មន្ត្រី​ការពារ​ជាតិ​អះអាង​ថា កាកសំណល់​គ្រាប់បែក​ចង្កោម​នៅតែ​ជា​ក្តី​បារម្ភ​

មន្ត្រី​ការពារ​ជាតិ​អះអាង​ថា កាកសំណល់​គ្រាប់បែក​ចង្កោម​នៅតែ​ជា​ក្តី​បារម្ភ​



​ភ្នំពេញ ​៖ គ្រាប់បែក​ចង្កោម ដែល​បន្សល់​ពី​សម័យ​សង្គ្រាម​ហើយ​ ដែល​កំពុង​នៅ​រាយប៉ាយ​នៅ​តំបន់​មួយ​ចំនួន​នោះ ​កំពុង​ក្លាយ​ជា​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ ព្រោះថា​កាកសំណល់​គ្រាប់​ផ្ទុះ​ទាំងនោះ​នៅ​មិនទាន់​ត្រូវ​បាន​បោសសម្អាត​នោះ​ឡើយ។

លោក​ឧត្ដមសេនីយ៍​ឯក ចៅ ភិ​រុណ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​ នៃ​ក្រសួងការពារជាតិ​បាន​លើក​ឡើង​នៅ​ក្នុង​វេទិកា​សាធារណៈ ក្រោម​ប្រធានបទ «​បញ្ហា​ទូទាំង​សកល​លោក ពាក់ព័ន្ធ​នឹង​សំណល់​គ្រាប់បែក​ចង្កោម​ និង​អនុសញ្ញា​ ស្ដីពី​គ្រាប់បែក​ចង្កោម​» ​នៅ​សណ្ឋាគារ រ៉ា​ហ្វ​ល ឡឺ​រ៉ូយ៉ាល កាល​ថ្ងៃ​ទី​១២​ឧសភា​នេះ​ ដោយមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ជាច្រើន​រួមមាន តំណាង​ស្ថានទូត​ជប៉ុន​ និង​តំណាង​ស្ថានទូត​ឡាវ ព្រមទាំង​តំណាង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ទៀត ។

លោក ចៅ ភិ​រុណ បាន​បញ្ជាក់​ថា ​«​រាជរដ្ឋាភិបាល​ នៅ​តែ​មាន​កង្វល់​យ៉ាង​ខ្លាំង​ទាក់ទិន​ទៅ​នឹង​គ្រាប់បែក​ចង្កោម។ គ្រាប់បែក​ចង្កោម​យ៉ាង​ច្រើន ត្រូវ​បាន​គេ​ប្រើ​នៅ​លើ​ទឹកដី​កម្ពុជា ហើយ​គ្រាប់បែក​ចង្កោម​ទាំងនោះ ​ក៏​មិនទាន់​ត្រូវ​បាន​បោសសម្អាត​ឲ្យ​ជ្រះស្រឡះ​ពី​ភូមិសាស្ត្រ​សម្រាប់​ប្រកប​រកស៊ី​របស់​ប្រជាពលរដ្ឋ​»។

លោក​ឧត្ដមសេនីយ៍​ឯក ចៅ ភិ​រុណ បាន​លើក​ឡើង​ថា គ្រាប់បែក​ចង្កោម គឺជា​ប្រភេទ​អាវុធ​ផ្ទុះ ដែល​បាន​សេសសល់​តាំងពី​សម័យ​សង្គ្រាម ជាពិសេស​ក្នុង​អំឡុង​ឆ្នាំ​១៩៧០​ និង​ឆ្នាំ​១៩៧៥។ លោក​ថា កាកសំណល់ ​នៃ​គ្រាប់បែក​ចង្កោម កំពុង​រាតត្បាត និង​ប៉ះពាល់​ដល់​សន្តិសុខ ព្រម​ទាំង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា នៅ​បណ្ដា​ខេត្ត​មួយ​ចំនួន ជាពិសេស​តំបន់​ដែល​ធ្លាប់​មាន​សង្គ្រាម​ក្នុង​អតីតកាល។

លោក​ឧត្ដមសេនីយ៍​រូប​នេះ​បាន​ពន្យល់​ថា គ្រាប់បែក​ចង្កោម ជា​ប្រភេទ​គ្រាប់បែក​ដែល​មាន​លក្ខណៈ​ប្លែក​ ហើយ​បើ​តាម​ការសិក្សា​កន្លងមក គ្រាប់បែក​ចង្កោម​ដែល​មាន​នៅ​កម្ពុជា ភាគច្រើន​គឺជា​គ្រាប់កាំភ្លើង​ធំ​ផង និង​គ្រាប់​ទម្លាក់​ផង។

លោក ចៅ ភិ​រុណ​ថា តំបន់​ភាគ​ឦសាន​រួមមាន ​ខេត្ត​ព្រះវិហារ ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌល​គិរី ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា ជា​តំបន់​ដែល​មាន​គ្រាប់បែក​ចង្កោម​ច្រើនជាងគេ ដែល​បង្កក្ដី​កង្វល់​យ៉ាង​ខ្លាំង​ដល់​ប្រជាជន​ក្នុង​តំបន់​ទាំងនោះ៕