មិនដឹង​យ៉ាងម៉េច​ទេ ស្រាប់តែ​ប្រុង​លោត​ពីលើ​ស្ពាន

ខេត្តកណ្ដាល ៖ ស្ត្រី​រូបរាង​ស្អាតបាត​អាយុ​ប្រហែល​៣០​ឆ្នាំ​ម្នាក់​បាន​ដើរ​ឡើង​លើ​ស្ពាន​ព្រែក​សំរោង​ក្នុង​គោលបំណង​លោតទឹក​សម្លាប់​ខ្លួន តែ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាប់​ទាន់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៦ នៅលើ​ស្ពាន​ព្រែក​សំរោង ក្រុង​តាខ្មៅ ។

នគរបាល​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា សូ​ម្បី​តែ​ឈ្មោះ​ខ្លួនឯង​ក៏​ស្ត្រីជន​ជាតិចិន​រូប​នោះ​មិន​ចាំ​ដែរ ប៉ុន្តែ​បាន​ប្រាប់​ថា ស្នាក់​នៅ​ម្ដុំ​ផ្សា​រកា​ណា​ឌី​យ៉ា រាជធានី​ភ្នំពេញ ។ ស្ត្រីជន​ជាតិចិន​រូប​នោះ​មិន​ចេះ​និយាយ​ខ្មែរ​ទេ គាត់​បាន​និយាយ​ជា​ភាសាចិន​ប្រាប់​អ្នក​បក​ប្រែ​ថា គាត់​មិន​មាន​បំណង​លោត​ពីលើ​ស្ពាន​សម្លាប់​ខ្លួន​ទេ គ្រាន់តែ​ចង់​ដើរ​លេង​ប៉ុណ្ណោះ និង​ប្រាប់​យ៉ាង​ខ្លី​ថា ដើរ​ករ​ប្ដី តែ​មិន​ប្រាប់​ថា ប្ដី​ប្រក​ម​មុខរបរ​អ្វី​នោះ​ឡើយ ដែល​តាម​ការ​និយាយ​ស្តី ស្ត្រី​រូប​នេះ​ហាក់បីដូចជា​មនុស្ស​បែក​ថ្នាំ​ញៀន ។

នគរបាល​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រីជន​ជាតិចិន​រូប​នេះ​ដើរ​ពី​គល់​ស្ពាន ត្រើយ​ខាងលិច​ឡើង​ទៅ​លើ​ស្ពាន​ក្នុង​ទឹកមុខ​មាន​វិបត្តិ​ព្រមទាំង​យំ​បណ្ដើរ​ផង ក៏​ត្រូវ​បាន​គេ​រាយការណ៍​មក​ប្រាប់​នគរបាល ពេល​នគរបាល​ទៅ​ដល់​បានឃើញ​ស្ត្រី​រូប​នោះ​ស្ទុះ​ឡើង​បង្កាន់ដៃស្ពាន​ប្រុង​លោត​ទឺ​ក ។ ពេល​នោះ​នគរបាល​បាន​ស្ទុះ​ទៅ​ចាប់​ទាញ​ស្ត្រី​នោះ​មក​វិញ​ទាន់​រួច​នាំ​មក​សាកសួរ​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​តា​ខ្មៅ ប៉ុន្តែ​ស្ត្រីជន​ជាតិចិន​រូប​នោះ និយាយ​ដូច​ជា​មិនសូវ​ដឹង​ខុស​ត្រូវ​ទេ ហាក់ដូចជា​មនុស្ស​បែក​ថ្នាំ ។

មាន​សាក្សី​និយាយ​ថា កាលពី​៦-៧​ថ្ងៃមុន គេ​បានឃើញ​ស្ត្រី​រូប​នោះ​ដើរ​នៅ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ដោយ​មាន​កាន់​ទូរ​សព្ទ័​ដៃ​១​គ្រឿង ហៅ​គេ​ឱ្យ​ទិញ ថា​យក​លុយ​ទិញ​បាយ​ហូប ព្រោះ​ចាញ់ល្បែង​អស់​លុយ​រលីង​ហើយ គ្មាន​លុយ​ទិញ​បាយ​ហូប​ទេ ស្រាប់តែ​ព្រឹក​នេះ​(​ព្រឹក​ថ្ងៃ​ទី​១៣​ឧសភា​)​គេ​បានឃើញ ប៉ង​លោត​ពីលើ​ស្ពាន​សម្លាប់​ខ្លួន​តែ​ត្រូវ​នគរបាល​ជួយ​ទាន់ ៕