនួន​២០​ខ្នង នៅ​ស្រុក​ប្រាសាទ​បល្ល័ង្ក បាន​ដួល​រលំ​និង​របើក​ដំបូល ដោយ​ខ្យល់​កន្ត្រាក់​កាលពី​ល្ងាច និង​យប់​ថ្ងៃ​ទី​១០ ឧសភា ។

តាម​ការ​ឱ្យ​ដឹង​ពី​សំណាក់​លោក​អនុសេនីយ៍ឯក អៀ​ត គឹ​ម​អ័ន អធិការរង​នគរបាល​ស្រុក​ប្រាសាទ​បល្ល័ង្ក​ប្រាប់​ថា ភ្លៀង​បាន​បង្អុរ​ចុះ​តិច​ៗ​លាយឡំ​ជាមួយ​ផ្គរ​រន្ទះ ព្រមទាំង​ខ្យល់​កន្ត្រាក់​ផង​នេះ បាន​កើតឡើង​ចំនួន​៣​លើក បណ្តាល​ឱ្យ​ផ្ទះ​ចំនួន​១៨​ខ្នង ត្រូវ​របើក​ដំបូល និង​រលំ​ដល់​ដី  ។ លោក​ថា នៅ​ល្ងាច​ថ្ងៃ​ទី​១០ ឧសភា នៅ​ឃុំ​ផា​ន់​ញើ​ម​ប៉ះ​ពាល់​ភូមិ​ចំនួន​៤ ខូចខាត​ផ្ទះ​១០​ខ្នង ដួល​រលំ​២​ខ្នង និង​របើក​ដំបូល​៨​ខ្នង ។ លោក​ថា នៅ​វេលា​យប់​ថ្ងៃ​ដដែល​នេះ​ដែរ នៅ​ក្នុង​ឃុំ​ក្រយា ក្នុងភូមិ​អន្លង់​ជួរ​របើក​ដំបូល​២​ខ្នង និង​ខ្ទាត​ចេញពី​ជើង​សរសរ​ចំនួន​២​ខ្នង ។ ចំណែក​នៅ​ឃុំ​ទួល​គ្រើល ក្នុងភូមិ​ថ្នល់​រលំ​ផ្ទះ​ចំនួន​៤​ខ្នង ។

នៅ​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា លោក ទូច សុខា អភិបាលស្រុក​ប្រាសាទ​បល្ល័ង្ក​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​នាំ​យក​អំណោយ​ទៅ​ចែក​ជួន​ដល់​ប្រជាពលរដ្ឋ​ដែល​រលំ​ផ្ទះ ដោយ​ក្នុង​១​គ្រួសារ​ៗ​ទទួល​បាន​នូវ​អង្ករ​៥០​គីឡូម៉ែត្រ មី​១​កេស ទឹកក្រូច​១​កេស ត្រីខ​១​យួរ និង​ថវិកា​មួយ​ចំនួន ។

គ្រោះ​ធម្មជាតិ​សម្លាប់​មនុស្ស​៤​នាក់​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់
ខេត្តស្ទឹងត្រែង ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៤​នាក់ បាន​ស្លាប់​ដោយសា​រន្ទះបាញ់ និង​ខ្យល់​កន្ត្រាក់ កាលពី​យប់​ថ្ងៃ​ទី​១១ ឧសភា ស្ថិត​នៅ​ភូមិ​ឆ្វាំ​ង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។ គ្រោះ​ធម្មជាតិ​នេះ បាន​កើតឡើង​បន្ទាប់​ពី​ខេត្តស្ទឹងត្រែង​បាន​រង​នូវ​រលក​កម្តៅ​ខ្លាំង និង​ពុំ​មាន​ភ្លៀង​ធ្លាក់​អស់​ជា​ច្រើន​ខែ​កន្លង​មក ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំអាង បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២០​និង​៥​នាទី​យប់​ថ្ងៃ​ទី​១១ ឧសភា នៅ​ភូមិ​ឆ្វាំ​ង ឃុំ​សំអាង ភ្លៀង​បាន​ធ្លាក់​លាយឡំ​ដោយ​ខ្យល់​បោកបក់​យ៉ាង​ខ្លាំង ព្រមទាំង​ផ្គរលាន់​រន្ទះ​ធ្វើ​ឲ្យ​ផ្ទះ​មួយ​ខ្នង ត្រូវ​ដួល​រលំ​និង​សង្កត់​ស្ត្រី​ម្នាក់ បណ្តាល​ឲ្យ​របួសធ្ងន់ និង​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ដោយឡែក​នៅ​វេលា​ម៉ោង​ប្រហាក់ប្រហែល​គ្នា​នោះ​ដែរ កើត​មាន​រន្ទះបាញ់ បណ្តាល​ឲ្យ​បុរស​ចំនួន​២​នាក់ ស្លាប់​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​រង​របួសធ្ងន់​។ ប្រភព​ដដែល​បន្ត​ថា ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​មាន​ម្នាក់ ជា​ស្ត្រី​ត្រូវ​ផ្ទះ​រលំ​សង្កត់ និង​បុរស​ម្នាក់​ទៀត រង​របួស​ដោយសារ​រន្ទះបាញ់​នោះ បាន​ស្លាប់​ជា​បន្តបន្ទាប់​ផង​ដែរ ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំអាង​បាន​បន្ថែម​ថា ស្ត្រី​រង​គ្រោះ​មានឈ្មោះ យី​ន ភ័ន្ត អាយុ​៣៩​ឆ្នាំ មុខរបរ​ធ្វើ​ចំការ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ឃ្មុំ ឃុំ​ពោធិ៍​ទី ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ឆ្វាំ​ង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ដោយ​សភាព​របួស​ធ្ងន់ធ្ងរ​ពេក​។ ចំណែក​ជន​រង​គ្រោះ​របួសធ្ងន់​ដោយ​សារ​រន្ទះបាញ់​ឈ្មោះ សុំ ហៀ​ង បាន​ស្លាប់​ក្រោយ​ពេល​កើតហេតុ ។ នៅ​មាន​ជន​រង​គ្រោះ​ស្លាប់​នៅ​និង​កន្លែង​២​នាក់​ទៀត សមត្ថកិច្ច​កំពុងធ្វើការ​ទំនាក់ទំនង​រក​អត្តសញ្ញាណ ។

ជន​រង​គ្រោះ​ទាំង​៤​នាក់​ខាងលើ សុទ្ធ​សឹង​ជា​អ្នក​ចំណាក់ស្រុក មក​ប្រកប​របរ​ធ្វើ​ចំការ​នៅ​ខេត្តស្ទឹងត្រែង ។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ខាងលើ ត្រូវ​បាន​សាច់ញាតិ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ភូមិ​ឆ្វាំ​ង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។

ពាក់ព័ន្ធ​ការ​ធ្លាក់​ភ្លៀង​មាន​ផ្គរ​រន្ទះ​លាយឡំ​ខ្យល់​កន្ត្រាក់ នៅ​វេលា​យប់​ថ្ងៃ​ទី​១១ ឧសភា​២០១៦​នេះ​ដែរ លំនៅ​ឋាន​នៅ​ចំណុច​វាល​ព្រីង​ភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី ត្រូវ​ខ្យល់​កន្ត្រាក់​​បោកបក់ ដួល​រលំ​រង​ការ​ខូចខាត​ទាំងស្រុង​ដែរ តែ​មិន​បង្ក​ឲ្យ​ម្ចាស់ផ្ទះ​រងគ្រោះថ្នាក់​នោះ​ទេ ដោយសារ​មេឃ​ភ្លៀង​មាន​ខ្យល់ ពួក​គាត់​បាន​ចុះ​ចេញពីផ្ទះ​ទាន់​ពេលវេលា។

រន្ទះភ្លើង​ចាញ់​ចំ​ផ្ទះ ឆេះ​ស្លាប់​លោកយាយ​ពិការ​ម្នាក់
ខេត្តកំពង់ស្ពឺ ៖ ពិតជា​គួរ​ឱ្យ​ឣា​ណោ​ច​ឣ​ធ​ម​បំផុត ដែល​លោកយាយ​ពិការ​ម្នាក់​ត្រូវ​រន្ទះបាញ់​បណ្តាល​ឱ្យ​ឆេះ​ខ្លួន​ឡើង​ខ្លោច​ស្លាប់​យ៉ាង​វេទនា​បំផុត​ក្នុង​ភ្នក់ភ្លើង ។

គ្រោះ​អកុសល​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១១ ឧសភា នៅ​ភូមិ​ព្រៃ​ឬ​ស្សី ឃុំ​ជាំ​សង្កែ​ស្រុ​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ លោកយាយ​រង​គ្រោះ​មានឈ្មោះ មែ​ង ឡុ​ង ឣា​យុ​៦៩​ឆ្នាំ ជា​ជន​ពិការ​ជើង​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​ពី​មន្ដ្រី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ភ្លៀង​លាយឡំ​នឹង​ផ្គរ​រន្ទះ បាន​បក់​បោក​យ៉ាង​ខ្លាំង ព្រមទាំង​មាន​ខ្យល់​កន្ត្រាក់​ផង បាន​ធ្វើ​ឱ្យ​រលំ និង​របើក​ជញ្ជាំង​ព្រមទាំង​ប៉ើង​ដំបូលផ្ទះ​អស់​២២​ខ្នង ហើយ​មនុស្ស​ម្នាក់​ក៏​រង​របួស​ដោយ​ផ្ទះ​រលំ​សង្កត់​ក្នុង​បាតុភូត​ធម្មជាតិ​នេះ​ផង​ដែរ ។ អ្នក​ភូមិ​ម្នាក់​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ភ្លៀង​មួយ​មេ​មក ស្រាប់តែ​មាន​រន្ទះភ្លើង​យ៉ាង​ធំ​មួយ បាន​បាញ់​សំដៅ​ផ្ទះ​លោកយាយ​ខណៈ​លោកយាយ​កំពុង​នៅ​ក្នុងផ្ទះ​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​មួយ​រំពេច ព្រមទាំង​ឆក់​ជីវិត​គាត់​ក្នុង​ភ្នក់ភ្លើង​ស្លាប់​យ៉ាង​អាណោច​អធម​បំផុត ។ ឣ្ន​កភូមិ​បន្ត​ថា ពិតជា​គួរ​ឱ្យ​ឣា​សូរ​លោកយាយ​ពន់ពេក​ណាស់ នៅ​ពេល​ដែល​ប្រទះ​នូវ​ហេតុការណ៍​ឣា​ក្រក់​បែប​នេះ ។ គាត់​ខំ​ចូល​ទៅ​ជ្រក​ក្នុងផ្ទះ​ហើយ មិន​គួរ​ណា​មក​ជួប​រឿង​ឣ​កុសល​បែប​នេះ​ទៀត ។

ក្រោយ​កើតហេតុ ក្រុម​គ្រួសារ​ព្រមទាំង​ឣ្ន​កភូមិ​បាន​រៀបចំ​ធ្វើបុណ្យ​តាម​ប្រ​ណ​ពៃ​ណី​នៅ​ភូមិ​កើតហេតុ ។ នេះ​ជា​គ្រោះ​អកុសល​ដ៏​កម្រ​មួយ​ដែល​មិន​ធ្លាប់​កើត​មាន​កន្លង​មក​ទេ ដែល​រន្ទះភ្លើង​បាញ់​ឆេះ​ផ្ទះ​ស្លាប់​មនុស្ស​បែប​នេះ ៕